(ភ្នំពេញ)៖ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានប្រកាសបញ្ជាក់អំពីជំហរយ៉ាងមុតមាំក្នុងការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដនានាក្នុងឆ្នាំនេះ។

ក្នុងឱកាសអញ្ជើញជាសហធិបតីភាពជាមួយលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ លោកសន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា ម៉ោងនេះកម្លាំងសមត្ថកិច្ចទាំងអស់មិនត្រូវគិត ឬខ្វាយខ្វល់ថា ទីតាំងដែលពាក់ព័ន្ធនោះជារបស់អ្នកណា ឬអ្នកណានៅពីក្រោយនោះទេ ពោលត្រូវតែងចាត់វិធានការភ្លាមៗ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំនេះយើងត្រូវប្ដេជ្ញាចិត្តដាច់ខាត គឺលុបបំបាត់ឲ្យបានការជួញដូរ ប្រើប្រាស់គ្រឿងញៀន នៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដនានា។ ម៉ោងនេះសូមកុំគិតថាទីតាំងជារបស់អ្នកណា, អ្នកណានៅពីក្រោយ ឲ្យតែមានការពាក់ព័ន្ធ គឺត្រូវចាត់វិធានការភ្លាម»។

ក្នុងន័យនេះ លោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានក្រើនរំលឹកគណៈកម្មការទទួលបន្ទុកអនុវត្តវិធានការរដ្ឋបាល ត្រូវសហការជាប់ជាប្រចាំ ជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្នុងការចុះត្រួតពិនិត្យរដ្ឋបាល អប់រំ និងធ្វើកិច្ចសន្យា ជាមួយម្ចាស់អាជីវកម្មទីតាំងនានា ដើម្បីលុបបំបាត់ការជួញដូរប្រើប្រាស់គ្រឿងញៀនក្នុងទីតាំងរបស់ខ្លួន។ ការងារនេះអភិបាលរាជធានី-ខេត្ត ជាអ្នកទទួលបន្ទុកអនុវត្តលើយន្ដការដែលមានស្រាប់ ព្រោះជាអ្នកដឹងអំពីមូលដ្ឋានទីតាំងភូមិសាស្ដ្រជាក់ស្ដែង។

ដោយឡែក ចំពោះវិធានការអនុវត្តច្បាប់វិញ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ត្រូវសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែន យកចិត្តទុកដាក់ការ នាំចូលគ្រឿងញៀនពីក្រៅប្រទេស តាមគោក អាកាស ទឹក និងបញ្ញើប្រៃសណីយ៍ ជាពិសេសផ្លូវគោកតាមប្រទេសជិតខាង និងត្រូវពង្រឹងកិច្ចសហការជាមួយខេត្តជាប់ព្រំដែន ដើម្បីបង្កើនការផ្លាស់ប្តូរព័ត៌មាន បង្ការ ទប់ស្កាត់ ទាន់ពេល។

គណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវម្ចាស់ការ បុរេសកម្ម ក្នុងការអនុវត្តច្បាប់ម៉ឺងម៉ាត់ ចំពោះបទល្មើសគ្រឿងញៀន ស្រាវជ្រាវ តស៊ូករណី ពន្លាត ឲ្យដល់ឫសគល់ និងមេខ្លោង សហការជាប់ជាប្រចាំ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ។ សមត្ថកិច្ចដែលមានភារកិច្ចតាមព្រំដែន និងច្រកទ្វារអន្តរជាតិ ត្រូវបង្កើនការត្រួតពិនិត្យ ទប់ស្កាត់ ការនាំចូលគ្រឿងញៀន តាមអាកាសយានដ្ឋាន ច្រកទ្វារ។

បើទោះបីវិធានការច្បាប់ម៉ឺងមាត់យ៉ាងណាក្ដី ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏មិនភ្លេចលើកឡើងអំពីវិធានការផ្សព្វផ្សាយអប់រំផងដែរ ពោលត្រូវផ្សព្វផ្សាយអប់រំដោយឈរលើគោលការណ៍ ទាន់សម័យ និងមានប្រសិទ្ធភាព។ លោកបញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាមធ្យោបាយក្នុងការរាយការណ៍អំពីករណីគ្រឿងញៀនដ៏មានប្រសិទ្ធភាពខ្ពស់បំផុត ដូច្នេះត្រូវជំរុញការផ្សព្វផ្សាយ ជំរុញការប្រើប្រាស់នៅតាមមូលដ្ឋាន។

ក្នុងនាមប្រធានគណៈបញ្ជាការយុទ្ធនាការ និងប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោកអភិសន្តិបណ្ឌិត ស សុខា អនុប្រធានគណៈបញ្ជាការ, ប្រធានគណៈកម្មការ, ក្រុមការងារ អន្តរក្រសួង និងលេខាធិការដ្ឋានទាំងអស់ ចំពោះការចូលរួមអនុវត្តផែនការយុទ្ធនាការលើកទី៩ ក្នុងឆ្នាំ២០២៤ កន្លងទៅទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។

លោកបានបង្ហាញសុទិដ្ឋិនិយម និងជំនឿយ៉ាងមុតមាំថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នឹងទទួលបានលទ្ធផលផ្លែផ្កាប្រកបដោយប្រសិទ្ធភាពខ្ពស់ដូចគ្នាផងដែរ និងសូមសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ សូមអនុវត្តតាមផែនការសកម្មភាពន គណៈបញ្ជាការដែលបានដាក់ចេញ, ខ្លឹមសារអនុសាសន៍របស់លោកអភិសន្តិបណ្ឌិត ស សុខា រួមជាមួយនឹងអនុសាសន៍គន្លឹះរបស់លោក ដើម្បីឲ្យផែនការយុទ្ធនាការលើកទី១០ ទទួលបានជោគជ័យ ត្រចះត្រចង់ ដូចការគ្រោងទុកផងដែរ។

ជាមួយគ្នានេះ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ញើសារព្រមានដល់ដែលពាក់ព័ន្ធនឹងបទល្មើសនេះ ត្រូវដកខ្លួនចេញ និងកែប្រែឥរិយាបថជាបន្ទាន់ ព្រោះចាប់ពីម៉ោងនេះតទៅ គឺការត្រូវអនុវត្តនូវពាក្យស្លោក ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺលែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ ពោលរាជរដ្ឋាភិបាលនឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង។

មួយវិញទៀត ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានដាស់តឿនដល់មន្ដ្រីពន្ធនាគារទូទាំងប្រទេស ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះការបើកដៃឲ្យមានការជួញដូរគ្រឿងញៀន និងប្រព្រឹត្តិសកម្មភាពផ្សេងដែលផ្ទុយពីច្បាប់កំណត់នោះ។ លោកគូសបញ្ជាក់ថា សព្វថ្ងៃអ្នកជាប់ពន្ធនាគារណែន ណាន់តាន់តាប់ ដែលរហូតដល់ម៉ោងនេះគឺមាន៥៥,០០០នាក់ជាងហើយ ដោយក្នុងនោះពីជាង៣០ទៅ៤០ភាគរយ គឺជាប់ពាក់ព័ន្ធគ្រឿងញៀន។

លោកបានដាក់បទបញ្ជា ដល់មន្ត្រីពន្ធនាគារទូទាំងប្រទេស ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះការបើកដៃឲ្យមានការជួញដូរគ្រឿងញៀន និងប្រព្រឹត្តិសកម្មភាពផ្សេងដែលផ្ទុយពីច្បាប់កំណត់។ ខណៈកន្លងទៅនៅពន្ធនាគារមួយចំនួន បានបើកដៃឲ្យអ្នកទោស ប្រើប្រាស់ទូរស័ព្ទ, ប្រើប្រាស់កាតវេរលុយទៅក្រៅប្រទេស, និងកើតមានការជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារជាដើម៕