(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជួបសំណេះសំណាលជាមួយតំណាងយុវជន តំណាងអ្នកសារព័ត៌មាន (ស្រ្តី) តំណាងសមាគមន៍អ្នកសារព័ត៌មាន តំណាងព្រះសង្ឃ និងតំណាងអ្នកមានប្រជាប្រិយភាពលើបណ្ដាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅសាលព្រះវិហារ ទីស្ដីការក្រសួងព័ត៌មាន។

ការជួបសំណេះសំណាលនេះ បានធ្វើឡើងដើម្បីពិភាក្សាចែករំលែកនូវព័ត៌មាន និងមតិយោបល់ផ្សេងៗទៅវិញទៅមក ដែលមានលោក ទេព អស្នារិទ្ធ ជាតំណាងរបស់ក្រសួងព័ត៌មាន ជាមួយអ្នកតំណាង ដែលនឹងត្រូវឡើងថ្លែងចំណាប់អារម្មណ៍របស់ខ្លួន នៅថ្ងៃបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ឬ «Say No to Fake News!» ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ខាងមុខ។

នៅក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការ ក្រៅតែពីការចែករំលែកនូវព័ត៌មានទៅកាន់អ្នកតំណាងខាងលើ លោកបានបង្ហាញពីចំណាប់អារម្មណ៍របស់លោក ជុំវិញការទប់ស្កាត់ព័ត៌មានក្លែងក្លាយផងដែរ។ លោកសង្ឃឹមនឹងជឿជាក់ថា ក្រោយការដាក់ចេញនូវយុទ្ធនាការដ៏សំខាន់មួយនេះ បើសិនជាមានប្រជាពលរដ្ឋអាចទទួលបានព័ត៌មានពីយុទ្ធានាការនេះប្រមាណ៥០% នៃប្រជាជនសរុបទូទាំងប្រទេស នោះហើយជាជោគជ័យរបស់យុទ្ធនាការ។ ជោកជ័យរបស់យុទ្ធនាការ ដេលផ្ដោតសំខាន់ធ្វើឱ្យការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋនឹងកាន់តែត្រឹមត្រូវ និងមានសុវត្ថិភាព។

សូមជម្រាបថា «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» «Say No to Fake News!» គឺដើម្បីរួមគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ហើយផ្តល់នូវចំណេះដឹង និងការចេះបញ្ជាក់ពីប្រភេទព័ត៌មានពិត និងព័ត៌មានក្លែងក្លាយជូនដល់សាធារណជន។ យុទ្ធនាការនេះគឺជាផ្នែកមួយក្នុងការផ្តល់នូវសុវត្ថិភាពជូនទៅដល់អ្នកសារព័ត៌មាន និងផ្តល់សុវត្ថិភាពដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលព័ត៌មាន ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៕