(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការវិវត្តថ្មីៗក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងវិធានការណ៍ជាយុទ្ធសាស្រ្តពាក់ព័ន្ធ» នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។
កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមដោយវាគ្មិនកិត្តិយស ដែលសុទ្ធសឹងជាអ្នកជំនាញក្នុងវិស័យបរធនបាលកិច្ច, វិស័យសំណង់ និងអចលនទ្រព្យ, វិសយធនាគារ និងវិស័យអចលនវត្ថុ រួមមាន៖
ទី១៖ លោក សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច
ទី២៖ លោកបណ្ឌិត ហូ ចាន់ថា អគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ទី៣៖ លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា
ទី៤៖ លោក ចាន់ ម៉ាច អគ្គនាយកនៃធនាគារហ្វីលីព ភីអិលស៊ី
និងទី៥៖ លោក ស៊ា ឆៃលីន អនុប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
នៅក្នុងកម្មវិធីនេះ វាគ្មិនកិត្តិយសបានផ្តោតការពិភាក្សាជាសំខាន់លើទស្សនទានវិស័យអចលនវត្ថុ និងតួនាទីនៃយន្តការបរធនបាលកិច្ច, គោលនយោបាយ និងវិធានការយុទ្ធសាស្រ្ត ដើម្បីជំរុញការអភិវឌ្ឍ និងដំណោះស្រាយបញ្ហាប្រឈម ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ក៏ដូចជាភាពធន់ ភាពរឹងមាំ ក្នុងវិស័យធនាគារនៅកម្ពុជា ក្នុងបរិការណ៍ឌីជីថល ព្រមទាំងការចូលរួមគាំទ្រពាក់ព័ន្ធនានា ក្នុងការជំរុញការអភិវឌ្ឍវិស័យបរធនបាលកិច្ច នៅកម្ពុជាផងដែរ។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ និងលោក លោកស្រីតំណាងឱ្យនិយ័តករទាំងអស់ក្រោមឱវាទរបស់ អ.ស.ហ. ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវឧកញ៉ា លោក លោកស្រី តំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ក្រុមហ៊ុនផ្ដល់សេវាសវនកម្ម និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងសិក្ខាកាមនៃកម្មវិធីវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៦ ផងដែរ៕