(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមការងារ សហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍសម្រាប់ការអនុវត្តមុខងារសេសសល់នៃ អ.វ.ត.ក. បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកទី២ ដែលមានការអញ្ជើញចូលរួមពីលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន១៤។

ជាកិច្ចចាប់ផ្តើមនៃកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលឹកដល់គុណឧបក្ការៈដ៏ជ្រាលជ្រៅបំផុតដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបានផ្តួចផ្តើមគំនិតក្នុងការបង្កើតឱ្យមាន អ.វ.ត.ក. ដែលតុលាការ កូនកាត់គំរូមួយ, បានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមដោយផ្ទាល់ក្នុងនីតិវិធីតុលាការ, ជាតុលាការដែលបានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ដោយសម្រេចបានតាមគោលដៅនៃការកសាងសន្តិភាព ដោយផ្អែកតាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គោលនយោបាយឈ្នះ ឈ្នះ ហើយជាពិសេស ក៏បានចូលរួមចំណែកក្នុងការសម្រេចបាននូវឯកភាពទឹកដីដែលជាងរយៈពេលជាង៥០០ឆ្នាំមកនេះ មិនដែលមាន។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ ក៏បានលើកឡើងអំពីទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលផ្តល់សារៈសំខាន់ដល់ការងារកេរដំណែលរបស់សម្តេចតេជោ ក្នុងគោលដៅពង្រឹង និងថែរក្សាសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។

បន្ទាប់ពីបានស្តាប់របាយការណ៍វឌ្ឍនភាពរបស់លោក ហែម ក្រាញ់តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. រួចមក ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ អ.វ.ត.ក. ដែលកំពុងសម្រេចបានទាំង នៅក្នុងកំឡុងពេលដំណើរការកាត់សេចក្តីរយៈពេល១៦ឆ្នាំ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ ​និងទាំងដំណើរការអនុវត្តមុខងារសេសសល់របស់ អ.វ.ត.ក. សម្រាប់ឆ្នាំ២០២៣-២០២៤ និងដែលបានបន្សល់ទុកនូវកេរដំណែលដ៏សំខាន់ និងមានគុណតម្លៃខ្ពស់ក្នុងការពង្រឹងសន្តិភាព និងការផ្សះផ្សារជាតិ តាមរយៈការផ្សព្វផ្សាយនិងការអប់រំអំពីសច្ចភាពប្រវត្តិសាស្រ្ត ក្នុងន័យយល់ដឹង ចងចាំ និងបង្ការការវិលត្រលប់មកវិញមកវិញនូវអំពើសាហាវយង់ឃ្នងនិង ប្រល័យពូជសាសន៍នៅកម្ពុជា។

អង្គប្រជុំ ក៏បានពិភាក្សា និងឯកភាពលើខ្លឹមសាររួមស្តីពីសេចក្តីព្រាងឯកសារទស្សនាទានស្តីពីការបង្កើតស្ថាប័នកេរដំណែលរបស់អ.វ.ត.ក. នាពេលអនាគត។ ស្ថាប័នកេរដំណែលដែលគ្រោងបង្កើតនេះ មានគោលដៅ៖

*ទី១៖ គ្រប់គ្រង និងថែរក្សាបណ្ណសារ ព្រមទាំងបង្កើតឡើងនូវសារៈមន្ទីរស្តីពីដំណើរការកាត់សេចក្តីរបស់ អ.វ.ត.ក. ដែលមានលក្ខណៈជាប្រវត្តិសាស្រ្ត
*ទី២៖ លើកកម្ពស់ការបណ្តុះបណ្តាល និងជំរុញឱ្យមានការស្រាវជ្រាវទៅលើសមិទ្ធផល បទពិសោធ និងយុត្តិសាស្រ្តដ៏មានតម្លៃរបស់អ.វ.ត.ក.
*ទី៣៖ លើកកម្ពស់ដល់ការអប់រំ និងការផ្សព្វផ្សាយឱ្យបានទូលំ-ទូលាយដល់យុវជនជំនាន់ក្រោយ និងសាធារណជន ក្នុងការទប់ស្កាត់អំពើសាហាវឃោរឃៅ និងអំពើប្រល័យពូជ-សាសន៍នៅកម្ពុជា ថ្នាក់តំបន់និងអន្តរជាតិ
*ទី៤៖ កសាងភាពជាដៃគូជាមួយ ស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងគោលដៅលើកកម្ពស់គុណតម្លៃសន្តិភាព ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ និងការផ្សះផ្សារជាតិ។

ទាក់ទងនិងការបង្កើតស្ថាប័នកេរដំណែលរបស់អ.វ.ត.ក. នាពេលអនាគត ឧបនាយករដ្ឋមន្រ្តីប្រចាំការ បន្ថែមថា ស្ថាប័នកេរដំណែលនេះ ជាស្ថាប័នជាតិដែលមានភាពជាម្ចាស់ និងក៏មានលក្ខណៈបើកទូលាយផងដែរ ដល់អង្គការជាតិនិងអន្តរជាតិ និងដៃគូពាក់ព័ន្ធចូលរួមសហប្រតិបត្តិការ ជាពិសេសទាក់ទងទៅនឹងការលើកកម្ពស់កេរដំណែលរបស់អ.វ.ត.ក. ការអប់រំ ការផ្សព្វផ្សាយ ការស្រាវជ្រាវស៊ីជម្រៅកម្រិតជាតិនិងអន្តរជាតិ និងការគាំទ្រដល់ជនរងគ្រោះនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ក៏ដូចជាការលើកស្ទួយនៃវប្បធម៌សន្តិភាព ការអភិវឌ្ឍ និងយុត្តិធម៌ជា សកល ដែលជាគុណតម្លៃស្នូលរបស់កម្ពុជានាពេលបច្ចុប្បន្ន។

នៅចុងបញ្ចប់ អង្គប្រជុំ បានពិភាក្សា និងសម្រេចផងដែរទៅលើគម្រោងរៀបចំប្រារព្ធទិវាជាតិនៃការចងចាំនាថ្ងៃ២០ ឧសភា ២០២៥ ខាងមុខ ឱ្យបានអធិកអធមនិងប្រកបដោយអត្ថន័យនិងខ្លឹមសារ និងដើម្បីបន្តអនុវត្តការងារ ផ្សព្វផ្សាយអំពីសមិទ្ធផលនិងកេរដំណែលរបស់ អ.វ.ត.ក. ឱ្យកាន់តែទូលំទូលាយ នៅក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីចូលរួមទប់ស្កាត់អំពើឃោរឃៅបែបនេះកុំឱ្យកើតឡើងសាជាថ្មីនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជាលើការងារនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានស្នើសុំក្រសួង ស្ថាប័នពាក់ព័ន្ធបន្តចូលរួមនិងពង្រឹងកិច្ចសហការឱ្យមានលក្ខណៈជវភាព ដើម្បីសំដៅទប់ស្កាត់ការវិលត្រលប់មកវិញនូវអំពើប្រល័យពូជសាសន៍នៅកម្ពុជា និងរក្សាបាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

https://image.freshnewsasia.com/2021/id-022/fn-2025-03-12-19-21-19-2.JPG https://image.freshnewsasia.com/2021/id-022/fn-2025-03-12-19-21-20-3.JPG

https://image.freshnewsasia.com/2021/id-022/fn-2025-03-12-19-21-38-8.JPG https://image.freshnewsasia.com/2021/id-022/fn-2025-03-12-19-21-39-9.JPG https://image.freshnewsasia.com/2021/id-022/fn-2025-03-12-19-21-40-10.JPG https://image.freshnewsasia.com/2021/id-022/fn-2025-03-12-19-21-40-11.JPG https://image.freshnewsasia.com/2021/id-022/fn-2025-03-12-19-21-40-12.JPG https://image.freshnewsasia.com/2021/id-022/fn-2025-03-12-19-21-41-13.JPG https://image.freshnewsasia.com/2021/id-022/fn-2025-03-12-19-21-42-14.JPG