បណ្ដាញព័ត៌មាន Fresh News បន្ដទទួលប័ណ្ណសរសើរពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន (Video inside)
12-03-2025 17:18
(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានផ្តល់ប័ណ្ណសរសើរ ជូនបណ្ដាញព័ត៌មាន Fresh News បន្ទាប់ពីបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងផ្សព្វផ្សាយអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្ដាញព័ត៌មាន Fresh News ជាអ្នកអញ្ជើញចូលរួមទទួលដោយផ្ទាល់ ក្នុងពិធីផ្សព្វផ្សាយផែនការស្ដីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១០ ក្រោមអធិបតីភាព លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
លិខិតសរសើរដែលប្រគល់ដោយឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានសរសេរយ៉ាងដូច្នេះថា «សូមកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃ អង្គភាពព័ត៌មាន Fresh News ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក»។
សូមជម្រាបថា ជាប្រចាំថ្ងៃ បណ្ដាញព័ត៌មាន Fresh News បានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយសារអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅកម្ពុជា។
ជាមួយគ្នានេះ Fresh News នៅតែបន្តប្តេជ្ញាចិត្ត ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយអប់រំ ដើម្បីរួមចំណែកលុបបំបាក់គ្រឿងញៀននៅកម្ពុជា៕