(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីហ្សូ អាបេ មានឱកាសអាចនឹងនៅបន្តកាន់អំណាចរហូតទាល់តែផុតព្រឹត្តិការណ៍ អូឡាំពិកឆ្នាំ២០២០ ដែលនឹងប្រារព្ធឡើងនៅក្នុងទីក្រុងតូក្យូ ហើយនឹងក្លាយជាអ្នកដែលដឹកនាំប្រទេសជប៉ុន មានរយៈពេលយូរជាងគេបំផុត បន្ទាប់ពីសមាជិកគណបក្សរបស់លោក បានសម្រេចចិត្តអនុញ្ញាតឲ្យប្រធានគណបក្សរបស់ពួកគេកាន់តំណែងបីអាណត្តិជាប់គ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០១៦។
បទបញ្ញាត្តិរបស់គណបក្សប្រជាធិបតេយ្យសេរី ឬហៅកាត់ថា LDP របស់លោក ស៊ីហ្សូ អាបេ កំណត់ឲ្យប្រធានរបស់ខ្លួនអាច កាន់តំណែងបានត្រឹមតែពីរលើកជាប់គ្នាប៉ុណ្ណោះ ហើយការផ្លាស់ប្តូរដែលបន្ថែមឲ្យមានលើកទីបី នឹងត្រូវរៀបចំជាផ្លូវការនៅក្នុងសន្និបាតមួយរបស់ LDP ដែលនឹងប្រព្រឹត្តទៅនៅខែមិនាឆ្នាំ២០១៧។
ជាមួយគ្នានេះដែរ ក្បួនច្បាប់ដែលត្រូវផ្លាស់ប្តូរដោយ LDP អាចផ្តល់ឱកាសដ៏ល្អមួយសម្រាប់ឲ្យលោក អាបេ សម្រេចគោលបំណងដែលពោរពេញ ទៅដោយភាពចម្រូងចម្រាសរបស់លោក ក្នុងការចង់កែប្រែរដ្ឋធម្មនុញ្ញសន្តិភាពនិយមក្រោយសង្រ្គាម ដែលត្រូវបានមហាជនខ្លះកោតសរសើរថា ជាពន្លឺនៃលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែអ្នកអភិរក្សនិយមជាច្រើនយល់ថា វាជានិមិត្តសញ្ញាដ៏អាម៉ាស់នៃការចាញ់សង្រ្គាមលោកលើកទីពីររបស់ប្រទេសជប៉ុន។
គួរបញ្ជាក់ថា លោក ស៊ីហ្សូ អាបេ បានបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិទីពីរ កាលពីខែធ្នូឆ្នាំ២០១២ ខណៈឥឡូវនេះលោកកំពុងតែស្ថិតនៅក្នុង តំណែងជាប្រធានគណបក្ស LDP នៅក្នុងអណត្តិទីពីរ ដែលនឹងត្រូវបញ្ចប់នៅខែកញ្ញា ឆ្នាំ២០១៨ ផងដែរ ហើយបើលោក ស៊ីហ្សូ អាបេ នៅតែអាចជាប់ឆ្នោតធ្វើ ជាប្រធានគណបក្ស LDP បន្តទៀត ហើយគណបក្សនេះនៅតែបន្តក្តោបក្តាប់អំណាចដដែលនោះ លោកនឹងក្លាយជានាយករដ្ឋមន្រ្តីជប៉ុន រហូតដល់ខែកញ្ញា ឆ្នាំ២០២១៕