(ពោធិ៍សាត់)៖ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា, និងភរិយា អ្នកឧកញ៉ា លីហៀក រតនា បានរៀបចំពិធីបុណ្យបែបប្រពៃណីសាសនាដ៏ធំមួយ ដែលមានរយៈពេល ៣ថ្ងៃ ៣យប់ ចាប់ពីថ្ងៃទី៩-១១ ខែមីនា ឆ្នាំ២០២៥ ដើម្បីបញ្ចុះខណ្ឌសីមា និងសម្ពោធ ព្រះវិហារថ្មី (ឧបោសថាគារ) នៅក្នុងវត្ដមណីរតនារាម ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានតម្លៃជាង១លានដុលា្លរអាមេរិក ក្រោមការឧបត្ថម្ភសាងសង់របស់អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងភរិយា, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងភរិយា រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងនិងក្រៅប្រទេស។

ក្នុងពិធិបុណ្យដ៏ធំនេះ ក៏មានការបាញ់កាំជ្រួចអមចំនួន ៣យប់ជាប់ៗគ្នាផងដែរ ចាប់ពីថ្ងៃទី៨ មីនា ដើម្បីចូលរួមអបអរខួបទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមមូលបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងស្រុកភូមិ និងភ្ញៀវកិត្ដិយសជាច្រើនកុះករខ្ទង់ម៉ឺននាក់ រីករាយស្វាគមន៍ពេលវេលាដ៏ល្អនេះ។

សម្រាប់ថ្ងៃទី១នៃកម្មវិធីបុណ្យ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ២រសៀល សម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងព្រះប្រធានលេខារដ្ឋានគណៈនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគុណរាជធានីភ្នំពេញ បាននិមន្ដជាអធិបតី, ហើយក៏មានរៀបចំពិធីនិមិតសីមា និងវត្ថុសក្ការៈផ្សេងៗក្នុងទីលាននៃអារាម និងព្រះវិហារ​ នាំយកទៅតម្កល់ក្នុងឧបោសថាគារ រួចមកនមស្សការព្រះរតនត្រ័យវេរឧបាសថាគារ និងនិមិតសីមា ប្រគេនព្រះសង្ឃ ហើយស្វាធ្យាយព្រះបរិត្ដ ដោយព្រះព្រហ្មាភិតែ កែ កន រតនប្បញ្ញោព្រះពោធិវង្សាវិមល មេគុណខេត្ដពោធិ៍សាត់ និងជាព្រះចៅអធិការវត្ដ កែវវិជ័យ។ រួចមកនៅវេលាម៉ោង ៧យប់ ក្រោយព្រះធម៌ទេសនា ដង្ហែរកម្រងផ្កាប្រទីបជ្វាលា និងដុតកាំជ្រួច បូជាព្រះរតនត្រ័យ, បន្ទាប់មកនៅវេលាម៉ោង ៩យប់ ព្រះសង្ឃធ្វើសីមាកម្ម (ជាន់តារាង) ដឹកនាំសង្ឃកម្ម ដោយសម្ដេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន។

លុះថ្ងៃទី២នៃកម្មវិធីបុណ្យ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៦ព្រឹក ប្រគេនយាគូព្រះសង្ឃ ហើយវេលាម៉ោង ៨ព្រឹកទទួលការនិមន្ដ និងប្រទានធម្មទេសនារបស់សម្ដេចព្រះពោធិវង្សគតិបណ្ឌិត ណយ ច្រឹក (ចន្ទប្បជោតោ) សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ដ ចន្ទបុរីវង្ស ហៅវត្ដសំរោងខាងជើង។ នៅវេលាម៉ោង ១១ថ្ងៃត្រង់ ប្រគេនភត្ដាហារចំពោះព្រះសង្ឃ បន្ទាប់មកនៅរសៀលម៉ោង២ នមស្សកាសមាទានសីល ស្វាធ្យាយព្រះបរិត្ដ ទទួលការនិមន្ដដល់ និងប្រទានធម្មទេសនា សម្ដេចព្រះព្រហ្មរតនមុនី ពិនសែម ( សិរីសុវណ្ណោម) ឧត្ដមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាជិកថេរសភាព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ដ រាជបូណ៌ ខេត្ដសៀមរាប។ ក្នុងវេលាម៉ោងប្រមាណ ៦ល្ងាច ដង្ហែរព្រះសិរីរឹតធាតុ ផ្កាកម្រង គ្រឿងក្រអូបប្រទីបជ្វាលា និងដុតកាំជ្រួច បូជាព្រះរតនត្រ័យ ហើយនៅវេលាម៉ោង ៨នាទីយប់ ធម្មសន្ទនា ដោយធម្មវាគ្មិន ជាសង្ឃ និងគ្រហស្ថ ដែលចូលរួមដោយ ឧបាសក សាន សុជាផងដែរ ។

ដល់ថ្ងៃទី៣នៃកម្មវិធីបុណ្យ ដែលត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ៥ទៀបភ្លឺ ប្រារព្ធពិធីកាត់ឬសសីមា ក្រោមអធិបតីភាព ព្រះព្រហ្មាភិតែ កែ កន, រួចមកព្រះសង្ឃស្វាធ្យាយ ពុទ្ធជ័យមង្គល ឆ្លងបុណ្យ ហើយនៅវេលាម៉ោង ៦ព្រឹក ប្រគេនយ៉ាគូ ចំពោះព្រះសង្ឃ។

នៅវេលាម៉ោង ៨នាទីព្រឹក ថ្ងៃដដែលនេះ បានប្រារព្ធកម្មវិធីកាត់ខ្សែបូរសម្ពោធជាផ្លូវការ ព្រះវិហារថ្មី (ឧបោសថាគារ) និងសមិទ្ធផលនានា ក្នុងវត្ដមណីរតនារាម ក្រោមអធិបតីភាព លោកបណ្ឌិត សួន រិនឌី លេខាធិការគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា និងជាតំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ និងភរិយា រួមទាំងមានការអញ្ជើញជាកិត្តិយស ពីសំណាក់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា, អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងភរិយា អ្នកឧកញ៉ា លីហៀក រតនា , លោកជំទាវ ខៀវ បុប្ផាផល ភរិយា នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងមានការចូលរួមពីលោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត មន្ត្រីរាជការ គណ:កម្មការអាចារ្យវត្ត យាយជី តាជី ជនពិការកំបុតដៃទាំងពីរ ដែលអញ្ជើញមកពីទូទាំងប្រទេស ប្រជាពុទ្ធបរិស័ទ លោកគ្រូអ្នកគ្រូ ក្រុមយុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ គណៈអភិបាលខេត្ដពោធិ៍សាត់ លោក ខូយ រីដា បានអញ្ជើញឡើងធ្វើរបាយកាណ៍ស្វាគមន៍ពីសមិទ្ធផលលេចជារូបរាងដ៏វិសេសវិសាលនាពេលនេះ ដែលជាសទ្ធាជ្រះថ្លារបស់អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងភរិយា អ្នកឧកញ៉ា លីហៀក រតនា ព្រមទាំងកូន និងចៅ, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ និងភរិយា ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជនទាំងឡាយ ដែលបានចូលរួមចំណែក ក្នុងវិស័យព្រះពុទ្ធសាសនា ទុកជាកេរ្តិ៍តំណែល និងជាប្រវត្តិសាស្ត្រ សម្រាប់កូនខ្មែរគ្រប់ជំនាន់ បានគោរពប្រណិបត្តិ។

ក្រោយស្ដាប់នូវរបាយការណ៍ស្វាគមន៍ដ៏កក់ក្ដៅរបស់គណៈអភិបាលខេត្ដពោធិ៍សាត់រួចមក អ្នកឧកញ៉ាបណ្ឌិត ជា រតនា បានឡើងថ្លែងពីរបាយការណ៍សាងសង់ព្រះវិហារថា «ខ្ញុំបាទ និងភរិយា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំងញាតិមិត្តជិតឆ្ងាយ និងពុទ្ធបរិស័ទចំណុះជើងវត្ត ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ (ឧបោសថាគារ) ក្នុងវត្តមណីរតនារាម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ថ្ងៃទី៩-១០-១១ ខែមីនា ឆ្នាំ២០២៥»។

អ្នកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានគូសរម្លឹកថា ព្រះវិហារ (ឧបោសថាគារ) បានចាប់ផ្តើមកសាង នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ក្រោមកិច្ចដឹកនាំរបស់ភិក្ខុ វជិរប្បញ្ញោ សាន សុជា ជាចៅអធិការវត្តក្នុងកាលណោះ និងដោយរូបលោក ព្រមទាំងភរិយាផ្ទាល់។ ព្រះវិហារនេះមានខឿនបីជាន់ ដោយយកតាមរចនាបទវិមានឯករាជ្យ រចនាបទបុរាណ ជាពិសេសរចនាបទវត្តភ្នំដូនពេញ សារមន្ទីរជាតិ ព្រះបរមរាជវាំង និងច្រកមុខប្រាសាទអង្គរវត្តទិសខាងលិច។ អ្នកឧកញ៉ាបណ្ឌិតបន្តថា សម្រាប់ការចំណាយលើការសាងសង់ព្រះវិហារនេះ សរុបជាទឹកប្រាក់ ១លាន១សែនដុល្លារសហរដ្ឋអាមេរិក ក្រោមការចូលរួមអ្នកឧកញ៉ាបណ្ឌិត និងភរិយា រួមទាំងពុទ្ធបរិស័ទចំណុះជើងវត្តក្នុង និងក្រៅប្រទេស។ បន្ទាប់មកអ្នកឧកញ៉ាបណ្ឌិត ជា រតនា ក៏បានបន្ដសំណេះសំណាលជាមួយជនពិការកំបុតដៃទាំងពីរ។

ជាមួយគ្នានេះ លោកបណ្ឌិត សួន រិនឌី បានញ្ជើញឡើងមានប្រសាសន៍​ ដោយបង្ហាញក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ក្នុងវត្តមណីរតនារាម ។លោកបណ្ឌិតបានបញ្ជាក់ថា បន្ទាប់ពីការសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់នៅព្រះវិហារដែលទើបកសាងថ្មីនេះ នឹងក្លាយជាទីសក្ការៈបូជា សម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទ ប្រើបា្រស់បំពេញបុណ្យកុសលផ្សេងៗ ទៅតាមពុទ្ធានុញ្ញាត ហើយព្រះវិហារនេះ នឹងក្លាយជាទីសេនាសនៈដ៏សំខាន់មួយក្នុងចំណោមកុដិ ឧបដ្ឋានសាលារបស់វត្តនេះ ។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរបាយការណ៍របស់អាជ្ញាធរខេត្ត ដែលបានរំលេចឱ្យឃើញពីការខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានារបស់ខេត្តពោធិ៍សាត់ ដែលធ្វើឱ្យខេត្តមួយនេះមានការរីកចម្រើនគួរជាទីមោទនៈ ។

លោកបណ្ឌិត សូន រិនឌី ក៏បានលើកឡើងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺជាគោលនយោបាយគាំពារប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ហើយគោលនយោបាយនេះ គឺជាក្តីសង្ឃឹមយ៉ាងកក់ក្ដៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបន្តពីរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ទន្ទឹមនឹងនោះ លោកបណ្ឌិត សូន រិនឌី បានគូសរម្លឹកផងដែរពីប្រវត្ដិនៃការងារក្នុងសកម្មភាពមនុស្សធម៌ ជាមួយអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងគណៈអភិបាលខេត្ដពោធិ៍សាត់ ដែលអស់រយៈពេល ៥ឆ្នាំមកនេះ គឺទទួលបានសមិទ្ធផលជាផ្លែផ្កាជាច្រើន ជូនជាតិ និងប្រជាជន ជាពិសេសគឺបានកសាងអនុសាខាកាកបាទក្រហមកម្ពុជាទូទាំងខេត្ដពោធិ៍សាត់ ។ជាងនេះទៅទៀត គឺបានប្រគល់នូវរថយន្ដគិលានសង្គ្រោះជាច្រើនគ្រឿង ដែលជាអំណោយរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាផ្ទាល់របស់សម្ដេចតេជោ និងអ្នកឧកញ៉ា លីហៀក រតនា។

សូមជម្រាបថា ក្រៅពីធ្វើបុណ្យដ៏ធំនេះ ដែលជាសមិទ្ធផលមិនអាចកាត់ថ្លៃបាននេះ ក្នុងការជួយជ្រោមជ្រែង និងទ្រទ្រង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនេះ ក្នុងឱកាសនោះអ្នកឧកញ៉ាបណ្ឌិត ជា រតនា ដែលសង្គមតែងស្ងប់ស្ងែងលើគ្រប់ការងារ រួមទាំងការងារមនុស្សធម៌របស់លោក ក្នុងការជួយប្រជាជន និងប្រទេសជាតិ ក៏បានចែកទានផងដែរដល់​ជនងាយរងគ្រោះបំផុត គឺជនពិការកំបុតដៃទាំងពីរ ចំនួន ១៨៥នាក់ ដោយម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភ ១លានរៀល អាវយឺត១ និងអាហារថ្ងៃត្រង់ រួមទាំងភេសជ្ជៈ និងជនពិការមិនត្រូវតាមលក្ខខណ្ឌរបស់មូលនិធិចំនួន ១៤នាក់ ក៏ទទួលបានថវិកាក្នុងម្នាក់ៗចំនួន ១០ម៉ឺនរៀលផងដែរ រួមទាំងអាហារថ្ងៃត្រង់ និងភេសជ្ជ:។

ជាងនេះទៅទៀត អ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លីហៀក រតនា បានចូលរួមចែកទានជាមួយគណៈអធិបតីលោកបណ្ឌិត សួន រិនឌី និងភរិយា និងគណៈអភិបាលខេត្ដពោធិ៍សាត់ ជូនដល់ដូនជី តាជី ប្រមាណ២០០, ប្រជាពលរដ្ឋជាពុទ្ធបរិស័ទជាង ២០០នាក់, សិស្សានុសិស្ស ចំនួន ២០០នាក់ និងយុវជនស្ម័គ្រចិត្ដមកពីអង្គភាព ចំនួន៥ សរុប ២០០នាក់ និងអ្នកចូលរួមជាច្រើនពាន់នាក់ទៀត៕