(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាបានកាត់បន្ថយការនាំចូលប្លាស្ទិក ៨៤ភាគរយ ដែលចំណុចនេះជាសញ្ញាណវិជ្ជមាន ដើម្បីឱ្យកម្ពុជាបោះជំហានទៅរកភាពស្អាតចីរភាព និងបៃតង។
កាលពីខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសចាប់ផ្តើមអនុវត្តគម្រោងមួយមានឈ្មោះថា «ជំរុញបរិយាកាសដែលអំណោយផលដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា (ហៅកាត់ជាភាសាអង់គ្លេសថា BESD)»។ គោលបំណងមួយក្នុងចំណោមគោលបំណងនានានៃគម្រោង BESD គឺប្រយុទ្ធប្រឆាំងការបំពុលបរិស្ថានដោយសារប្លាស្ទិកនៅកម្ពុជា តាមរយៈវិធីសាស្រ្ត៤យ៉ាង 4R (បដិសេធមិនប្រើប្រាស-Refuse កាត់បន្ថយ-reduce ប្រើប្រាស់ឡើងវិញ-reuse និងកែច្នៃឡើងវិញ-recycle)។
លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួងក្នុងការសម្របសម្រួលរួមសម្រាប់ អនុវត្តគម្រោងស្ដីពី «ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក» ថា «ការចូលកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក គឺសំខាន់តាមស្ថិតិរបស់គយ ការនាំចូលថង់ប្លាស្ទិក ត្រូវបានកាត់បន្ថយ៨៤ភាគរយ បើប្រៀបធៀបនៅឆ្នាំ២០២៣ និង២០២៤ គឺកាត់បន្ថយ៨៤ភាគរយហើយ»។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានប្រឹងប្រែងបណ្តុះភាពស្អាតដល់សិស្សានុសិស្ស ប្រមាណ ៣.៦លាននាក់។ ពួកគាត់ឈប់ប្រើប្រាស់ថង់ប្លាស្ទិក គឺដើម្បីអនាគតក្រុមគ្រួសាររបស់ពួកគាត់ ហើយរួមគ្នាឈប់ប្រើប្រាស់ថង់ប្លាស្ទិកដោយខ្លួនឯងតែម្តង។ នេះជាចំណុច នៃការចាប់ផ្តើមនៃភាពស្អាតរបស់កម្ពុជា ឈានឆ្ពោះទៅភាពស្អាតដោយចីរភាពរយៈពេលវែង។
ជាមួយនឹងសកម្មភាពសម្អាតកម្ពុជាឱ្យស្អាតមិនបំពុលដោយសំរាមថង់ប្លាស្ទិកហោះពាសវាលពាសកាល, ត្រូវបានរដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ថា លោកនឹងបំពាក់ធុងដាក់សំរាមនៅគ្រប់សាលារៀនទាំងអស់ ក្នុងក្របខណ្ឌទូទាំង ប្រទេសកម្ពុជា ក្នុងន័យធ្វើយ៉ាងណាសម្រួលដល់ការទុកដាក់សំរាម ថង់ប្លាស្ទិក ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រមូល សម្រាប់កែច្នៃ និងកម្ទេចចោលតាមលក្ខណៈបច្ចេកទេសជាដើម។
លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីផែនការសំរាមបឹងទន្លេសាប តាមជំហានៗ ដើម្បីធ្វើយ៉ាងសង្គ្រោះបឹងទន្លេសាបពីការបំពុលដោយសំរាម និងថង់ប្លាស្ទិក។ ដូច្នេះសូមរោងចក្រ សហគ្រាសដែលទទួលបានការវិនិយោគ សូមចូលរួមទាំងអស់គ្នា ជាមួយក្រសួងបរិស្ថាន ដើម្បីធ្វើការវិនិយោគដោយស្អាតស្អុំ ចីរវភាព និងបៃតង កាលណាកាលវិនិយោគ ប៉ុន្តែបរិស្ថាននៅជុំវិញរោងចក្រត្រូវបានបំពុល ឬខូចខាតនោះ គឺមិនមែនជាវិនិយោគបៃតងនោះទេ។
«ខ្ញុំអំពាវនាវហើយ អំពាវនាវទៀត (រោងចក្រ សហគ្រាស) តែមិនមានន័យថា ខ្ញុំអត់អនុវត្តច្បាប់នោះទេ។ ច្បាប់គឺអនុវត្ត ដឹងខ្លួនខុសកែកំហុស ឱ្យហើយទៅ កុំឱ្យខ្ញុំ និងមន្ត្រីក្រសួងបរិស្ថាន ចាប់បាន ពីព្រោះខ្ញុំធ្វើការបម្រើប្រជាជន ខ្ញុំត្រូវការបម្រើប្រជាជន រួមជាមួយខ្ញុំទៅដើម្បីប្រជាជនយើង»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត អ៊ាង សុផល្លែត។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បង្ហោះសារផ្តាំផ្ញើដល់បណ្តាអ្នកវិនិយោគទាំងអស់ សូមរួមគ្នាគិតគូរលើការវិនិយោគបៃតង ពីព្រោះការមិនវិនិយោគបៃតងនោះទេ នឹងបង្កឱ្យមានការប្រែប្រួលអាកាសធាតុជាសកល។
ទូទាំងសកលលោកទាំងមូល បរិមាណប្លាស្ទិកសរុបកើនឡើងដល់ ៨,៣ពាន់លានតោន ស្មើនឹងទម្ងន់ដំរី ១ពាន់លានក្បាល នៅឆ្នាំ២០១៥ ប៉ុន្តែមានតែប្លាស្ទិកប្រមាណជា ៩% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញបាន ហើយ៩១%ទៀត ត្រូវបានគេយកទៅចាក់នៅទីលានចាក់សំរាម បោះចោលទៅក្នុងទឹក ទន្លេ បឹងបួរ និងហូរចូលទៅក្នុងសមុទ្រ។ ជារៀងរាល់ឆ្នាំ មានការផលិតប្លាស្ទិកមានបរីមាណប្រហែលជាជាង ៤០០លានតោន។
ប្លាស្ទិកដែលប្រើតែម្តងរួចបោះចោលមានច្រើនប្រភេទដូចជា៖ ថង់ប្លាស្ទិក បំពង់បឺតប្លាស្ទិក កែវប្លាស្ទិក ប្រអប់ស្នោរ ប្លាស្ទិកដាក់អាហារ និងដបប្លាស្ទិកជាដើម។ ការប្រើប្រាស់យ៉ាងទំលំទូលាយបែបនេះ គឺដោយសារតែភាពងាយស្រួយរកបាន មានតម្លៃថោក និងភាពជាប់បានយូររបស់វា ក៏ប៉ុន្តែ ប្លាស្ទិកទាំងនេះបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន។
បរិមាណប្លាស្ទិកនឹងកើនឡើងពី ៨,៣ពាន់លានតោន ក្នុងឆ្នាំ២០១៥ រហូតដល់ ១២ពាន់លានតោនក្នុងឆ្នាំ២០៥០ ប្រសិនបើនិន្នាការនៃការប្រើប្រាស់ និងទម្លាប់គ្រប់គ្រងសំណល់ប្លាស្ទិកនាពេលបច្ចុប្បន្ននេះនៅតែបន្តទៅមុខទៀតបែបនេះ៕