(កោះកុង)៖ ក្រុមការងារ និងនិស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ហៅកាត់ អ.ម.ត ខេត្តកោះកុង បាននាំយកអំណោយរបស់សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់​ចាស់​ជរា​ប្រមាណ ១៥០នាក់ រស់នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។

អំណោយទាំងនោះ រួមមាន៖ ភួយ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀត។ កាយវិការដ៏សប្បុរសនេះ ជាការចូលរួមរបស់ក្រុមការងារ និងក្រុមនិស្សិតអាហារូបករណ៍ អ.ម.ត ក្នុងការងារសង្គម និងបណ្តុះផ្តត់គំនិតដល់និស្សិតអាហារូបករណ៍ អ.ម.ត ឱ្យមាន​ទឹកចិត្តជួយយកអាសារគ្នា និងគោរពដឹងគុណចំពោះចាស់ព្រឹទ្ធាចារ្យ ប្រកបដោយទឹកចិត្ត​សប្បុរសធម៌ និងមនុស្សធម៌។
ក្នុងឱកាសនោះដែរ លោកយាយលោកតា បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក សូមជួយតាមបីបាច់ថែរក្សាប្រោះព្រំសព្ទសាធុ ការពរជ័យគ្រប់ប្រការជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមសមប្រកបដោយព្រះពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕