(ត្បូងឃ្មុំ)៖ ទស្សនកិច្ចនៅខេត្តត្បូងឃ្មុំ លោក សាន់តូ ដារម៉ូស៊ូម៉ារតូ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ អាចជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងប្រជាជន និងប្រជាជនឱ្យកាន់ស្និទ្ធស្នាល។ លោកបានលើកទឹកចិត្តឱ្យនិស្សិតខេត្តត្បូងឃ្មុំ ស្វែងរកឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមការលើកឡើងរបស់លោក ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានធ្វើនៅក្នុងជំនួបជាមួយអភិបាលខេត្តត្បូងឃ្មុំ លោក ប៉ែន កុសល្យ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥។

ជាការឆ្លើយតប លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងខេត្តត្បូងឃ្មុំ និងប្រទេសឥណ្ឌូនេស៊ី ក្នុងភាពជាបងប្អូនក៏អាចជួយពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

នៅក្នុងឱកាសនោះសហគមន៍ឥស្លាមនៅក្នុងខេត្តត្បូងឃ្មុំ បានបង្ហាញឱកាសដ៏ល្អសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើផលិតផលហាឡាល រួមមានម្ហូបអាហារ ម៉ូដសម្លៀកបំពាក់ និងទេសចរណ៍។ នេះបើតាមការលើកឡើងរបស់លោក សាន់តូ ដារម៉ូស៊ូម៉ារតូ។

ឯកអគ្គរដ្ឋទូតបានស្វាគមន៍សំណើររបស់អភិបាលខេត្ត ប៉ែន កុសល្យ ដើម្បីអនុញ្ញាតឱ្យផលិតផលឥណ្ឌូនេស៊ី ដែលមានវិញ្ញាបនបត្រហាឡាល ចូលរួមបង្ហាញនៅក្នុងពិធីបុណ្យអុំទូកខេត្តត្បូងឃ្មុំឆ្នាំ២០២៥នេះ។ លោកអភិបាលក៏បានលើកទឹកចិត្តដល់វិនិយោគិនឥណ្ឌូនេស៊ី មកអភិវឌ្ឍន៍ និងវិនិយោគ លើវិស័យកសិកម្មដ៏មានសក្តានុពលរបស់ខេត្តត្បូងឃ្មុំផងដែរ។

នៅដំណើរទស្សនកិច្ចក្នុងខេត្តត្បូងឃ្មុំនេះ លោក សាន់តូ ក៏បានជួបប្រជុំពិភាក្សាជាមួយប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ លោក សុខ ហ៊ាង និងសមាជិកសភាដទៃទៀត។ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា «កិច្ចប្រជុំនេះមានតម្លៃសម្រាប់ខ្ញុំក្នុងការស្វែងយល់បន្ថែមអំពីឱកាសអាជីវកម្ម និងបញ្ហាប្រឈមនៅខេត្តត្បូងឃ្មុំ ដែលនេះជាការផ្តល់នូវមូលដ្ឋានសម្រាប់ការបង្កើតកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ»។

បន្ទាប់ពីកិច្ចប្រជុំ លោក សាន់តូ បានទៅទស្សនាចម្ការស្វាយចន្ទី ដើម្បីស្វែងយល់អំពីសក្តានុពលនៃការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ឥណ្ឌូនេស៊ី។ លោកក៏បានស្វែងយល់អំពីទីផ្សារក្នុងស្រុក និងសង្កេតឃើញថា មានសក្តានុពលខ្លាំងសម្រាប់ផលិតផលឥណ្ឌូនេស៊ី ដែលអាចចូលទៅកាន់ទីផ្សារក្នុងខេត្តត្បូងឃ្មុំនេះ។

សូមជម្រាបថា ជំនួបរវាងឯកអគ្គរដ្ឋទូត និងអភិបាលខេត្តត្បូងឃ្មុំនេះ គឺជាផ្នែកមួយនៃកម្មវិធី «រ៉ាម៉ាដានសាហ្វារី» របស់លោកឯកអគ្គរដ្ឋទូត ដែលចូលមកខេត្តចំនួនពីរ ដែលមានម៉ូស្លីមច្រើនគឺ ខេត្តកំពង់ចាម និងត្បូងឃ្មុំ។ ក្នុងកិច្ចពិភាក្សា លោកទាំងពីរបានពិភាក្សាពីវិធីសាស្ត្រផ្សេងៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌូនេស៊ី និងខេត្តត្បូងឃ្មុំ៕