(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានដាក់ចេញទិសដៅ និងផែនការសកម្មភាពសំខាន់ៗ ចំនួន១២ចំណុច ដើម្បីជំរុញក្នុងការអនុវត្ដការងារ លើវិស័យអាកាសចរណ៍ស៊ីវិល។

ការដាក់ទិសដៅការងារនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញជាអធិបតីបិទ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារអាកាសចរណ៍ស៊ីវិល ឆ្នាំ២០២៤ និងលើក ទិសដៅបន្តអនុវត្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ថ្លែងក្នុងពិធីបិទសន្និបាត លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ដាក់ចេញនូវទិសដៅ និងផែនការសកម្មភាពសំខាន់ៗ បន្ថែមមួយចំនួនដូចខាងក្រោម៖

១៖ ជំរុញ និងសម្រេចឱ្យបាននូវការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស ចំនួន៧.៥លាននាក់ និងទំនិញចំនួន៨០ពាន់តោន នៅក្នុងឆ្នាំ២០២៥។

២៖ បន្តខិតខំការពារសេចក្តីព្រាងច្បាប់អាកាសចរណ៍ស៊ីវិលថ្មី ជាមួយស្ថាប័ននីតិ-ប្បញ្ញត្តិ ដើម្បីទទួលបានការអនុម័តយល់ព្រម និងប្រកាសដាក់អនុវត្ត។

៣៖ បន្តខិតខំការពារសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ២០២៥-២០៣៥ ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រកាសដាក់អនុវត្ត។

៤៖ បន្តជំរុញការចរចា កែសម្រួល និងចុះហត្ថលេខាកិច្ចព្រមព្រៀងស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាទ្វេភាគី ជាមួយប្រទេសហ្វ៊ីលីពីន ជប៉ុន ឥណ្ឌូណេស៊ី ចក្រភពអង់គ្លេស និងប៉ាគីស្ថាន ព្រមទាំងពហុភាគីអាស៊ានរវាងអាស៊ាន និងនូវែលសេឡង់។

៥៖ ខិតខំរៀបចំឱ្យរួចរាល់ និងទាន់ពេលវេលា លើទិដ្ឋភាពច្បាប់ និងបច្ចេកទេស ដើម្បីទទួលនូវកម្មវិធីសវនកម្មត្រួតពិនិត្យសុវត្ថិភាពរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ-ICAO Coordinated Validation Mission - ICVM ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។

៦៖ សម្របសម្រួល និងខិតខំផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន ឱ្យទាន់ពេលវេលា និងរៀបចំផ្ទេរជើងហោះហើរទាំងអស់ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការ នៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។

៧៖ ខិតខំដោះស្រាយរាល់បាតុភាពអសកម្មទាំងឡាយណា ដែលអាចកើតមានឡើង មុនពេលដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

៨៖ ត្រូវបន្តខិតខំដោះស្រាយការផ្ទេរដីសម្បទាន ជូនអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ឱ្យបានឆាប់ និងពិនិត្យកែសម្រួលប្លង់មេនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋាន ស្របតាមលក្ខណៈបច្ចេកទេស។

៩៖ បន្តជំរុញឱ្យមានការហោះហើរជាតិ និងអន្តរជាតិ ជាលក្ខណៈជួល (Charter Flights) កាន់តែច្រើនឡើងថែមទៀត ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ។

១០៖ បន្តខិតខំកៀងគរចំណូលចូលថវិការដ្ឋតាមផែនការកំណត់ និងដាក់វិធានការតឹងទារ ចំពោះបណ្តាក្រុមហ៊ុនដែលជំពាក់រដ្ឋរ៉ាំរ៉ៃ។

១១៖ បន្តខិតខំស្វែងរកប្រភពទុនវិនិយោគ អាចជារូបភាព ដៃគូរដ្ឋ និងឯកជន (Public and Private Partnership – PPP) ដើម្បីសាងសង់អាកាសយានដ្ឋានខេត្តមណ្ឌល គិរី និងបាត់ដំបង។

១២៖ រៀបចំផែនការបញ្ជូនមន្ត្រីជំនាញ មន្ត្រីអធិការកិច្ច និងមន្ត្រីបន្តវេន ចូលរួមវគ្គបណ្តុះបណ្តាលសំខាន់ៗ ដើម្បីធានានិរន្តរភាពការធានាសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍។

១៣៖ បន្តជួយគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍របស់ព្រះរាជាណាចក្រកម្ពុជាអាចមានលទ្ធភាព កាន់តែទូលំទូលាយថែមទៀត ដើម្បីបើកដំណើរការជើងហោះហើរអន្តរជាតិ។

១៤៖ ជំរុញ និងសម្រួលនីតិវិធី ដើម្បីគាំទ្រដល់ការរៀបចំជើងហោះហើរថ្មី របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ ក្រុមហ៊ុន អាកាសចរណ៍ Etihad Airways ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ និងក្រុមហ៊ុន អាកាសចរណ៍ Emirates Airlines ពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ ក៏បានជំរុញ និងលើកទឹកចិត្ត ដល់លោក លោកស្រី និងមន្ត្រីរាជការ ដែលពាក់ព័ន្ធទាំងអស់ ត្រូវប្តេជ្ញាចូលរួមអនុវត្តឱ្យបានសម្រេចនូវទិសដៅ និងផែនការសកម្មភាពទាំង១៤ខាងលើ រួមទាំងទិសដៅការងារផ្សេងៗទៀត ដែលបានលើកឡើងក្នុងសន្និបាត ប្រកបដោយប្រសិទ្ធភាពបំផុត ក្នុងឆ្នាំ២០២៥៕