(កោះកុង)៖ នៅក្នុងបច្ចុប្បន្ន ចំណេះដឹង និងសុខុមាលភាព គឺជាមូលដ្ឋានគ្រឹះនៃការលូតលាស់របស់បុគ្គល និងសង្គមដែលទន្ទឹមនឹងនេះ ព្រឹត្តិការណ៍ទិវាជាតិអំណានប្រារព្ធឡើង ដើម្បីរម្លឹកដល់ស្នាដៃ អក្សរសាស្រ្ត ការចូលរួមការពារពង្រឹងវប្បធម៌ និងអរិយធម៌ខ្មែរ ព្រមទាំងបណ្ដុះទម្លាប់អានពេញមួយជីវិត។

ដោយឡែក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅអនុវិទ្យាល័យដងទង់ ខេត្តកោះកុង ក៏បានប្រារព្ធព្រឹត្តិការណ៍អប់រំ នីបប៉ុន ២០២៥ ដើម្បីអបអរសាទរទិវាជាតិអំណាន ថ្ងៃទី១១ មីនា ទិវាសុខភាពពិភពលោក ៧ មេសា និងទិវាសិទ្ធិនារី ៨មីនា ដោយមានការអញ្ជើញជាអធិបតីភាពពីលោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង ដែលជាតំណាងរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

រួមសហការរវាងអង្គការមណ្ឌលគាំទ្រការអប់រំ គីហ្សូណា ក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង កម្មវិធីត្រូវបានចូលរួមយ៉ាងកុះករពីសំណាក់បុគ្គលិកអប់រំសិស្សានុសិស្ស និងសហគមន៍ដងទង់។ អ្វីដែលជាចំណុចសំខាន់របស់ព្រឹត្តិការណ៍នេះ គឺសកម្មភាពធំៗចំនួន៤ គឺ៖

ទី១៖ បង្កើនចំណាប់អារម្មណ៍ក្នុងការអាន តាមរយៈការចូលរួមកម្មវិធីប្រកួតវិធីសាស្រ្តអានបែបជប៉ុន ដែលហៅថា "Biblio-Battle"
ទី២៖ អ្នកចូលរួមអាចមានការយល់ដឹងបន្ថែមទាក់ទងនឹងសុខភាពប្រចាំថ្ងៃ តាមរយៈការចូលរួមការបង្ហាញផ្ទាំងរូបភាពកាមីស៊ីបៃ (Kamishibai) នៃថ្នាក់អប់រំសុខភាព។
ទី៣៖ ការវាស់វែងរាងកាយសម្រាប់មនុស្សពេញវ័យ តាមរយៈការវាស់កម្ពស់ ថ្លឹងគីឡូ ស្វែងរកសន្ទស្សន៍នៃរាងកាយ (BMI) និងការវាស់សម្ពាធឈាម ដើម្បីបង្ការពីជំងឺនានា។
និងទី៤៖ ជំរុញការធ្វើការជាក្រុម តាមរយៈការអប់រំកាយ មានល្បែងដើម្បីបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធិរវាងលោកគ្រូអ្នកគ្រូ និងសហគមន៍។

បើតាមលោកស្រី ឈី វ៉ា បានថ្លែងថា៖ «ជាការពិតណាស់ អំណានពិតជាមានសារៈសំខាន់។ អំណានជាប្រភពចម្បងនៃចំណេះដឹង វាជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍគំនិត ធ្វើឱ្យមនុស្សមានការគិតវិចារណា និងអាចប្រើប្រាស់ចំណេះដឹងក្នុងជីវិតប្រចាំថ្ងៃ។ ជាពិសេសសម្រាប់កុមារ និងយុវជន ការអានជាប្រភពដែលជួយពង្រឹងសមត្ថភាពអប់រំ និងធ្វើឱ្យពួកគេអាចសម្រេចបាននូវអនាគតដ៏ភ្លឺស្វាង។ ដើម្បីលើកកម្ពស់វប្បធម៌អាន យើងគួរបង្កើតបរិយាកាសអំណានល្អ ដោយលើកទឹកចិត្តឱ្យកុមារ សិស្សានុសិស្ស និងសាធារណជនទាំងអស់ឱ្យមានទំនោរចូលចិត្តអានកាន់តែច្រើនក្នុងសហគមន៍ ក្រុមគ្រួសារ តាមគ្រឹះស្ថានសិក្សា និងគ្រូបង្រៀនគួរមានកម្មវិធី ឬព្រឹត្តិការណ៍ក្នុងការលើកទឹកចិត្តសិស្សឱ្យចូលចិត្តអាន និងប្រើប្រាស់បណ្ណាល័យ ដើម្បីទទួលបានចំណេះដឹងថ្មីៗ»។

ព្រឹត្តិការណ៍អប់រំ នីបប៉ុន ២០២៥ មិនត្រឹមតែបានលើកកម្ពស់ការអាន និងការយល់ដឹងអំពីសុខភាពប៉ុណ្ណោះទេ ថែមទាំងបានផ្តល់នូវវេទិកាសម្រាប់ការចូលរួមពីសហគមន៍ប្រកបដោយអត្ថន័យផងដែរ។ តាមរយៈសកម្មភាពប្រកបដោយភាពស្វាហាប់ និងចាប់អារម្មណ៍សម្រាប់អ្នកចូលរួមទទួលបានបទពិសោធន៍សប្បាយរីករាយ ក្នុងការរៀនសូត្រនឹងទាំងទទួលបានចំណេះដឹងជាក់ស្តែងថែមទៀតផង។ ជាមួយនឹងគំនិតផ្តួចផ្តើមដែលកំពុងបន្តដោយអង្គការគីហ្សូណា
នៅកម្រិតមធ្យមសិក្សាទូទាំងខេត្តកោះកុង ព្រឹត្តិការណ៍នេះដើរតួជាគំរូសម្រាប់ពង្រីកកម្មវិធីដោយផ្តោតលើការអប់រំលើកកម្ពស់បទពិសោធន៍សិក្សា និងកសាងសហគមន៍ដែលមានសុខភាពល្អ៕