(ភ្នំពេញ)៖ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ បានបើកប្រតិបត្តិការពនិត្យរថយន្តកែច្នៃ ក៏ដូចជាតទ្រុងខុសលក្ខណៈបច្ចេកទេស នៅតាមដងផ្លូវជាតិលេខ៦អា ដោយបានឃាត់រថយន្តត្រួតពិនិត្យចំនួន២៣ គ្រឿង ក្នុងរថយន្តមានលក្ខណៈត្រឹមត្រូវ ១៩គ្រឿង និងរថយន្តមិនត្រឹមត្រូវ ដែលខុសលក្ខណៈបច្ចេកទេស ៤គ្រឿង។
របាយការណ៍ស្តីពីការ ចុះប្រតិបត្តិការនេះ ដែល Fresh News ទទួលបាននៅយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា រថយន្តត្រូវតាមលក្ខណៈបច្ចេកទេស ៤គ្រឿងនោះ ត្រូវបានក្រុមការងារ កាត់ទ្រុងចោល២គ្រឿងរួចហើយនៅថ្ងៃនេះ ខណៈសល់២គ្រឿងទៀត ត្រូវកាត់ទ្រុងនៅថ្ងៃស្អែក។
ក្នុងចំណោមរថយន្ត ដែលក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស រកឃើញនោះ មានរថយន្តរបស់លោកឧត្តមសេនីយ៍ រកស៊ីដឹកជញ្ជូនមួយគ្រឿងផងដែរ។ រថយន្តរបស់លោកឧត្តមសេនីយ៍នោះ មាននិមិត្តសញ្ញាអក្សរ «M» ពាក់ស្លាកលេខស្វាយរៀង 3A-1174។
យោងតាមមន្រ្តីក្រុមការងារត្រួត ពិនិត្យយានយន្តកែច្នៃ បានឲ្យដឹងថា រថយន្តរបស់លោកឧត្តមសេនីយ៍ បានតទ្រុងលើសច្បាប់កំណត់ជាង២ម៉ែត្រ រួមមានការដឹកទំនិញសំពីងសំពោង ខុសច្បាប់ផងដែរ។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទុកពេលឲ្យម្ចាស់រថយន្ត ដែលតទ្រុង និងកែច្នៃខុសលក្ខណៈបច្ចេកទេសអស់ជាច្រើន ខែមកហើយឲ្យពួកគេកាត់ទម្លាក់ទ្រុងរថយន្ត ដែលតខុសបច្ចេកទេស។
តែទោះបីជាយ៉ាងណាតាមរយៈប្រតិបត្តិការ នៅថ្ងៃទី២៧ ខែតុលានេះ គេនៅរកឃើញរថយន្តជាច្រើន បន្តបំពានច្បាប់ ហើយខ្លះទៀត ក៏កំពុងកែតម្រូវការតទ្រុងរបស់ពួកគេផងដែរ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធានាការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ធ្លាប់បានប្រកាសថា វិធានការលើរថយន្តតទ្រុង និងកែច្នៃខុសបច្ចេកទេសមិនមានការដកថយ ហើយក៏អត់មានលើកលែង ចំពោះជនមានអំណាចនោះឡើយ។ ការធ្វើបែបនេះ ដើម្បីកាត់បន្ថយការដឹកលើសទម្ងន់បំផ្លាញផ្លូវជាតិ និងដើម្បីចូលរួមចំណែកទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍លើដងវិថីផងដែរ៕