(ភ្នំពេញ)៖ ​​អ្នកជំនាញក្នុងវិស័យអប់រំបារម្ភថា ការប្រើប្រាស់ AI របស់គ្រូ និងសិស្សក្នុងការបង្រៀន​ និងរៀនក៏ដូចជាសិក្សាស្រាវជ្រាវ នឹងអាចប៉ះពាល់ដល់គុណភាពសិក្សា និងការគិតស៊ីជម្រៅរបស់សិស្សនិស្សិត ខណៈបច្ចុប្បន្ននេះសិស្សមួយចំនួន ចាប់តាំងពីកម្រិតបឋមសិក្សា រហូតមហាវិទ្យាល័យ បានប្រើប្រាស់ AI តាមរយៈកម្មវិធី Chat GPT និង DeepSeek ក្នុងការធ្វើកិច្ចការសាលា ឬកិច្ចស្រាវជ្រាវជាដើម។

លើកឡើងក្នុងកិច្ចពិភាក្សាស្តីពី «ការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត» ដែលរៀបចំឡើងដោយ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ ​លោក ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា​ បានឱ្យដឹងថា យោងតាមសិក្សាស្រាវជ្រាវ របស់ក្រុមសាកលវិទ្យាធិការកម្ពុជា គ្រូ និងនិស្សិត នៅកម្ពុជា ចន្លោះពី៦០%ទៅ៧០% បានប្រើប្រាស់ AI ក្នុងការបង្រៀន និងរៀន។

បច្ចុប្បន្ននេះ សិស្សដែលប្រើប្រាស់កម្មវិធី Chat GPT និង DeepSeek ក្នុងការធ្វើកិច្ចការសាលា ឬកិច្ចស្រាវជ្រាវជាដើម​ អ្នកខ្លះបានចម្លងយកអត្ថន័យស្ទើតែទាំងស្រុង ​ដោយមិនមានស្រាវជ្រាវបន្ថែមនោះទេ ដែលការចម្លងយកទាំងស្រុងនេះ នឹងជះឥទ្ធិពលដល់ការគិតជម្រៅរបស់សិស្សនាពេលខាងមុខផងដែរ។

លោក ម៉ក់ ងយ មានប្រសាសន៍ថា ​​បច្ចេកវិទ្យាធ្វើឱ្យយើងងាយស្រួល ប៉ុន្តែបច្ចេកវិទ្យាក៏នាំឱ្យមានផលពិបាកផងដែរ។ ​ហេតុដូច្នេះ​ហើយសមត្ថភាពរបស់គ្រូ គឺពិតជាសំខាន់ណាស់ និងត្រូវមានការអប់រំសិស្សនិស្សិតកម្ពុជា ​ឱ្យមានក្រមសីលធម៌។

លោកបានលើកឡើងបន្ថែមថា «យើងមិនអនុញ្ញាតឱ្យការប្រើប្រាស់បច្ចេកវិទ្យានេះ ក្នុងភាពអនាធិបតេយ្យនោះទេ ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងការសិក្សា និងការស្រាវជ្រាវក៏ដូចគ្នា​ ។ បើយើងមិនគ្រប់គ្រងឱ្យបានដិតដល់ ឱ្យបានម៉ត់ចត់នោះទេ អនាធិបតេយ្យវា​នឹងកើតឡើង»។ ​

តែយ៉ាងមិញ មន្រ្តីជាន់ខ្ពស់នៃក្រសួងអប់រំរូបនេះបានឱ្យដឹងថា ​រហូតមកទល់ពេលនេះ មិនទាន់មានចេញគោលការណ៍ណែនាំណាច្បាស់លាស់ ជុំវិញការប្រើប្រាស់ AI ជំនួយដល់ការសិក្សារបស់សិស្ស​ និងប្រើក្នុងរូបភាពបែបណានោះទេ។ ក្រុមសាកលវិទ្យាធិការកម្ពុជា ក៏កំពុងពិភាក្សាគ្នា ក្នុងការដាក់ចេញនូវគោលការណ៍ ណែនាំក្នុងការប្រើប្រាស់ AI ឱ្យបានម៉ត់ចត់ដល់សិស្សផងដែរ។

​លោកបណ្ឌិត ស្រ៊ុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា​ បានលើកឡើងថា ដើម្បីកុំឱ្យប៉ះពាល់គុណភាពសិក្សា បើទោះបីជាសិស្សប្រើប្រាស់ AI ជំនួយដល់សិក្សា និងស្រាវជ្រាវក៏ដោយ ប៉ុន្តែត្រូវយល់ឱ្យច្បាស់ និងយល់ឱ្យស៊ីជម្រៅ ពីអត្ថន័យដែលបានដកស្រង់ចេញពី AI និងអាចពន្យល់ទៅកាន់គ្រូ ឬអ្នកដទៃបាន។ ហើយជាមួយគ្នា ត្រូវសិក្សាស្រាវជ្រាវបន្ថែម ជៀសវាងការយកទិន្នន័យឬខ្លឹមសារពី AI យកមកប្រើប្រាស់ទាំងស្រុង៕