(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា ក្រសួងទេសចរណ៍ គ្រោងនឹងស្នើសុំសាលារាជធានីភ្នំពេញ រៀបចំផ្លូវទេសចរណ៍ថ្មើរជើង នៅតាមមាត់ទន្លេសម្រាប់ថ្ងៃចុងសប្តាហ៍ គឺថ្ងៃសោរ៍ និងអាទិត្យ សម្រាប់ឲ្យភ្ញៀវទេសចរថ្មើរជើង បានដើរទស្សនាកម្សាន្ត នៅតាមមាត់ទន្លេ នារាជធានីភ្នំពេញ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា បើគម្រោងផ្លូវទេសចរណ៍ថ្មើរជើងនៅតាមមាត់ទន្លេនេះរៀបចំឡើងមែន អាចនឹងធ្វើការបិទចាប់ពីម៉ោង៥ល្ងាច រហូតដល់ម៉ោង២ ឬ៣ភ្លឺ ដោយចាប់ពីចំណុចវត្តភ្នំ រហូតដល់មុខព្រះបរមរាជវាំង។ ហើយលោករដ្ឋមន្រ្តីបានបន្ថែមថា គំរោងការស្នើសុំនេះក៏ស្ថិតនៅក្នុងកម្មវិធីប្រឡងប្រណាំងទីក្រុងស្អាត សម្រាប់វិស័យទេសចរណ៍ និងការទាក់ទងភ្ញៀវទេសចរមកកម្ពុជាផងដែរ។
លោកបានសង្កត់ធ្ងន់ថា ទីក្រុងទាំងអស់នៅក្នុងអាស៊ាន ក៏ដូចជាពិភពលោក ពិបាករកទីក្រុងណា ដែលមានទីតាំងល្អ ដូចទីក្រុងភ្នំពេញណាស់ ព្រោះមានទន្លេ៤មុខប្រសព្វគ្នា ដែលទេសចរមានការចាប់អារម្មណ៍ច្រើន។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា គំរោងការនេះធ្លាប់បានសិក្សាម្តងរួចមកហើយ សុំឲ្យសាលារាជធានីភ្នំពេញពិចារណាឡើងវិញ ក្នុងការរៀបចំផ្លូវទេសចរណ៍ថ្មើរជើង នៅតាមមាត់ទន្លេនេះ ព្រោះនៅខេត្តសៀមរាប បានរៀបចំរួចរាល់ហើយ ចំណែកនៅខេត្តព្រះសីហនុឯណោះវិញ ក៏គ្រោងនឹងរៀបចំផ្លូវ២ខែ្សដែរ សម្រាប់ទេសចរណ៍ថ្មើរជើង ឲ្យបានមុនកម្មវិធីបុណ្យសមុទ្រ។
ការថ្លែងបែបនេះ របស់លោករដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងពិធីប្រកាសការប្រឡងប្រណាំង «ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី១» និងការប្រឡងប្រណាំង «ទីក្រុងស្អាតថ្នាក់ជាតិលើកទី២ (២០១៨-២០២១)» នៅថ្ងៃទី២៧ ខែតុលា នាសណ្ឋាគារភ្នំពេញ។
ក្រៅពីនេះ លោករដ្ឋមន្រ្តីក៏បានលើកឡើងពី បញ្ហាបង្គន់អនាម័យថា ដោយសារបញ្ហានេះ ក៏ស្ថិតក្នុងសូចនាករមួយ នៃការប្រឡងប្រណាំង ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលក្រសួងទេសចរណ៍ នឹងចាត់ឲ្យមានការប្រកួតប្រជែងដាច់ឡែក។ ហើយចំពោះបញ្ហាសណ្តាប់ធ្នាប់អានាម័យ បញ្ហាបង្គន់អនាម័យសាធារណៈ បញ្ជរព័ត៌មានទេសចរណ៍ និងផ្លូវទេសចរណ៍ថ្មើរជើង គួររៀបចំឲ្យបានគ្រប់ទីក្រុង នៅក្នុងកម្ពុជា ពិសេសទីក្រុងដែលមានសក្តានុពល បម្រើឲ្យវិស័យទេសចរណ៍៕