(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា ដើម្បីឱ្យស្ត្រីនិងក្មេងស្រីអាចទទួលបានសិទ្ធិគ្រប់គ្រាន់ លក្ខខណ្ឌចាំបាច់ដែលពុំអាចខ្វះបាន នោះគឺពួកគាត់ត្រូវរស់នៅក្នុងប្រទេសមួយដែលមានអត្ថិភាពនៃសន្តិភាពពេញបរិបូរណ៍។

លោកបានថ្លែងបែបនេះ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងផែនការសកម្មភាពឆ្នាំ២០២៥ របស់គណៈកម្មការកិច្ចការនារីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានបញ្ជាក់ថា «ការធានាសិទ្ធិរបស់ស្ត្រីនិងក្មេងស្រីក្នុងគ្រប់ទិដ្ឋភាព គឺជាមធ្យោបាយតែមួយគត់ ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌ និងវិបុលភាព ព្រមទាំងថែរក្សាភពផែនដី សម្រាប់មនុស្សជំនាន់ក្រោយ។ ដូចនេះ ដើម្បីឱ្យស្ត្រីនិងក្មេងស្រីអាចទទួលបានសិទ្ធិគ្រប់គ្រាន់ លក្ខខណ្ឌចាំបាច់ដែលពុំអាចខ្វះបាន នោះគឺពួកគាត់ត្រូវរស់នៅក្នុងប្រទេសមួយដែលមានអត្ថិភាពនៃសន្តិភាពពេញបរិបូរណ៍»។

តាមទិន្នន័យរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០២៤ មានស្រ្តីនិងក្មេងស្រីប្រមាណ ៦១២លាននាក់ ដែលកំពុងរស់នៅក្នុងតថភាពនៃជម្លោះប្រដាប់អាវុធ។

«ស្ថិតក្នុងភ្លើងសង្គ្រាម តើស្ត្រីនិងក្មេងស្រីទាំងនោះអាចទទួលបានសិទ្ធិនិងការពារពេញលេញដែរឬទេ?» នេះជាសំណួរបស់លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម។

លោកបានបន្តថា បច្ចុប្បន្ននេះ ស្ថានភាពអំណោយផលពីសុខសន្តិភាព ដែលបានកើតចេញពីនយោបាយឈ្នះ ឈ្នះ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិក ជាមគ្គុទ្ទេសន៍ឯក និងជាប្រតិបត្តិករដ៏ឆ្លៀវឆ្លាត ព្រមទាំងការដឹកនាំបន្តដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងជំរុញឱ្យកម្ពុជាសម្រេចនូវវឌ្ឍនភាពខ្ពស់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីកម្ពុជា តាមរយៈការដាក់ចេញនិងអនុវត្តនៅក្នុងគ្រប់វិស័យ នូវគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយចាត់ទុក «ស្ត្រីជាស្នូល»។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានបន្ថែមថា គោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា បង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីផែនការគ្រួសារ កាត់បន្ថយភាពងាយរងគ្រោះដោយអំពើហឹង្សា លើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។ល។ ស្ត្រី និងក្មេងស្រីគ្រប់រូប សុទ្ធតែអាចទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម។

ជាក់ស្តែង ចាប់តាំងពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ប្រព័ន្ធគាំពារសង្គមបាននិងកំពុងគ្របដណ្តប់លើប្រជាពលរដ្ឋជាង៧លាននាក់ តាមរយៈការប្រើប្រាស់នូវបណ្ណមូលនិធិសមធម៌សុខាភិបាល និងការប្រើប្រាស់នូវបណ្ណរបស់បេឡាជាតិរបបសន្តិសុខសង្គម (គិតត្រឹមដំណាច់ឆ្នាំ ២០២៤ របបសន្តិសុខសង្គមមានចំនួន ៣ ធំៗ ដែលបានគ្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ២,៧ លាននាក់, ទាំងក្នុងវិស័យសាធារណៈ និង វិស័យឯកជន, ដោយបានចំណាយថវិកាសរុបចំនួនប្រមាណ ២.២៩៧ ប៊ីលានរៀល, ស្មើនឹងប្រមាណ ៥៧៤ លាន ដុល្លារអាមេរិក ក្នុងនោះ ថវិការដ្ឋចំនួន ៤០៦ លានដុល្លារអាមេរិក )។

លើសពីនេះ បើតាមលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដែលមានសសរស្ដម្ភសំខាន់ចំនួន៣គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល។ ក្នុងន័យនេះ ដើម្បីដើរឱ្យទាន់សង្គមឌីជីថល និងដើម្បីពង្រឹងភាពជាពលរដ្ឋរស់ក្នុងសង្គមដែលមានអរិយធម៌ខ្ពង់ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន លោកបានក្រើនរំលឹកដល់មន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការជានារី ត្រូវខិតខំពង្រឹងនិងពង្រីក ចំណេះដឹងបន្ថែមនៅគ្រប់ផ្នែក រួមទាំងផ្នែកឌីជីថលនេះផងដែរ។

លោកបានបន្តទៀតថា ពិតណាស់ ក្រៅពីបំពេញការងារស្នូលនៅតាមក្រសួង/ស្ថាប័នរបស់ខ្លួន ស្ត្រីខ្មែរយើងភាគច្រើននៅរក្សាទម្លាប់ល្អ ក្នុងការបំពេញភារៈជាស្ត្រីមេផ្ទះ ដែលជាកាតព្វកិច្ចបន្ថែមសម្រាប់គ្រួសាររបស់ពួកគាត់។ ប៉ុន្តែ ដើម្បីអាចទទួលបាននូវសមធម៌ ការទទួលស្តាល់និងឱកាសស្មើភាពក្នុងការងារជាមួយនឹងបុរស ស្ត្រីក៏ចាំបាច់ត្រូវតែមានសមត្ថភាព សក្តានុពល និងថាមពលពេញលេញ ឆ្លើយតបនឹងតម្រូវការការងារនិងតម្រូវការរបស់សង្គមផងដែរ។ ដើម្បីចូលរួមលើកកម្ពស់ និងជំរុញគោលនយោបាយបរិវត្តកម្មយេនឌ័ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញនៅតែរក្សាជំហរគាំទ្រឱ្យមានកញ្ចប់ថវិកាឆ្លើយតប ការងារយេនឌ័រ បន្តលើកទឹកចិត្ត ផ្តល់ការគាំទ្រ ផ្តល់ឱកាសពេញលេញនិងស្មើភាពជូនមន្រ្តីរាជការជានារីក្នុងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត។

សូមជម្រាបថា សម្រាប់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ កាលពីឆ្នាំ២០១៦ ចំនួនមន្ត្រីរាជការជានារីមានត្រឹមចំនួន២៣រូប ដែលចំនួននេះគឺស្មើនឹង៣០,២៦%នៃចំនួនមន្ត្រីរាជការសរុបចំនួន៧៦រូប។ ពេលនោះមានមន្ត្រីរាជការជានារីតែចំនួន១២រូបប៉ុណ្ណោះ (ស្មើនឹង៥២,១៧%នៃមន្ត្រីរាជការជានារី) ដែលបានកាន់តួនាទី និងមានមុខតំណែងចាប់ពីថ្នាក់អនុប្រធានការិយាល័យដល់អនុប្រធាននាយកដ្ឋាន។ ប៉ុន្តែ មកដល់ឆ្នាំ២០២៥នេះ ដោយឆ្លងកាត់ការប្រឡងជ្រើសរើសមន្ត្រីរាជការចំនួន២លើក ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន (លើកទី១ នៅឆ្នាំ២០១៧ ជាប់ចំនួន១៨រូប មាននារី០៦រូប និងលើកទី២ នៅឆ្នាំ២០២៣ ជាប់ចំនួន១៤រូប មាននារី០៦រូប) នាំឱ្យចំនួនមន្ត្រីជានារីបានកើនដល់៣៣រូប (ស្មើនឹង៣៥,៤៨%នៃមន្ត្រីរាជការសរុប៩៣រូប)។

ក្នុងចំណោមមន្ត្រីរាជការជានារីទាំង៣៣រូបបច្ចុប្បន្ននេះ មានមន្ត្រីរាជការជានារីចំនួន២៤រូប ដែលមានសញ្ញាបត្រកម្រិតបរិញ្ញាបត្រ (ក្នុងនោះកំពុងសិក្សាថ្នាក់បណ្ឌិតចំនួន០១រូប ទទួលបានសញ្ញាបត្រអនុបណ្ឌិតចំនួន១៣រូប និងកំពុងសិក្សាថ្នាក់អនុបណ្ឌិតចំនួន០៤រូប)។ ដោយឡែក មន្ត្រីរាជការជានារី ដែលកាន់តួនាទី និងមានមុខតំណែងចាប់ពីប្រធានផ្នែកដល់ថ្នាក់អគ្គនាយក មានចំនួន២៤រូប (ស្មើនឹង៧២,៧៣%នៃមន្ត្រីរាជការសរុបជានារី)៕