(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារអបអរសាទរ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសដែលសមាគមអ្នកនិពន្ធខ្មែរសម្រេចផ្ដល់កិត្តិគុណ ដោយប្រសិទ្ធនាមជា «គរុវិជ្ជាចារ្យកវីនិពន្ធ» ដែលមានគុណវុឌ្ឍិ និងគុណសម្បត្តិក្នុងបុព្វហេតុអក្សរសាស្ត្រ អក្សរសិល្ប៍ខ្មែរ។
ក្នុងពិធីអបអរសាទរ ទិវាជាតិអំណានលើកទី១០ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រគល់ជ័យលាភីពាន «កិត្តិគុណ» ដំបូងគេបង្អស់របស់សមាគមអ្នកនិពន្ធខ្មែរ ដល់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ ក៏ទទួលបានឈ្មោះថា «គរុវិជ្ជាចារ្យកវីនិពន្ធ»។
ពាន «កិត្តិគុណ»នេះ ត្រូវបានបង្កើតដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរ ក្នុងគោលបំណងរំឭកនូវសេចក្ដីចងចាំអំពីការលះបង់ និងគុណបំណាច់ដ៏មហាថ្លៃថ្លារបស់បណ្ដាកវី អ្នកនិពន្ធគ្រប់ជំនាន់ជាប្រវត្តិសាស្រ្ត ក្នុងបុព្វហេតុនៃស្មារតីព្រលឹងជាតិខ្មែរ។
លើសពីនេះ ជាការរួមចំណែក លើកស្ទួយពីគុណតម្លៃនៃមនសិការកតញ្ញូ គោរពដឹងគុណ ចំពោះវីរភាពនៃកវី អ្នកនិពន្ធខ្មែរ ដែលបានបូជាកម្លាំងប្រាជ្ញា ស្មារតី ក្នុងវិស័យតែងនិពន្ធនៅកម្ពុជា។ ជាមួយគ្នានេះ ពាន«កិត្តិគុណ»នេះ ក៏បង្ហាញពីការទទួលស្គាល់គុណវឌ្ឍ និងគុណសម្បត្តិ នៃសុឆន្ទៈរបស់កវី អ្នកនិពន្ធខ្មែរ ក្នុងបុព្វហេតុនៃតម្លៃ ផ្នែកអក្សរសាស្រ្ត និងអក្សរសិល្ប៍ខ្មែរផងដែរ។
ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានតែងនិពន្ធស្នាដៃសរុប ៣៩ស្នាដៃ ពាក់ព័ន្ធនឹងសេដ្ឋកិច្ច អក្សរសិល្ប៍ អក្សរសាស្រ្ត ច្បាប់ ទស្សនវិជ្ជា ប្រវត្តិវិទ្យា គណិតវិទ្យា និងកំណាព្យជាដើម ដែលមានភាសាខ្មែរ អង់គ្លេស និងបារាំង។ ស្នាដៃទី៣៩ របស់លោក ហង់ជួន ណារ៉ុន គឺជាសៀវភៅស្ដីពីនីតិអន្តរជាតិសមុទ្រ៕