(ភ្នំពេញ)៖ ២៦ឆ្នាំរួចមកនេះ ផ្លូវធ្វើដំណើរទៅមុខរបស់កម្ពុជាក្នុងការសម្រេចចក្ខុវិស័យឆ្នាំ២០៥០ កំពុង ស្ថិតក្នុងរបត់ដ៏សំខាន់មួយ ដែលការសម្រេចវាសនាអនាគតរបស់ខ្លួន គឺអាស្រ័យលើផ្នត់គំនិតរួមនៃការយល់ដឹងរបស់ប្រជាជនកម្ពុជា។ នាពេលនេះ ក្រុមធ្វើនយោបាយជ្រុលនិយម បានបំផុសជាខ្លាំងនូវនយោបាយបំផ្លិចបំផ្លាញជាតិ ប៉ុន្តែរាជរដ្ឋាភិបាលដែលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា បានបំផុសពលរដ្ឋនូវការក្រេបជញ្ជក់ចំណេះដឹង ដែលជាមាគ៌ានៃវឌ្ឍន ភាពប្រឆាំងនឹងនយោបាយបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ។ Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅលើបញ្ហានេះ៖

២៦ឆ្នាំរួចមកនេះ ផ្លូវធ្វើដំណើរទៅមុខរបស់កម្ពុជាក្នុងការសម្រេចចក្ខុវិស័យឆ្នាំ២០៥០ កំពុងស្ថិតក្នុងរបត់ដ៏សំខាន់មួយ ដែលការសម្រេចវាសនាអនាគតរបស់ខ្លួន គឺអាស្រ័យលើផ្នត់គំនិតរួមនៃការយល់ដឹងរបស់ប្រជាជនកម្ពុជា។

ខណៈក្រុមធ្វើនយោបាយជ្រុលនិយម តែងបំផុសជាខ្លាំងនូវនយោបាយបំផ្លិចបំផ្លាញជាតិនោះ រាជរដ្ឋាភិបាល កាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា តែងបំផុសឱ្យពលរដ្ឋខ្មែរ ត្រូវក្រេបជញ្ជក់នូវចំណេះដឹង ដែលជាមាគ៌ានៃវឌ្ឍនភាពប្រឆាំងនឹងនយោបាយបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ។

ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាល បានប្តេជ្ញាបញ្ជ្រាបនិងបង្កើនចំណេះដឹង វឌ្ឍនភាពបច្ចេកវិទ្យា និងឯកភាពជាតិ ដើម្បីជំរុញប្រទេសជាតិឆ្ពោះទៅមុខ។ ផ្ទុយស្រឡះ ក្រុមជ្រុលនិយម បែរជាជ្រើសរើសផ្លូវនៃព័ត៌មានមិនពិត, ព័ត៌មានញុះញង់ និងព័ត៌មានបង្កអស្ថិរភាព ក្នុងគោលបំណងបំផ្លាញសន្តិភាព និងស្ថិរភាពដែលកម្ពុជារកបាន ដោយលំបាកក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលធ្វើឱ្យប្រទេសមានសន្តិភាពពិតប្រាកដចាប់តាំងពីថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨។

* ទស្សនវិស័យរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ចំណេះដឹង គឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាព

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការអញ្ជើញជាអធិបតីនាពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា បានបញ្ជាក់យ៉ាងខ្ជាប់ខ្ជួនថា ការអប់រំនិងចំណេះដឹង គឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពជាតិ។

សម្តេចនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យទទួលយកបច្ចេកវិទ្យាទំនើប និងការរៀនសូត្រពេញមួយជីវិត ដោយទទួលស្គាល់ថា សង្គមដែលមានព័ត៌មានល្អ តែងផ្តល់សារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម៖

«សូមប្អូនចង់ចាំថាមានតែចំណេះវិជ្ជាទេ ដែលអាចជួយបណ្ដុះនូវផ្នត់គំនិតចម្រើនជឿនលឿន ហើយអាចជួយលើកស្ទួយប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត។ ដូចច្នេះប្អូនៗត្រូវយល់ថា ដើម្បីក្លាយខ្លួន ជាបញ្ញវ័ន្តពិតប្រាកដ ប្អូនៗត្រូវបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយខ្លួនឯង ខិតខំអានសៀវភៅឱ្យបានច្រើន ខិតខំត្រង់ត្រាប់ចាប់យកនូវចំណេះដឹងទាំងឡាយដែលប្អូនបានជួបប្រទះ និងដុសខាតរំលឹកឡើងវិញជាប្រចាំនូវចំណេះដឹងទាំងនោះ។ ការទទួលបានសញ្ញាបត្ររបស់ប្អូនៗនាពេលនេះគឺមិនទាន់គ្រប់គ្រាន់ទេ ប្អូនៗត្រូវបន្តការសិក្សាស្រាវជ្រាវ និងបន្តការសិក្សាពង្រីកចំណេះដឹង របស់ខ្លួនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបង្កើនកម្រិតគុណវុឌ្ឍិ តាមជំនាញរបស់ខ្លួន សំដៅឱ្យទាន់នូវការរីកចម្រើន នៃសង្គមនិងវិទ្យាសាស្ត្រ ពីព្រោះការសិក្សាអប់រំ គឺគ្មានទីបញ្ចប់នោះទេ… សូម្បីតែរូបខ្ញុំ ក៏ត្រូវខិតខំរៀនរាល់ថ្ងៃផងដែរ។ ការសិក្សាពេញមួយជីវិតគឺជារបៀបរបបនៃការអប់រំក្នុងសតវត្សរ៍ទី២១«។

ដើម្បីជម្រុញការក្រេបជញ្ជក់ចំណេះដឹង ឱ្យកាន់តែខ្លាំងដែលជាគ្រឹះនៃការអភិវឌ្ឍជាតិនោះ សម្តេចបវរធិបតី នៅបានជំរុញឱ្យបណ្តាអភិបាលខេត្តនិងរាជធានី បង្កើនកន្លែងអានសម្រាប់សិស្សានុសិស្ស និងលើកកម្ពស់វប្បធម៌នៃការរៀនសូត្រ ដើម្បីការធានាថា មនុស្សជំនាន់ក្រោយមានឧបករណ៍សម្រាប់កសាងប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនដើម្បីឈានសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជាបានកំណត់ថានឹងក្លាយជាប្រទេសមានចំណូលខ្ពស់។

ចក្ខុវិស័យវិស័យនៃការនាំប្រទេសរីកចម្រើនតាមរយៈការបំពាក់នូវការក្រេបជញ្ជក់ចំណេះដឹង គឺជាមាគ៌ាមួយ ផ្ទុយស្រឡះពីសកម្មភាពរបស់ក្រុមនយោបាយជ្រុលនិយម ដែលពួកគេតែងកេងប្រវ័ញ្ចប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្សព្វផ្សាយរឿងប្រឌិត ញុះញង់ឱ្យមានកំហឹង និងជំរុញឱ្យមានការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្ទើរគ្មានលោះថ្ងៃសោះឡើយ។

ស្ទើរគ្រប់វិនាទីណាទៅហើយ ដែលការផ្សាយតាមបណ្តាញសង្គមរបស់ក្រុមជ្រុលនិយម តែងផ្សាយបង្អាប់ប្រទេសជាតិកម្ពុជា ដែលពលរដ្ឋកំពុងរស់នៅក្នុងសុខសន្តិភាព បំប៉ោងថាជា ប្រទេសអសន្តិសុខ ឬថាជាប្រទេសមានអស្ថិរភាពនយោបាយ ឬថាជាប្រទេសដែលមិនគិត គូរដល់សុខទុក្ខប្រជាពលរដ្ឋ ឬថាបណ្តោយឱ្យដែនអធិបតេយ្យភាពរបស់ខ្លួន ត្រូវបរទេសឈ្លានពានដោយការសម្ងំស្ងៀមជាថ្នូរនឹងការកាន់អំណាច ឬចោទថា កម្ពុជាបានប្រព្រឹត្តទង្វើគាបសង្កត់សិទ្ធិសេរីភាពលើការនិយាយស្តី, ឬថាបំពានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងពេលខ្លះថែមទាំងហ៊ានប្រើសម្តីមិនសមរម្យបមាថ ដាក់មកលើព្រះមហាក្សត្រខ្មែរជាទី គោរពសក្ការៈថែមទៀត។

យុទ្ធសាស្ត្ររបស់ក្រុមជ្រុលនិយម មិនមែនជាការរិះគន់ក្នុងន័យស្ថាបនាទេ ប៉ុន្តែជាការចង់បំផ្លិចបំផ្លាញជាតិខ្មែរទាំងស្រុង ដោយពួកគេស្វែងរកការបង្កើតភាពចលាចលនៅកន្លែងណាដែលមានស្ថិរភាព និងបង្កើតភាពមិនច្បាស់លាស់ នៅកន្លែងណាដែលមានវឌ្ឍនភាព។ បំណងរបស់ពួកគេ គឺក្នុងចេតនាបង្អាក់ការរីកចម្រើនរបស់ប្រទេសជាតិ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះខ្មែរលើឆាកអន្តរជាតិតែប៉ុណ្ណោះ។

សម្តេចបវរធិបតី បានថ្លែងថា នៅក្នុងប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ភាពជាអ្នកដឹកនាំ ត្រូវបានកំណត់តាមរយៈការបោះឆ្នោត ដែលធ្វើឡើងរៀងរាល់ប្រាំឆ្នាំម្តងនោះគឺមិនមែនតាមរយៈបំផុសចលនាបះបោរ ឬបង្កនូវភាពញុះញង់ក្នុងចេតនាធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈនោះទេ៖

«ហើយខ្ញុំឃើញអ្នកខ្លះ ជាពិសេសអ្នកនៅក្រៅ ឱ្យតែអីតិចគឺយកអារឿងដែលមិនមែនជាចំណុចល្អ ដែលខ្លាំងពេលនេះ យកមកហើយតែងតែភ្ជាប់ នៅដល់ណាទៀតត្រូវក្រោកឈរឡើង។ ប្រាំឆ្នាំក្រោកឈរទៅបោះឆ្នោតម្តងបានហើយ ប្រជាពលរដ្ឋ ៨០% បោះហើយ…គាត់ផ្តល់លទ្ធភាព ដើម្បីធ្វើការងារបន្ត។ នៅប្រទេសប្រជាធិបតយ្យទាំងអស់ គេមិនដែលថាបោះហើយ មួយឆ្នាំក្រោយបបួលគ្នា ទៅទម្លាក់ធ្វើអីទៀតទេ…គេទុកឱកាសឱ្យរដ្ឋាភិបាល…គ្មានរដ្ឋាភិបាលណានៅក្នុងពិភពលោក មិនប្រឈមបញ្ហាទេ…ជឿចុះកៅអីនេះគឺជាកៅអីដោះស្រាយបញ្ហា កៅអីនេះគឺជាកៅអីក្តៅ។ ខ្ញុំជួបឯកឧត្តម ថង លន់ គាត់គឺជាប្រធានរដ្ឋឡាវ…កាលពីគាត់នៅជានាយករដ្ឋមន្ត្រីគាត់ថា ពេលដែលគាត់នៅជានាយករដ្ឋមន្ត្រី គាត់យល់ពីកៅអីក្តៅ ប៉ុន្តែកៅអីជាកាតព្វកិច្ចរបស់យើង ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ មិនមែនកៅអីដើម្បីយើងអង្គុយ…»។

* ការប្រឆាំងអង្គរសង្រ្កាន្តរបស់ក្រុមប្រឆាំង ជាសក្ខីកម្មនៃភាពរឹងរូសជ្រុលនិយម

ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ នាពាក់កណ្តាលខែមេសានៅក្នុងទឹកដីអង្គរខេត្តសៀមរាប គឺជាកម្មវិធីមួយដែលរៀបចំសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. និងកម្មវិធីដែល រំពឹងការទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិច្រើនលាននាក់នាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ដែលមានការស្វាគមន៍ពីពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបនេះតែម្តង ប៉ុន្តែការផ្សាយរបស់វិទ្យុខ្មែរនៅបរទេសដែលបម្រើនយោបាយក្បត់ជាតិរបស់ក្រុមក្រុមជ្រុលនិយម ដែលព្យាយាមបង្ខូចការរីកចំរើនរបស់ជាតិ បានប្រឆាំងចំពោះពិធីបុណ្យអង្គរសង្រ្កាន្តនៅខេត្តសៀមរាបនោះទៅវិញ។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាព្រឹត្តិការណ៍ ដែលត្រូវបានពលរដ្ឋខ្មែររៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ និងបង្ហាញមោទនភាពវប្បធម៌របស់ជាតិ ប៉ុន្តែការរិះគន់របស់ក្រុមជ្រុលនិយម ត្រូវបានគេចាត់ទុកថាជាទង្វើដ៏ល្ងង់ខ្លៅមួយ ដែលមិនត្រឹមតែមិនយល់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមវប្បធម៌ និងសេដ្ឋកិច្ចក្នុងការពង្រឹងប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីកម្មនៃសារធាតុពិតរបស់ក្រុមជ្រុលនិយម ដែលងប់ងល់នឹងស្អឺក៏ប្រឆាំងគ្មានទីបញ្ចប់របស់ខ្លួននោះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងក្តីហួសចិត្តចំពោះទង្វើ ដែលប្រឆាំងនឹងព្រឹត្តិការណ៍វប្បធម៌ជាតិរបស់ខ្លួននេះ៖

«បងប្អួនខ្លះ ឃើញគាត់ដាក់ថា យើងបង្កើតព្រឹត្តិការណ៍នេះពង្វក់យុវជនកុំឱ្យគិតគូរពីរឿងសង្គម…ទៅជាអញ្ចឹងទៅ… ហើយចូលឆ្នាំ បើយើងមិនអបអរសាទរទេយើងធ្វើអ្វី? ហើយសួរថាការរៀបចំនេះដើម្បីបង្ហាញអ្វី? បងប្អូនខ្លះឃើញគេសម្ភាសន៍មក…អ្នកវិភាគជំនាញមួយនោះ ដែលវិភាគគ្រប់មុខនោះ គាត់ថា នេះដើម្បីបង្កើនប្រជាប្រិយភាពត្រកូលហ៊ុន…ទៅជាអញ្ចឹងវិញ!…គ្រាន់តែឯកឧត្តម ហ៊ុន ម៉ានី គាត់រៀប ហើយមិនមែនទើបតែរៀបឆ្នាំនេះទេ ស.ស.យ.ក. គេរៀបតាំងពីយូរមកហើយ។ ហើយរៀបចំនៅព្រឹត្តិការណ៍នោះ អត់មានដាក់រូបខ្ញុំ ឬអ្នកណាទេ គឺរៀបចំគ្រប់កន្លែងទាំងអស់…មានតែបង្ហាញពីប្រពៃណីវប្បធម៍របស់យើងហ្នឹងឯង!

គ្រាន់តែ ហ៊ុន ម៉ានី ជាប្រធានសសយក ហើយមានសមាជិករាប់ពាន់នាក់ដែលធ្វើ… មានឯកឧត្តម ឧបនាយករដ្ឋមន្ត្រីជាច្រើនដែលជាសមាជិក ស.ស.យ.ក. ហ្នឹង សាយ សំអាល់, ស សុខា, ទៀ សីហា ផ្សេងៗ…គេធ្វើតាំងពីគេនៅយុវជន ឥឡូវក៏នៅបន្តទៀត តែធ្វើមិនមែនដើម្បីឱ្យបក្សណា ដើម្បីអ្នកណានោះទេ តែធ្វើដើម្បីប្រជាជនយើងទាំងអស់។ ទី១ អ្នកដែលទទួលផលផ្ទាល់ គឺប្រជាពលរដ្ឋ អ្នកខេត្តសៀមរាប បានមនុស្សច្រើន Hotels Restaurants អ្នកនៅជុំវិញកំពង់ភ្លុក ទេសចរណ៍ធម្មជាតិ នៅផ្សេងៗ គាត់សប្បាយចិត្ត បានបំផុសទៅដល់វិស័យទេសចរណ៍ ខាង Tour Groups គាត់អាចលក់ផលិតផល គាត់ប្រាប់គេនៅអ៊ឺរ៉ុបឱ្យមកកម្ពុជាឱ្យច្រើនមកខែហ្នឹង ព្រោះយើងមានរៀបចំព្រឹត្តិការណ៍ហ្នឹងល្អ»។

ភាពខុសគ្នារវាងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត និងសកម្មភាពរបស់ក្រុមជ្រុលនិយម ត្រូវបានគេមើលឃើញថាមានភាពដាច់ស្រឡះពីគ្នា។ នោះគឺចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការជម្រុញសិស្ស-និស្សិត និងពលរដ្ឋត្រូវមានមោទនភាពលើជាតិ, លើវប្បធម៌ជាប្រពៃណីរបស់ខ្លួន, ត្រូវក្រេបជញ្ជក់លើវិស័យអប់រំ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលអ្វីទាំងនេះ គឺជាមាគ៌ាប្រឆាំងនឹងនយោបាយធ្វើវិនាសកម្មរបស់ក្រុមជ្រុលនិយមបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ, ចំណែកភាគីម្ខាងទៀត ដែលជាក្រុមជ្រុលនិយមនោះ បានបង្កើតតែព័ត៌មានមិនពិតបង្កើតភាពរំខានក្នុងបំណងចង់លុបបំបាត់ស្ថិរភាពនយោបាយនៃប្រទេសកម្ពុជារបស់ខ្លួនឯងតែប៉ុណ្ណោះ។

ប្រជាជនកម្ពុជា ក្នុងរយៈពេល២៦ឆ្នាំដែលបានរស់ក្រោមដំបូលសន្តិភាពនៃនយោបាយឈ្នះ-ឈ្នះ បានមើលឃើញច្បាស់លាស់ហើយនូវភាពខុសគ្នាទាំងស្រុងរវាងការដឹកនាំប្រកបដោយគុណធម៌របស់រាជរដ្ឋាភិបាលក្រោមការកាច់ចង្កូតរបស់គណបក្សប្រជាជនកម្ពុជា និងផ្លូវធ្វើដំណើររបស់ក្រុមជ្រុលនិយម ដែលបំផុសតែគំនិតឱ្យស្អប់ខ្ពើមរវាងខ្មែរនិងខ្មែរ និងការចង់ផ្លាស់ប្តូរប្រទេសពីសន្តិភាព ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមវិញតែប៉ុណ្ណោះ។

នៅទីបញ្ចប់ពលរដ្ឋខ្មែរ នឹងចេះវិនិច្ឆ័យដោយខ្លួនឯងហើយចំពោះផ្លូវណាដែលគេនឹងជ្រើសរើសដើរសម្រាប់វឌ្ឍនភាពជាតិ ពីព្រោះគេបានមើលឃើញច្បាស់ហើយថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៃរាជរដ្ឋាភិបាលអាណ្ណត្តិទី៧របស់រដ្ឋសភា, ប្រទេសជាតិពិតជាមានចក្ខុវិស័យច្បាស់លាស់ណាស់លើមាគ៌ាធ្វើដំណើរទៅមុខរបស់ខ្លួន ប្រកបដោយភាពជោគជ័យ ពោលគឺរាជរដ្ឋាភិបាល តែងផ្តល់តម្លៃលើមនុស្សដែលមានប្រាជ្ញា, មនុស្សដែលក្របជញ្ជក់នូវចំណេះដឹងគ្មានព្រំដែនឥតឈប់ឈរ និងដែលជាគ្រឹះនៃការនាំប្រ ទេសកម្ពុជាឱ្យកាន់តែអភិវឌ្ឍន៍ ជាជាងអ្វីដែលក្រុមជ្រុលនិយមចូលចិត្តតែបំផុសនូវចលនា បែកបាក់សាមគ្គីភាព និងការបំផ្លិចបំផ្លាញជាតិខ្មែរ ដែលតាមពិតផ្លូវរបស់ក្រុមជ្រុលនិយមនោះ គឺការនាំប្រទេសជាតិរបស់ខ្លួនឱ្យធ្លាក់ចូលក្នុងជ្រោះជ្រៅតែប៉ុណ្ណោះ។ ដូច្នេះ មានតែការក្រេបជញ្ជក់យកចំណេះដឹងពិតប្រាកដនេះហើយ ដែលជាមាតាអភិវឌ្ឍន៍ ជាតិប្រឆាំងនឹងនយោបាយវិនាសកម្មរបស់ក្រុមជ្រុលនិយម៕