(តូក្យូ, ជប៉ុន)៖ ក្យូតូ អតីតរាជធានីរបស់ជប៉ុន ដែលសម្បូរទៅដោយសំណង់វប្បធម៌ពាក់ព័ន្ធព្រះចៅអធិរាជ មេទ័ព និងព្រះពុទ្ធសាសនា បានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញនាពេលបច្ចុប្បន្ន។
ក្យូតូ ជាអតីតរាជធានីរបស់ជប៉ុនជាង១ពាន់ឆ្នាំ ចាប់ពីឆ្នាំ៧៩៤ ដល់ ១៨៦៨។ បច្ចុប្បន្ន ក្យូតូ នៅតែជាចំណុចកណ្តាលនៃវប្បធម៌ប្រពៃណីជប៉ុន ព្រះពុទ្ធសាសនា។ ប្រជាជនជប៉ុនតែងព្យាយាមមកកាន់ក្យូតូ យ៉ាងហោចណាស់ម្តងក្នុងមួយជីវិតរបស់ពួកគេ ហើយស្ទើរតែមួយភាគបីនៃចំនួនប្រជាជនសរុបរបស់ជប៉ុន តែងទៅទស្សនាទីក្រុងនេះជារៀងរាល់ឆ្នាំ។
ប្រាសាទ និងសួនច្បារប្រវត្តិសាស្ត្រមួយចំនួនរបស់ក្យូតូ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងឆ្នាំ១៩៩៤។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន នៅដើមខែមីនា ឆ្នាំ២០២៥ លោក វ៉ាន់ សារាយ ត្រូវបានរៀបចំឱ្យធ្វើដំណើរទៅកាន់អតីតរាជធានីដ៏ល្បាញល្បីមួយនេះផងដែរ។ ជាទឹកដីជង្រុកនៃសម្បត្តិវប្បធម៌ និងជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រក្យូតូ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ ក៏ដូចថែរក្សានូវទ្រង់ទ្រាយដើមនៃសំណង់នានា រួមទាំងផ្ទះសម្បែងរបស់ប្រជាពលផង ដើម្បីទាក់ទាញអ្នកទេសចរ។ នៅក្យូតូ មិនសូវមានសំណង់ខ្ពស់ៗនោះឡើយ ហើយសំណង់ពាក់ព័ន្ធព្រះចៅអធិរាជ មេទ័ព និងទីអារាមជាកន្លែងគោរពប្រណិបត្តិព្រះពុទ្ធសាសនា ព្រមទាំងសំណង់លំនៅឋានត្រូវបានរក្សាក្នុងទ្រង់ទ្រាយដើមរហូតដល់ពេលបច្ចុប្បន្ន។
តាមរយៈសំណង់ទាំងនោះ ក្លាយជាអន្ទាក់ដួងចិត្តដ៏ទាក់ទាញសម្រាប់អ្នកទេសចររបស់ជប៉ុន និងអ្នកទេសចរបរទេសចម្រុះជាតិសាសន៍។
ដំណើរទៅកាន់ក្យូតូនេះ លោក វ៉ាន់ សារាយ ត្រូវបានរៀបចំឱ្យទៅទស្សនានៅតំបន់ទេសចរណ៍ដ៏ទាក់ទាញចំនួន៣រួមមាន៖
១៖ ព្រះវិហារ Kiyomizudera៖ Kiyomizudera គឺជាវិហារមួយក្នុងចំណោមវិហារដ៏ល្បីល្បាញបំផុតរបស់ប្រទេសជប៉ុន។ ព្រះវិហារនេះ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ៧៨០ នៅលើទីតាំងនៃទឹកជ្រោះ Otowa ក្នុងតំបន់ព្រៃភ្នំ ភាគខាងកើតនៃទីក្រុងក្យូតូ។ ព្រះវិហារនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនិកាយ Hosso ដែលជានិកាយដ៏ចំណាស់បំផុតមួយនៅក្នុងព្រះពុទ្ធសាសនាជប៉ុន។ ប៉ុន្តែក្រោយមកបានបង្កើតទៅជានិកាយ Kita Hosso នៅឆ្នាំ១៩៦៥។ នៅឆ្នាំ១៩៩៤ វិហារនេះត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
Kiyomizudera មានឈ្មោះល្បីល្បាញដោយសាររចនាបថសង់ពីឈើ និងផ្តល់នូវទិដ្ឋភាពដ៏ស្រស់ស្អាតនៃដើម cherry និងដើម maple ជាច្រើននៅខាងក្រោម។ សាលធំដែលរួមគ្នាជាមួយឆាកត្រូវបានសាងសង់ដោយមិនប្រើដែកគោល ជាទីសក្ការៈបូជាចម្បងរបស់ព្រះវិហារ រូបសំណាកតូចមួយដែលមានមុខ១១ និងដៃរាប់ពាន់។
នៅខាងក្រោយសាលធំរបស់ Kiyomizudera នោះគឺទីសក្ការបូជា Jishu ដែលជាទីសក្ការបូជាឧទ្ទិសដល់អាទិទេពនៃសេចក្តីស្រឡាញ់ និងការផ្គូរផ្គង។ នៅខាងមុខទីសក្ការៈមានថ្មពីរដាក់នៅចំងាយ១៨ម៉ែត្រ។ ការស្វែងរកផ្លូវរបស់អ្នកដោយជោគជ័យពីមួយទៅមួយ ដោយការបិទភ្នែក និងបន់ស្រន់ថានាំសំណាងក្នុងការស្វែងរកស្នេហា។
ទឹកជ្រោះ Otowa មានទីតាំងនៅមូលដ្ឋាន នៃសាលធំរបស់ Kiyomizudera ។ ទឹករបស់វាត្រូវបានបែងចែកទៅជាបីដាច់ដោយឡែកពីគ្នា ហើយអ្នកទស្សនាប្រើពែងដែលភ្ជាប់ទៅនឹងបង្គោលវែង ដើម្បីត្រងផឹកបាន។ ទឹកធ្លាក់នីមួយៗត្រូវបានគេនិយាយថាមានអត្ថប្រយោជន៍ខុសៗគ្នាគឺធ្វើឱ្យអាយុវែង ជោគជ័យនៅសាលា ជីវិតស្នេហា និងសំណាងល្អ។
២៖ ប្រាសាទ Nijo-jo៖ ប្រាសាទនេះ ត្រូវបានបញ្ចប់ការសាងសង់នៅឆ្នាំ១៦០៣ តាមការបញ្ជារបស់មេទ័ព Tokugawa Ieyasu ដែលជាស្ថាបនិក និងជាមេដឹកនាំយោធាដំបូងបង្អស់នៃសម័យ Tokugawa Shogunate (១៦០៣ ដល់ឆ្នាំ១៨៦៧)។ Tokugawa Ieyasu បានបង្រួបបង្រួមប្រទេសជប៉ុន ក្រោយសង្រ្គាមស៊ីវិលអស់រយៈយ៉ាងយូរ និងបានដឹកនាំជប៉ុន ក្នុងរយៈពេលជាង ២៦០ឆ្នាំ ក្រោមសន្តិភាព និងភាពរុងរឿង។ រដ្ឋាភិបាលដែល Ieyasu បង្កើតឡើងបានបន្តការដឹកនាំអស់រយៈពេល១៥ជំនាន់ ដែលនេះជារយៈពេលដ៏យូរបំផុតមួយនៃស្ថិរភាព និងភាពរុងរឿងក្នុងប្រវត្តិសាស្ត្រជប៉ុន។
ប្រាសាទនេះ ត្រូវបានជួសជុលទ្រង់ទ្រាយធំ នៅឆ្នាំ១៦២៤ ក្នុងរជ្ជកាលរបស់ Shogun Iemitsu ទី៣ ដើម្បីរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់អធិរាជ Go-Mizuno-o ក្នុងឆ្នាំ១៦២៦។ បច្ចុប្បន្នប្រាសាទនេះ ត្រូវបានថែទាំបានយ៉ាងល្អ និងរំលេចនូវគំនិតស្ថាបត្យកម្មដើម្បីរក្សាសន្តិសុខសុវត្ថិភាព ដូចជាការដើរជាន់លើបន្ទះក្តាជុំវិញបន្ទប់សំខាន់ គឺមានការផ្តល់ជាសំឡេងជាដើម។ ការសង់បែបនេះ ដើម្បីជាការផ្តល់នូវសញ្ញាបើមានការវាយប្រហារណាមួយ។
៣៖ ព្រះវិហារ Rokuon-ji៖ Rokuon-ji ជាព្រះវិហារពុទ្ធសាសនា Zen ដ៏ល្បីល្បាញមួយមានអាយុកាលរាប់សតវត្សរ៍មកហើយ។ ព្រះវិហារ Rokuon-ji ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននេះថា ជាព្រះវិហារ Kinkakuji។ បច្ចុប្បន្នក្នុងនាមជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ព្រះវិហារនេះត្រូវបានគេចាត់ទុកថាជាគោលដៅដែលភ្ញៀវទេសចរមិនគួរមើលរំលង។
កាលដើមឡើយព្រះវិហារ Kinkakuji គឺជាកន្លែងសម្រាកលំហែកាយ សម្រាប់អតីតមេទ័ព Ashikaga Yoshimitsu ក្នុងឆ្នាំ១៣៩៧។ ជាន់ទី២ និងទី៣ នៃព្រះពន្លា ត្រូវបានបិទដោយស្លឹកមាស។ អតីតមេទ័ព Ashikaga Yoshimitsu សោយរាជ្យនៅស.វទី ១៤ បានទទួលដីដែលឥឡូវនេះបង្កើតជាព្រះវិហារ Kinkakuji និងបានសាងសង់ ផ្ទះលំហែរបស់គាត់ដែលគាត់បានដាក់ឈ្មោះថា Kitayamadono។ បន្ទាប់ពីទទួលមរណភាព ទីធ្លានៃព្រះវិហារត្រូវបានកសាងឡើងវិញជាព្រះវិហារពុទ្ធសាសនា Zen តាមការចង់បានរបស់គាត់។ ព្រះពន្លាមាសត្រូវបានសាងសង់ឡើងសម្រាប់តម្កល់ព្រះពុទ្ធរូប។
ព្រះពន្លានីមួយៗមាន៣ជាន់ត្រូវបានសាងសង់ឡើងតាមរចនាប័ទ្មស្ថាបត្យកម្មដ៏ល្អឯក។
រចនាសម្ព័នដើមនៃព្រះពន្លាមាសត្រូវបានដុតបំផ្លាញក្នុងឆ្នាំ១៩៥០ ប៉ុន្តែត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៥៥។ ព្រះពន្លានេះត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩៤ ដោយសារស្ថាបត្យកម្មដ៏អស្ចារ្យដែលមានភាពចម្រុះគ្នារវាងវប្បធម៌ និងការរចនាដ៏មានប្រជាប្រិយរបស់ពួកអភិជនសាមូរ៉ៃ និងព្រះពុទ្ធសាសនា។
នៅឆ្នាំ២០២៤ ប្រទេសជប៉ុន ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជា ៣៦លាននាក់។ នៅតាមតំបន់ទេសចរណ៍ដែលបានរៀបរាប់ខាងលើនេះ ត្រូវបានលក់សំបុត្រសម្រាប់អ្នកចូលទស្សនាប្រមាណ ៥០០យ៉េន ស្មើនឹងប្រមាណ ៣ដុល្លារ សម្រាប់មនុស្សពេញវ័យ ហើយតម្លៃប្រមាណ ៣០០យ៉េន ស្មើនឹងជាង២ដុល្លារ សម្រាប់កុមារ៕