(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំសន្និបាតសាខាអាណត្តិទី៦ (២០២៥-២០៣០) ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា។

សន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា, លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងជាប្រធានអង្គសន្និបាត ព្រមទាំងគណៈកិត្តិយស សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ភ្ញៀវកិត្តិយសសរុបចំនួន ២៧០នាក់ ដែលប្រព្រឹត្តទៅ នៅអគារសន្និបាតនិងពិព័រណ៌គជ់ស្វាយព្រៃ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ 

គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖

១៖ ពិនិត្យ និងអនុម័តរបាយការណ៍សកម្មភាពការងារ ក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦(២០២៥-២០៣០)
២៖ ពិនិត្យនិងអនុម័តរបាយការណ៍ហិរញ្ញវត្ថុក្នុងអាណត្តិទី៥ និងផែនការទិសដៅអាណត្តិទី៦ (២០២៥-២០៣០)
៣៖ បោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាអាណត្តិទី៦។

ដំណើរការនៃសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង នាពេលនេះបានសម្រេចចាត់តាំង លោកស្រី ដួង វណ្ណា ជាប្រធានកិត្តិយសសាខា លោក ម៉ែន វិបុល អនុប្រធានកិត្តិយស និងសមាជិកអនុប្រធានកិត្តិយសសរុបចំនួន២៤រូប សម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង អាណត្តិទី៦។

ទន្ទឹមនឹងនេះសន្និបាតមានសមាជិកពេញសិទ្ធិក្នុងការបោះឆ្នោតចំនួន៦៩នាក់ ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខភាព គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងអាណត្តិទី៦ ចំនួន១៥រូប ជាលទ្ធផលមាន៦៩សម្លេងគាំទ្រ លើ៦៩សម្លេង ដោយអនុវត្តតាមនីតិវិធីរបស់គណៈកម្មការបោះឆ្នោត។

ក្នុងនោះដែរគណៈកម្មាធិការសាខាដែលទើបជាប់ឆ្នោតថ្មីបានបើកកិច្ចប្រជុំលើកទី១ ដឹកនាំដោយ លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ ដើម្បីជ្រើសរើសបេក្ខភាពជាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ក្នុងអាណតិ្តទី៦ ។

ក្នុងនោះអង្គប្រជុំបានសម្រេចឯកភាពគ្នាជ្រើសរើស លោក ប៉េង ពោធិ៍សា ជាប្រធានគណៈកម្មាធិការសាខា លោក ហែម ពិសិដ្ឋ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ  អនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងលោកជំទាវ ភួង សារី ជាលេខាធិការគណៈកម្មាធិការសាខា ព្រមទាំងសមាជិក សមាជិកា សរុបចំនួន ១៥នាក់ (ស្រី ៤នាក់) ។

បន្ទាប់ពីប្រគល់សេចក្តីសម្រេចស្តីការតែងតាំងគណ:កិត្តយស និងប្រគល់ត្រាជូនគណ:កម្មាធិការសាខាអាណត្តិទី៦ រួចមក លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានអានសេចក្តីថ្លែងការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយបានបញ្ជាក់ថាដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់សាខា សូមអង្គសន្និបាតបន្តពង្រឹងកម្លាំងសាមគ្គីភាពលើកកម្ពស់សកម្មភាពមនុស្សធម៌ និងការរួបរួមគ្នាក្នុងសង្គមជាតិ តាមរយៈការអនុវត្តកិច្ចការគន្លឹះសំខាន់ៗចំនួន ៣ រួមមាន៖

*ទី១៖ ការផ្ដល់អំណោយធម៌ជូនជនងាយរងគ្រោះបំផុត ការឧបត្ថម្ភផ្ទាល់នានាសម្រាប់ទ្រទ្រង់ដល់សម្មភាពរបស់សាខា និងរៀបចំយន្តការត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពី វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម គ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។

*ទី២៖ ការលើកកម្ពស់ ការយល់ដឹង និងចូលរួមផ្ដល់ការអប់រំផ្សព្វផ្សាយលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានា ជំងឺមិនឆ្លងមួយចំនួនដូចជាជំងឺមហារីក ទឹកនោមផ្អែម បេះដូងសរសៃឈាមដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅ រួមទាំងការលើកកម្ពស់ សុខភាព មាតា ទារក កុមារនិងមនុស្សពេញវ័យ និងទី៣ ការលើកកម្ពស់គុណតម្លៃ និងលើកកម្ពស់ចលនាមនុស្សធម៌ សេចក្តីថ្លៃថ្នូរ មនុស្សជាតិ លើកកម្ពស់វប្បធម៌អហិង្សា ការពារសុខសន្តិភាព ដែលក្នុងនោះទាមទារឱ្យមានការចូលរួម ពង្រឹងស្មារតី សាមគ្គីភាព ការលើកកម្ពស់ វប្បធម៌នៃការចែករំលែក និងការជួយគ្នាទៅវិញទៅមកចាប់ពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ជាតិ។

បន្ទាប់ពីបញ្ចប់សន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង អាណត្ដិទី៦ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានបន្តដឹកនាំកិច្ចប្រជុំតម្រង់ទិស ជាមួយសមាជិក សមាជិកា គណៈកម្មាធិការសាខា អាណត្ដិទី៦ និងអនុសាខា៨ក្រុងស្រុក ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ឱ្យបានកាន់តែប្រសើរជាងមុន និងទាន់ពេលវេលា៕