(ភ្នំពេញ)៖ លោកស្រី ធាវ ឡេ ឈិង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា បានសន្យាថា ខ្លួននឹងខិតខំប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់វិនិយោគិនសិង្ហបុរីមកកាន់កម្ពុជាបន្ថែមទៀត ខណៈពេលដែលលោកស្រីបំពេញបេសកកម្មការទូតនៅកម្ពុជាទាំងពេលកន្លងមក និងពេលខាងមុខ។
លោកស្រី ធាវ ឡេ ឈិង (Teo Lay Cheng) បានលើកឡើងបែបនេះ ក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារទី១១ ខែមីនា ឆ្នាំ២០២៥។
បើតាមប្រសាសន៍របស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា, នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវការរីករាយ ស្វាគមន៍ក្នុងការជួបលោកស្រីជាថ្មី ដោយការជួបលោកស្រីលើកទីមួយ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្នុងពេលសម្ដេចតេជោ នៅជានាយករដ្ឋមន្រ្ដី ហើយនៅក្នុងពេលនេះសម្ដេចតេជោ ជាប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា។
សម្ដេចតេជោ និងលោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរី បានចែករំលែកគ្នាទៅវិញទៅមក នូវបញ្ហាមួយចំនួនដែលកើតមានឡើងនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល ជាពិសេសបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកើតឡើង នាពេលបច្ចុប្បន្ននេះ ដែលទាមទារឲ្យភាគីទាំងពីរ ពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា សិង្ហបុរី ក្របខណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការចូលរួមចំណែក និងការពង្រឹងកិច្ចសហការទ្វេភាគីនៃប្រទេសទាំងពីរ ពីព្រោះថា កន្លងមកសម្ដេចតេជោក៏ធ្លាប់បានរំលេចដែរថា យើងត្រូវសំឡឹងមើលទីផ្សារដែលនៅជិត នៅក្នុងភូមិផងរបងជាមួយគ្នា ជាពិសេសនៅក្នុងតំបន់អាស៊ាន។
ក្របខណ្ឌដែលសម្ដេចតេជោ ហ៊ុន សែន គូសរំលេចនោះ គឺចង់ឲ្យប្រទេសសិង្ហបុរី ក៏ដូចជាកម្ពុជា សំឡឹងជាមួយគ្នាក្នុងការធ្វើការក្រខណ្ឌអាស៊ាន ក្របខណ្ឌ RCEP ពីព្រោះក្នុងក្របខណ្ឌអាស៊ានសម្ដេចតេជោបានបញ្ជាក់ថា យើងមានប្រជាជនរហូតដល់ជាង ៦០០ លាននាក់ ចំណែក្របខណ្ឌ RCEP យើងមានប្រជាជនដល់ជាង ២ ពាន់លាននាក់ ដូច្នេះគឺជាទីផ្សារមួយដ៏ធំ ហើយឋិតនៅក្នុងតំបន់ដែលប្រទេសអាស៊ានគួរយកចិត្តទុកដាក់ចំពោះទីផ្សារដែលនៅកៀកៗគ្នាបែបនេះដែលអំណោយផលចំពោះការធ្វើទីផ្សារជាមួយគ្នា។
សម្ដេចតេជោ គូសបញ្ជាក់ថា ចំពោះទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងសិង្ហបុរី មកដល់ពេលនេះមានការរីកចម្រើនជាបន្តបន្ទាប់ តាមរយៈទំនាក់ទំនងទាំងការផ្លាស់ប្ដូរនូវទស្សនកិច្ចរវាងមេដឹកនាំនៃប្រទេសទាំងពីរ ទាំងសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ត្រូវជំរុញបន្ថែមផងដែរ។ នៅក្នុងចំណុចនេះសម្ដេចតេជោ ក៏បានជំរុញឲ្យធ្វើយ៉ាងណាការធ្វើពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា-សិង្ហបុរីឲ្យកាន់តែកើនឡើងថែមទៀត ខណៈមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានខ្ទង់ជាង១ពាន់លានដុល្លារ ដូច្នេះសម្ដេចសង្ឃឹមថា ក្នុងឱកាសខួប ៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ នឹងបន្តជំរុញទំនាក់ទំនង និងពាណិជ្ជកម្មឱ្យកាន់តែល្អប្រសើរថែមទៀត។
ក្នុងឱកាសនោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានរំលេចឡើងថា ជើងហោះហើរត្រង់រវាងកម្ពុជា-សិង្ហបុរី គឺមានកំណើនគួរឲ្យគត់សម្គាល់ និងគួរឲ្យសាទរ ប៉ុន្ដែសម្ដេចចង់ឃើញកំណើនជើងហោះហើររវាងប្រទេសទាំងពីរមានការរីកចម្រើនថែមទៀត។
ជាការឆ្លើយតប លោកស្រី ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំកម្ពុជា ថ្លែងយ៉ាងដូច្នេះថា «នឹងខិតខំប្រឹងប្រែងជំរុញនូវពាណិជ្ជកម្ម ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែកើនឡើង និងបន្តជំរុញវិនិយោគិនសិង្ហបុរីឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត»។
ក្នុងឱកាសនេះដែរ លោកស្រីបានកោតសរសើរចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់តាំងពីសម្ដេចនៅជានាយករដ្ឋមន្រ្ដីនៃកម្ពុជា រហូតដល់ក្លាយជាប្រមុខរដ្ឋស្ដីទី ក៏ដូចជាប្រធានព្រឹទ្ធសភានៃកម្ពុជា គឺសម្ដេចតែងតែមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយនូវបញ្ហាតំបន់ និងបញ្ហាពិភពលោក។
លោកស្រី ធាវ ឡេ ឈិង ប្រើពាក្យចំៗថា សម្ដចតេជោ គឺជារដ្ឋបុរសមួយរូបសម្រាប់ប្រជាជនកម្ពុជា និងជាមេដឹកនាំដែលមានគតិបណ្ឌិតជាច្រើនក្នុងការដោះស្រាយបញ្ហាតំបន់ ក៏ដូចជាពិភពលោក ដែលសម្ដេចជាមេដឹកនាំដែលមានបទពិសោធន៍ច្រើនហើយអាចចែករំលែកនូវគតិបណ្ឌិតសម្រាប់ដោះស្រាយបញ្ហានានាជាពិសេសបញ្ហានៅក្នុងតំបន់។
ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានកោតសរសើរ ចំពោះការដឹកនាំបន្តវេនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាគឺបានបន្តដឹកនាំប្រទេសដោយរលូន ខណៈមកដល់ពេលនេះអ្នកដឹកនាំបន្តវេនកំពុងតែខិតខំប្រឹងប្រែងខិតខំអភិវឌ្ឍប្រទេសកម្ពុជា និងរក្សាបាននូវសន្ដិភាព ធ្វើឲ្យសង្គមសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់៕