(ភ្នំពេញ)៖ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថា វិស័យអាកាសចរណ៍ស៊ីវិល បានចាប់ផ្តើមងើបឡើងវិញ ទាំងក្នុងតំបន់ និងសកលលោក ក្នុងនោះរួមទាំងកម្ពុជាផងដែរ ក្រោយពីរងផលប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងភាពមិនប្រក្រតីនៃស្ថានភាពសេដ្ឋកិច្ច ប៉ុន្តែកំណើននេះ នៅទាបជាងអត្រាកំណើនមុនការផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ នៅឡើយ។
ការលើកឡើងរបស់លោក ជា អូន ធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុប លទ្ធផលការងារអាកាសចរណ៍ស៊ីវិលឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៥។
លោកបានបន្ថែមថា ស្ថិតិអ្នកដំណើរតាមផ្លូវអាកាសក្នុងឆ្នាំ២០២៤ មានអ្នកធ្វើដំណើរសរុបចំនួន៦.២៤ លាននាក់ ដែលមានកំណើនប្រមាណ២២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួនអ្នកដំណើរសរុបចំនួន ៥.១១លាននាក់ និងគោលដៅហោះហើរដែលលេចធ្លោជាងគេនៅ គឺការហោះហើររវាងប្រទេសកម្ពុជា និងថៃ បន្ទាប់មកគឺ វៀតណាម ចិន និងឡាវ។
លោកបានបញ្ជាក់ថា ស្ថិតិទំនិញតាមផ្លូវអាកាស មានអត្រាកំណើនអវិជ្ជមាន ដោយសារតែនៅអំឡុងពេល ការផ្ទុះការរីករាលដាលជំងឺកូវីដ-១៩ ការដឹកជញ្ជូនតាមផ្លូវអាកាសមានតម្រូវការខ្ពស់ លុះដល់វិបត្តិនេះបិទបញ្ចប់ ការដឹកទំនិញតាមផ្លូវគោក និងផ្លូវទឹកក៏ចាប់ផ្តើមដំណើរការធម្មតាវិញ ជាហេតុធ្វើឱ្យការដឹកជញ្ជូន តាមផ្លូវអាកាសមានកំណើនថមថយ។ ក្នុងឆ្នាំ ២០២៤ ការដឹកទំនិញតាមផ្លូវអាកាសមានចំនួន ៧៧ ៨៥២ តោន ដែលមានកំណើនអវិជ្ជមានប្រមាណ ៤០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣ ដែលការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសមានចំនួន ៥៥ ៦៩៩ តោន។
លោកបានបន្ថែមថា ស្ថិតិជើងហោះហើរ របស់អាកាសយានដ្ឋានអន្តរជាតិទាំង៣នៅកម្ពុជា មានកំណើនមធ្យម ចំពោះការកើនឡើងនេះ បានឆ្លុះបញ្ចាំងពីភាពរីកចម្រើនជាក់ស្តែង ក្នុងវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា ក្រោយពីការរីករាលដាលជំងឺកូវីដ-១៩។ ក្នុងឆ្នាំ២០២៤ ទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ ជើង ដែលមានកំណើន ១៤% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលទទួលបានជើងហោះហើរសរុបចំនួន ៥១ ១៤៩ ជើង៕