(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូសមាសភាពគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ជាក់ស្តែងពីស្ថានភាពភូមិសាស្ត្រទន្លេមេគង្គ បណ្តាញស្នូលតាមដានទន្លេ នៅតំបន់អន្លង់ឈើទាល ភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅលើដងទន្លេសេសាន ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សមាសភាពគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទៅកាន់តំបន់ទន្លេមេគង្គ ភាគខាងជើងប្រទេសកម្ពុជា គឺក្នុងគោលបំណងស្វែងយល់លើទិដ្ឋភាពជាក់ស្តែងបន្ថែមពីលើរបាយការណ៍នៅក្នុងអង្គប្រជុំ ដោយធ្វើការពិនិត្យលើចំណុចមួយចំនួនដូចជា៖

១៖ ស្ថានភាពភូមិសាស្ត្រ និងរបបជលសាស្ត្រ ក្នុងប្រព័ន្ធទន្លេមេគង្គ និងប្រព័ន្ធទន្លេ ៣អេស

២៖ ស្វែងយល់អំពីកិច្ចដំណើរការ និងប្រតិបត្តិការទំនប់វារីអគ្គិសនីសេសានក្រោម២

៣៖ កិច្ចសហប្រតិបត្តិការតំបន់ក្នុងការអនុវត្តបណ្តាញស្នូលតាមដានទន្លេរបស់គណៈកម្មការទន្លេមេគង្គ ដូចជាស្ថានភាពជលសាស្ត្រ កំណកកករដី គុណភាពទឹក ជលផល និងសុខភាពអេកូឡូស៊ី។

សូមបញ្ជាក់ថា អាងទន្លេ ៣អេស ដែលរួមមានទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ជាដៃដ៏សំខាន់នៃទន្លេមេគង្គ ដែលតំណាងឱ្យ ១០% នៃផ្ទៃអាងទន្លេមេគង្គ និងមានធារទឹកប្រចាំឆ្នាំជាមធ្យម ២០%នៃធារទឹកមធ្យមប្រចាំឆ្នាំពីទន្លេមេគង្គ។ ក្នុងនោះ អាងទន្លេសេសាន គ្របដណ្តប់ផ្នែកខ្លះនៃខេត្ត Gia Lai និងខេត្ត Kon Tum ក្នុងប្រទេសវៀតណាម និងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ក្នុងប្រទេសកម្ពុជា និងអាងទន្លេស្រែពកគ្របដណ្ដប់ផ្នែកខ្លះ នៃខេត្ត Gia Lai និង ខេត្ត Lam Dong ក្នុងប្រទេសវៀតណាម និងខេត្តមណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ បណ្តាញស្នូលតាមដានស្ថានភាពទន្លេក្នុងអាងទន្លេមេគង្គ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យសុខភាពទូទៅរបស់ទន្លេ ដើម្បីប្រមូល និងវិភាគទិន្នន័យលើទិដ្ឋភាពរួមសំខាន់ៗនៃសុខភាពទន្លេមេគង្គ រួមមាន កម្រិតកម្ពស់ទឹក កម្រិតធារទឹក គុណភាពទឹក កម្រិតកករដី ជលផល និងសុខភាពអេកូឡូស៊ី៕