(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការងារ និងដាក់ទិសដៅបន្តសម្រាប់ខែបន្ទាប់ អនុវត្តការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ នៅសាលប្រជុំសាលាខេត្ត ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។
នៅក្នុងកិច្ចប្រជុំនេះ លោកបញ្ជាក់ថា ឆ្នាំនេះខេត្តកំពង់ធំ នឹងមានការរៀបចំ «សង្ក្រាន្តកំពង់ធំ» ឱ្យបានធំជាងឆ្នាំមុន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ងាកមកចាំអារម្មណ៍ «សង្ក្រាន្តកំពង់ធំ» និងចូលរួមទស្សនាកំសាន្ត បង្កើតបានជាបរិយាកាសសប្បាយរីករាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ។
លោកថា «ដូច្នេះដើម្បីឱ្យដំណើរការពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ប្រព្រឹត្តិទៅដោយរលូន និងមានភាពសប្បាយរីករាយ មន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងអាជ្ញាធរក្រុងស្រុក ខិតខំចលនាបងប្អូនប្រជាពលរដ្ឋ សំអាតបរិស្ថានជុំវិញផ្ទះ និងមុខផ្ទះឱ្យបានស្អាត ជាពិសេសអ្នករស់នៅក្នុងក្រុងស្ទឹងសែន»។
លោក នួន ផារ័ត្ន លើកឡើងថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងអំណរគុណកងកម្លាំងទាំងបី ដែលបានខិតខំក្នុងការការពារសន្តិសុខសណ្តាប់សាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការពារថ្នាក់ដឹកនាំ ដែលមានបេសកកម្មក្នុងទឹកដីខេត្តកំពង់ធំ ជាពិសេសបានចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងវាលលើ និងវាលក្រោម ទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធិភាព ព្រមទាំងការពារមិនឱ្យមានការកាប់ទន្ទ្រានថ្មី ហើយដីដែលមានការកាប់ទន្ទ្រានហើយត្រូវការពារមិនឱ្យមានការដាំដុះជាដាច់ខាត។
លោកបន្ថែមថា រដ្ឋបាលខេត្តកំពុងរៀបចំតុងតែងលម្អនៅតាមសួនស្ទឹងសែន និងតាមដងផ្លូវសាធារណៈក្នុងក្រុងស្ទឹងសែន ឱ្យមានភាពទាក់ទាញ លើកកម្ពស់សោភ័ណ្ឌភាពក្នុងក្រុងកាន់តែស្រស់ស្អាតថែមទៀត៕