(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសបារាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៉ារីស លោកឧបនាយករដ្ឋមន្ត្រី នឹងធ្វើទស្សនកិច្ចនៅអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) តបតាមការអញ្ជើញរបស់លោកស្រី Louise MUSHIKIWABO អគ្គលេខាធិការអង្គការ OIF ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់-កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅ នៅឆ្នាំ២០២៦ នៅប្រទេសកម្ពុជា។
បន្ថែមពីនេះ លោក ប្រាក់ សុខុន ក៏គ្រោងនឹងមានជំនួបជាមួយលោកស្រី Audrey Azoulay អគ្គនាយក នៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការយូណេស្កូ និងកម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌ផងដែរ៕