Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ នឹងយាងជាអធិបតីដ៏ខ្ពង់ខ្ពស់បួងសួងសុំសេចក្ដីសុខជូនដល់ប្រទេសជាតិ នៅប្រាសាទអង្គរវត្ត នាខែមេសាខាងមុខ

11-03-2025 14:54

(សៀមរាប)៖ សម្ដេចមហាមន្រ្ដី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំ ព្រះរាជពិធីបួងសួងសុំសេចក្ដីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមនឹងវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត។

ព្រះរាជពិធីនេះ នឹងប្រារព្ធទៅនៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២៥ នៅខាងមុខប្រាសាទអង្គរវត្ត។

ក្នុងឱកាសនោះ សម្ដេចមហាមន្រ្ដី គុយ សុផល បានបង្ហាញថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជពិធីនេះ ដោយសារតែទីតាំងនោះមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ។

សម្ដេចមហាមន្រ្ដី បន្តថា «អង្គរវត្ត ជាទឹកដីដ៏ស័ក្ដិសិទ្ធនៃព្រលឹងបុព្វបុរសខ្មែរ និងជាទីតាំងដ៏រុងរឿងនៃប្រទេសខ្មែរកាលពីសម័យបុរាណ។ ដូច្នេះទីតាំងនៅទីនោះមានអំណោយផលល្អសម្រាប់ការប្រារព្ធព្រះរាជពិធីនេះ បួងសួងចម្រើនសេចក្តីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយរបស់កម្ពុជាថែមទៀតផង»

សម្ដេចមហាមន្រ្ដី បានបន្តថា ព្រះរាជពិធីនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីសីលធម៌របស់ប្រជាជនខ្មែរ ដែលមានការគោរពដឹងគុណចំពោះម្ចាស់ទឹកម្ចាស់ដី ទេវតារក្សាលោក និងបុព្វបុរសខ្មែរគ្រប់ជំនាន់ប៉ុណ្ណោះទេ ហើយវាក៏បានឆ្លុះ បញ្ចាំងពីទំនៀមទម្លាប់ និងប្រពៃណីដែលជាផ្នែកមួយនៃអត្តសញ្ញាណជាតិ និងវប្បធម៌ខ្មែរ ដែលប្រជាជនតែងតែប្រារព្ធធ្វើតាមស្រុកតាមភូមិនីមួយៗ។

សម្ដេចមហាមន្រ្ដី ជឿជាក់ថា «ការប្រារព្ធព្រះរាជពិធីនេះនៅទីនេះ ក៏ជាការរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងសំណង់ស្ថាបត្យកម្មខ្មែរបុរាណទៅកាន់ពិភពលោក ក៏ដូចជា ការទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនានៅប្រទេសកម្ពុជាផងដែរ»

សម្ដេចមហាមន្រ្ដី គុយ សុផល បានស្នើក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងសហការជិតស្និទ្ធ ដើម្បីបំពេញភារកិច្ចទៅតាមមុខជំនាញឯកទេសរបស់ខ្លួន ដើម្បីឆ្ពោះទៅសម្រេចលទ្ធផលល្អប្រសើរ លើការងារសន្តិសុខ សណ្ដាប់ធ្នាប់ បដិសណ្ឋារកិច្ច ទីតាំង ពេលវេលា និងសកម្មភាពពាក់ព័ន្ធសំខាន់ៗក្នុងពេលប្រារព្ធព្រះរាជពិធី៕