(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីដង្ហែពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៤ លើវិស័យអប់រំ និងសុខាភិបាល ក្រោមអធិបតីភាពលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង។
ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណសួនវិមានឯករាជ្យខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្រ្តីរាជការក្រុង ស្រុក មន្ទីរ អង្គភាពនានា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ យុវជន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ប្រមាណ២,៣០០នាក់ចូលរួមផងដែរ។
សូមជម្រាបថា សម្រាប់ខេត្តបាត់ដំបងមានអង្គភាពចំនួន៤បានទទួលបានពានរង្វាន់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៤លើវិស័យអប់រំ និងវិស័យសុខាភិបាលរួមមាន៖ វិទ្យាល័យពេជ្រចិន្តា ទទួលបានចំណាត់ថ្នាក់លេខ១ ,សាលាមត្តេយ្យសិក្សាធនធានក្រុងបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ២, សាលាមត្តេយ្យសិក្សាធនធានព្រែកនរិន្ទ ទទួលបានចំណាត់ថ្នាក់លេខ៦ និង មន្ទីរពេទ្យបង្អែកសំពៅលូនទទួលបានចំណាត់ថ្នាក់លេខ១០។
លោក ប៉ិច ឈឿត នាយកវិទ្យាល័យពេជ្រចិន្តា តំណាងអង្គភាពទទួលបានជ័យលាភីទាំង៤ ថ្លែងការលើកទឹកចិត្តដល់អង្គភាពបម្រើសេវាសាធារណៈទាំងអស់ ក្នុងខេត្តបាត់ដំបង ចូលរួមប្រកួតប្រជែងជាបន្តបន្ទាប់ទៀត ឱ្យបានគ្រប់ៗគ្នា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីឧត្តមានុវត្ត និងនវានុវត្តន៍នៅក្នុងការគ្រប់គ្រងផ្ដល់សេវាជូនប្រជាពលរដ្ឋ ពិសេសការកែប្រែផ្លាស់ប្ដូរ ចំណុចខ្វះខាតរបស់អង្គភាពឱ្យបានល្អប្រសើរនិងការប្ដេជ្ញាចិត្តបន្តចូលរួមប្រកួតប្រជែង និងរិះរកគំនិតថ្មីៗក្នុងការអភិវឌ្ឍន៍អង្គភាពបន្ថែមទៀត។
ក្នុងឱកាសដ៏ថ្លៃថ្លានេះលោក សុខ លូ អភិបាលខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ពិធីដង្ហែពានរង្វាន់ជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០២៤លើវិស័យអប់រំ និងសុខាភិបាល គឺធ្វើឡើងដើម្បីអបអរសាទរ និងពញ្ញាក់ស្មារតីទៅដល់សាលារៀន ក៏ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដទៃទៀតដែលមិនទាន់បានជាប់ចំណាត់ថ្នាក់ឱ្យខិតខំក្នុងការប្រឡងប្រជែង និងពង្រឹងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោក សុខ លូ បានក្រើនរំលឹកដល់លោកគ្រូ អ្នកគ្រូឱ្យចូលរួមអប់រំណែនាំសិស្សានុសិស្សចៀសឆ្ងាយអំពីគ្រឿងញៀន ហើយមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់មិនត្រូវមានការពាក់ព័ន្ធនឹងគ្រឿងញៀននោះទេ៕