(ភ្នំពេញ)៖ លោក ធុល ត្រៃសូរ៉ាត់ (Tull Traisorat) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃប្រចាំនៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការក្នុងខិតខំធ្វើយ៉ាងណា ពង្រីកទំនាក់ទំនងរវាងកម្ពុជា-ថៃ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសនឹងបន្តជួយកៀរគរអ្នកវិនិយោគរបស់ថៃ ឱ្យមកបន្តដាក់ទុកវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។
លោក Tull Traisorat បានថ្លែងបញ្ជាក់ដូចនេះ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អនុញ្ញាតឲ្យចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
បើតាម លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានសម្ដែងនូវការស្វាគមន៍ ចំពោះដំណើរបំពេញបេសកកម្មការទូត របស់លោក ធុល ត្រៃសូរ៉ាត់ មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ។ សម្ដេចតេជោសង្ឃឹមថា តាមរយៈឯកអគ្គរាជទូត នឹងធ្វើឲ្យទំនាក់ទំនងកម្ពុជា និងថៃកាន់តែល្អប្រសើរបន្ថែមទៀត ដែលមកដល់ពេលនេះទំនាក់ទំនងរវាងកម្ពុជា និងថៃ គឺជាភាពដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដូច្នេះតាមរយៈឯកអគ្គរាជទូតថ្មីនៅពេលនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរបន្ថែមទៀតលើគ្រប់វិស័យ។
លោក ទុល ត្រៃសូរ៉ាត់ បានសម្តែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាត និងទទួលសារតាំងពីលោក ក្នុងឋានៈសម្ដេចជាប្រមុខរដ្ឋស្ដីទី។ លោកក៏បាននាំយកនូវការសួរសុខទុក្ខអំពីព្រះមហាក្សត្រថៃ ចំពោះសម្ដេចតេជោផងដែរនាឱកាសនេះ។
ក្នុងឆ្នាំ២០២៥ នេះជាខួប៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ ក៏បានរំលឹកអំពីការរៀបចំសកម្មភាពនានារវាងភាគីកម្ពុជា និងភាគីថៃ ក្នុងគោលដៅដើម្បីអបអរសាទរខួបទំនាក់ទំនងនេះ ជាពិសេសសម្ដេចតេជោក៏បានរំលឹកអំពីព្រឹត្តិការណ៍នៃការរៀបចំបាល់ទាត់មិត្តភាព ដែលធ្វើឡើងកាលពីថ្ងៃទី៨ ខែមីនា កន្លងទៅថ្មីៗនេះ ដែលបង្ហាញពីស្មារតីនៃសាមគ្គីភាពការពង្រឹងទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសទាំង២ក្នុងក្របខ័ណ្ឌគ្រប់វិស័យ។
ជាមួយគ្នានោះសម្ដេចតេជោ ក៏បានលើកឡើងអំពីទំហំពាណិជ្ជកម្មផងដែរ ដោយពេញចិត្តចំពោះទំហំពាណិជ្ជកម្ម រវាងកម្ពុជា និងថៃ ដែលក្នុងឆ្នាំ២០២៤កន្លងទៅនេះ បានកើនឡើងរហូត ១០ពាន់លានដុល្លារ ធៀបឆ្នាំ២០២៣ ដែលយើងមាន ៨ពាន់លានដុល្លារ ដែលការកើនឡើងនេះបង្ហាញអំពីទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ ទន្ទឹមនឹងការដើរទៅជាមួយគ្នានៃទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរ ក៏កាន់តែល្អប្រសើរដែរ តាមរយៈការផ្លាស់ប្ដូរថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលកន្លងទៅនេះសម្ដេចអធិបតីនាយករដ្ឋមន្ត្រី ក៏ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសថៃ ហើយពេលខាងមុខនេះនាយករដ្ឋមន្ត្រីថៃនឹងបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ ក្នុងឱកាសខួប៧៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ជាមួយគ្នានោះសម្ដេចតេជោ បានសម្ដែងនូវភាពរីករាយចំពោះកំណើនទេសចរណ៍រវាងប្រទេសទាំងពីរ ដែលក្នុងនោះកំណើតភ្ញៀវទេសចរណ៍ថៃមកកាន់ប្រទេសកម្ពុជាមានការកើនឡើងដែលឆ្នាំ២០២៤ មានរហូតដល់ ២លាននាក់ ដែលឈរនៅលំដាប់ទី១ ក្នុងចំណោមទេសចរណ៍បរទេស ហើយទេសចរណ៍កម្ពុជាទៅប្រទេសថៃវិញគឺ ប្រមាណ ៥៥ម៉ឺននាក់ ក្នុងឆ្នាំ២០២៤ ដែលនេះបង្ហាញអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ។
ឆ្លៀតនៅក្នុងឱកាសនេះសម្ដេចតេជោប្រមុខរកស្ដីទី ក៏បានផ្ដាំសួរសុខទុក្ខថ្វាយចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃផងដែរ តាមរយៈលោកអគ្គរាជទូតថៃនៅពេលនេះ។
នាឱកាសនោះដែរ លោកឯកអគ្គរាជទូតថៃ បានប្តេជ្ញាក្នុងការបំពេញបេសកកម្មនៅកម្ពុជា ដោយយកចិត្តទុកដាក់ ធ្វើយ៉ាងណាក្នុងការពង្រឹង ពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសថៃឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសការគៀងគរការយោគរបស់ថៃមកកម្ពុជាឲ្យកាន់តែច្រើនបន្ថែមទៀត។
ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរលោក ធុល ត្រៃសូរ៉ាត់ ឯកគ្គរាជទូតថៃប្រចាំនៅកម្ពុជា សូមឱ្យបំពេញការងារជាបេសកកម្មការទូតនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕