(បាត់ដំបង)៖ កម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ (ISF) បាននិងកំពុងប្រែក្លាយសហគ្រាសកែច្នៃណែមត្រី ចំនួន ២ទីតាំងក្នុងខេត្តបាត់ដំបង ទៅជាសហគ្រាសអនុវត្តស្ដង់ដារសុវត្ថិភាពម្ហូបអាហារជូនអតិថិជន។
សហគ្រាស សីហា ម៉ាលី ណែមត្រីបាត់ដំបង និងសហគ្រាសរស្មីបាត់ដំបង ណែមសាច់ត្រី បានប្រាប់បណ្ដាញសារព័ត៌មាន Fresh News ថា ពួកគាត់ពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមជាមួយកម្មវិធី (ISF) ដែលជាផ្នែកមួយរប់គម្រោង Capfish-Capture របស់អង្គការយូនីដូ សហការរួមដោយរដ្ឋបាលជលផល ក្រោមកញ្ចប់ជំនួយពីខាងសហភាពអឺរ៉ុប។
ម្ចាស់សហគ្រាសទាំងពីរ បានលើកឡើងដូចគ្នាថា មុនពេលចូលរួមជាមួយកម្មវិធីនេះ ពួកគាត់ជួបបញ្ហាប្រឈមជាច្រើន ដូចជាកង្វះខាតសម្ភារ បរិក្ខារ និងទីតាំងកែច្នៃ ដែលអនុលោមតាមលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពម្ហូបអាហារ ការធ្វើទំនើបកម្មឧបករណ៍ដូចជា ម៉ាស៊ីនកិនត្រី ម៉ាស៊ីនលាយផ្សំគ្រឿង និងសម្ភារវេចខ្ចប់ គឺជាបញ្ហាប្រឈមចំពោះមុខរបស់សហគ្រាស។ បន្ថែមលើនេះ ព័ត៌មាន និងចំណេះដឹងអំពីទីផ្សារដែលមានតម្លៃថ្លៃ ក៏ជាឧបសគ្គដែលសិប្បកម្ម ចាំបាច់ត្រូវស្វះស្វែង និងដោះស្រាយជាបន្តទៀត។
ពួកគាត់បានបន្តថា អ្វីដែលសំខាន់នោះគឺ កង្វះខាតចំណេះដឹង និងបច្ចេកទេសក្នុងការថែរក្សាត្រីមិនឱ្យអន់សាច់ កែលម្អការវេចខ្ចប់ វិញ្ញាបនប័ត្រ CQS សម្រាប់ផលិតផល និងចំណេះដឹងស្តីពីសុវត្ថិភាពម្ហូបអាហាររបស់បុគ្គលិកនិងដៃគូអាជីវកម្មជាកិច្ចការដែលសហគ្រាសត្រូវប្រឹងប្រែងបន្ថែម។
ក៏ប៉ុន្តែក្រោយចូលរួមជាមួយកម្មវិធីនេះ, ពួកគាត់ទទួលបាននូវចំណេះដឹងបន្ថែមផ្នែកសុវត្ថិភាពម្ហូបអាហារជូនទៅអតិថិជន ការអនុវត្តស្ដង់ដារអនាម័យ ជាពិសេសគាត់ទទួលបាននូវសម្ភារបរិក្ខារជាច្រើន ដែលជួយពង្រឹង និងពន្លឿនចង្វាក់ផលិតកម្មរបស់គាត់ឱ្យបានកាន់តែច្រើនជាងមុន។
សូមជម្រាបថា តាមរយៈកិច្ចគាំទ្រក្រោមកម្មវិធីហិរញ្ញវត្ថុគាំទ្រការវិនិយោគ ISF សហគ្រាសនឹងសម្រេចបានសមិទ្ធផលសំខាន់ៗ ដូចជា៖
*កែលម្អទីតាំងកែច្នៃស្របតាមប្លង់ ផ្តល់ដោយទីប្រឹក្សាគម្រោង ដើម្បីអនុលោមតាមការអនុវត្តសុវត្ថិភាពម្ហូបអាហារ (CQS)
*ប្រើប្រាស់ប្រាក់កម្ចី និងបរិក្ខារដែលផ្តល់ដោយកម្មវិធី ISF ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិក្ខារ កែលម្អផលិតភាពផលិតកម្ម និងសុវត្ថិភាព
*បំពាក់បំប៉នចំណេះដឹងដល់បុគ្គលិក និងដៃគូអាជីវកម្មលើការអនុវត្តសុវត្ថិភាពម្ហូបអាហារ (CQS) និងការផ្សារភ្ជាប់ទីផ្សារ
*អនុវត្តផែនការគ្រប់គ្រងបរិស្ថាន និងសង្គម (ESMP)
*រៀបចំត្រៀមខ្លួនសម្រាប់សវនកម្មវិញ្ញាបនប័ត្រ CQS
*អភិវឌ្ឍស្លាកសញ្ញា និងសម្ភារវេចខ្ចប់ ដើម្បីទទួលបានតម្លៃបន្ថែមកាន់តែប្រសើរ
*បង្កើនភាពប្រកួតប្រជែង និងបោះជំហានចូលទីផ្សារទៅកាន់ទីផ្សារតម្លៃថ្លៃថ្មីៗ និងទីផ្សារក្រៅស្រុក ជាមួយតម្លៃបន្ថែមកាន់តែប្រសើរ៕