(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី២៧ ខែតុលានេះថា ឆ្លងកាត់កិច្ចប្រជុំ គណៈកម្មការថ្នាក់ជាតិពិនិត្យបញ្ជីទណ្ឌិត ស្នើសុំបន្ថូរបន្ថយទោស និងលើកលែងទោស សម្រាប់ក្នុងឱកាសបុណ្យអ៊ំទូកខាងមុខនេះ មានអ្នកទោសចំនួន ៨៨នាក់ប៉ុណ្ណោះ ដែលត្រូវបានស្នើអនុគ្រោះទោស។
លោក គឹម សន្តិភាព បានបញ្ជាក់ថា ជាលទ្ធផលគណៈកម្មការជាតិបានពិនិត្យបញ្ចប់លើសំណើ ដែលទទួលបានពីគណៈកម្មការរាជធានីខេត្តចំនួន១៩ និងគណៈកម្មការក្រសួងមហាផ្ទៃចំនួន៤ ដែលរួមទណ្ឌិតសរុប ស្នើអនុគ្រោះទោសចំនួន ៥៦០នាក់(ស្ត្រី៤៣នាក់)។
ឆ្លងតាមកិច្ចប្រជុំពិនិត្យពិភាក្សាយ៉ាងតឹងរឹង និងល្អិតល្អន់នោះ គណៈកម្មការថ្នាក់ជាតិបានឯកភាពស្នើអនុគ្រោះទោសដល់ទណ្ឌិតចំនួន៨៨នាក់ (ស្រី៦) ក្នុងចំណោម៥៦០នាក់ ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលក្នុងនោះ៖
១៖ លើកលែងទោស៖ ៧នាក់, ២៖ បន្ថូរបន្ថយទោស៖ ៨១នាក់។
a.១២ខែ៖ ១៧នាក់ (ស្រី២នាក់)
b. ៩ខែ៖ ១៨នាក់
c. ៦ខែ៖ ៤៦នាក់ (ស្រី៤នាក់)
កិច្ចប្រជុំនេះដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ រយៈពេល២ថ្ងៃគឺពីថ្ងៃទី២៦ ដល់២៧ ខែតុលា ឆ្នាំ២០១៦ នាទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៌ អគ្គនាយកដ្ឋានពន្ធនាគារ អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕