(ភ្នំពេញ)៖ តបទៅនឹងសារអំពាវនាវរបស់ក្រុមជ្រុលនិយមឱ្យពលរដ្ឋក្រោកឈរ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋតែងតែក្រោកឈរ ទៅបោះឆ្នោតរៀងរាល់ ៥ឆ្នាំម្តង ដើម្បីជ្រើសរើសមេដឹកនាំប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងទៅកាន់ក្រុមជ្រុលនិយម កុំជំរុញពលរដ្ឋឱ្យក្រោកឈរគ្រប់ពេល ព្រោះនៅប្រទេសប្រជាធិបតេយ្យ មិនដែលរុញពលរដ្ឋឱ្យបះបោរ ក្រោយពេលបោះឆ្នោតនោះទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំឃើញ អ្នកខ្លះ ពិសេសអ្នកនៅក្រៅស្រុក ឲ្យតែមានរឿងអីបន្តិចភ្ជាប់ ហើយថា នៅធ្វើអីទៀត​ត្រូវក្រោកឈរឡើង។ ហឹម! ៥ឆ្នាំ ក្រោមឈរទៅបោះឆ្នោតម្តងទៅបានហើយ។ ពលរដ្ឋ ៨០% បោះឆ្នោតហើយ គាត់ផ្តល់លទ្ធភាព ដើម្បីធ្វើការងារបន្ត។ នៅប្រទេសប្រជាធិបតេយ្យទាំងអស់ គេមិនដែលបោះហើយ ១ឆ្នាំក្រោយគេបបួលគ្នាទៅទម្លាក់អីទេ គេទុកឱកាសឲ្យរដ្ឋាភិបាល»

បើតាមការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្មានរដ្ឋាភិបាលណា នៅក្នុងពិភពលោក មិនប្រឈមនឹងបញ្ហាទេ ហើយក្រៅអីដឹកនាំប្រទេសនេះ គឺជាកៅអីក្តៅ ដែលដោះស្រាយបញ្ហា៕