(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សានៅ​វិទ្យា​ស្ថាន​វ៉ាន់ដា។

និស្សិតដែលបញ្ចប់ការសិក្សា ហើយទទួលសញ្ញាបត្រនាព្រឹកថ្ងៃនេះ មានកម្រិតបរិញ្ញា​បត្រ​រង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤,៤២៦នាក់ នារី ៣,៩២៤នាក់។ ពួក​គេ បានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០២៣-២០២៤ នៅទីតាំងគោលក្នុង​រាជធានី​ភ្នំ​ពេញ សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង ក្នុងនោះក៏មាននិស្សិតបរិញ្ញាបត្រ ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ៥០នាក់ផងដែរ។

ធនធានមនុស្សរបស់កម្ពុជា បានរងការបំផ្លាញស្ទើរគ្មានសល់ដោយសាររបបបនប្រល័យ​ពូជ​សាសន៍ប៉ុលពត។ ក្រោយរបបនេះត្រូវបានវាយផ្តួលរំលំនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩​៧៩ ការកសាងប្រទេស និងកសាងធនធានមនុស្សឡើងវិញជាការងារដ៏លំបាកសម្រាប់​កម្ពុជា។ ​ការអប់រំជាកិច្ចការអាទិភាព ហើយត្រូវបានប្រឹងប្រែងបណ្តុះបណ្តាលឡើងវិញ​យ៉ាង​ត្រដាប​ត្រដួសបំផុត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមវិធី​សាស្ត្រ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច, អ្នកចេះតិច បង្រៀនអ្នកមិនចេះ»។

គោលនយោបាយអប់រំ ត្រូវបានសម្រួចជាបន្តបន្ទាប់។ ដើម្បីឱ្យការងារអប់រំ បណ្តុះ​បណ្តាលធនធានមនុស្សឆ្លើយតបនឹងកំណើនរបស់ប្រជាពលរដ្ឋកាន់តែខ្ពស់នោះ សម្តេច​តេជោ ហ៊ុន សែន ក្នុងពេលនៅជានាយករដ្ឋមន្ត្រី ក៏បានសម្រេចផ្តល់ឱកាសឱ្យវិស័យ​ឯកជនចូលរួមលើការងារបណ្តុះបណ្តាលនេះ។

វិទ្យាស្ថានវ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្ន មានទីតាំង​ចំនួន ៣កន្លែង កំពុងដំណើរការ។ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង២កន្លែងទៀតនៅ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

របាយការណ៍របស់លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ វិទ្យាស្ថានវ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់​គ្រង បុគ្គលិក និងសាស្ត្រាចារ្យ សរុបចំនួន ៩៧១នាក់ នារី ៣៨២នាក់ និងនិស្សិត កំពុង​សិក្សាចំនួន ១០,២១២នាក់ នារី ៩,១៧០នាក់។

លោកបណ្ឌិត បានឱ្យដឹងទៀតថា គិតចាប់ពីឆ្នាំសិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា​២០២៣-២០២៤ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភី នេះផង មានចំនួនសរុប ៥៦,៥២៦នាក់ នារី ៤៧,៩៨៣នាក់។ ដោយឡែកនិស្សិត​ជ័យ​លាភី ត្រូវទទួលសញ្ញាបតនាឱកាសនេះវិញ យោងតាមការធ្វើអង្កតបានបង្ហាញថា និស្សិតចំនួន ៤,៥២៦នាក់នេះ អ្នកមានការងារធ្វើចំនួន ៣,៩៧៤នាក់ ស្មើនឹង ៨៩,៧៩ភាគរយ។

ឈរលើមូលដ្ឋាននេះ ដើម្បីពង្រឹងនិរន្តរភាព ប្រសិទ្ធភាព និងការផ្តល់សេវាអប់រំប្រកប​ដោយគុណភាពនោះ លោកបណ្ឌិតនាយកវិទ្យាស្ថាន បានឱ្យដឹងថា វិទ្យាស្ថានវ៉ាន់ដា បាន​អនុវត្ត និងមានចក្ខុវិស័យច្បាស់លាស់ ក្នុងការបន្តពង្រឹង គុណភាពប្រព័ន្ធគ្រប់គ្រង​ផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យរបស់និស្សិតក្នុងគោលបំណងអនុវត្ត​ឱ្យ​បានល្អប្រសើរ ស្របតាមកម្រិតបទដ្ឋាននៃការបណ្តុះបណ្តាល និងទីផ្សារការងារបច្ចុ​ប្បន្ន​។ ក្រៅពីនេះ ជាមួយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ វិទ្យាស្ថាន ក៏បាន​រៀបចំពង្រីកទីតាំងបន្ថែមទៀត ពិសេសអគារសិក្សា បណ្ណាល័យ អីុនធើណែត ដោយ​បំពាក់​សម្ភារឧបទស សិក្សាទំនើបៗ សម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រីកការទំនាក់ទំនង​ឱ្យបានល្អ ជាមួយវិស័យអប់រំ និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជាក្រសួង​អប់​រំ យុវជន និងកីឡា, គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះ​ស្ថាន​ឧត្តម​សិក្សាកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, និយ័តករគណនេយ្យ និងសវនកម្ម និងស្ថាប័នពាក់ព័ន្ធ, សមាគមគណនេយ្យករចក្រភពអង់គ្លេស, សាកលវិទ្យាល័យមួយ​ចំនួន​ក្នុងប្រទេសថៃ និងចិនជាដើម៕