(ភ្នំពេញ)៖ លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិនរាប់ម៉ឺនដុល្លារ។ សម្រាប់ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។
ពាក់ព័ន្ធជាមួយនឹងការចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកទាំង២នាក់នេះ នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បណ្តាញព័ត៌មាន Fresh News បានទទួលព័ត៌មានលម្អិត ដែលផ្តល់ជូនដោយអង្គភាពប្រឆាំងអំពើពុករលួយពីដំណើររឿង ដែលនាំឲ្យមានការប្រព្រឹត្តបទល្មើសមួយនេះ។
ខាងក្រោមនេះជាព័ត៌មានលម្អិតរបស់អង្គភាពប្រឆំាំងអំពើរលួយ៖
តាមអ្នកនាំពាក្យ នៃអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ បានបំភ្លឺថា អង្គភាពពិតជាបានកសាងសំណុំរឿងលោក ទិត វុទ្ធី និងបក្ខពួកបញ្ជូនទៅតុលាការពិតមែន ហើយករណីនេះ អយ្យការ និងចៅក្រមតុលាការ ខេត្តកំពង់ស្ពឺ ពិតជាបានចោទប្រកាន់លោកអភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី, អ្នករត់ការ ហ៊ាវ ខន (វរសេនីយ៍ត្រីយោធា) និងអ្នកបកប្រែភាសាចិន អ៉ីង សារឿន ពីបទពុករលួយ (រំលោភអំណាច) និងបទក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងបន្លំលិខិតឯកសារសាធារណៈ និងប្រើប្រាស់លិខិតឯកសារសាធារណៈពិតមែន។
ផ្តើមចេញពីការចុះផ្សាយរបស់សារព័ត៌មានយ៉ាងតិចចំនួន៧គេហទំព័រ បានចង្អុលមុខចំៗថា អភិបាលរងខេត្តកំពង់ស្ពឺឈ្មោះ ទិត វុទ្ធី បានយកប្រាក់ពីអ្នកវិនិយោគជនជាតិចិនចំនួន៤០ម៉ឺនដុល្លារ លើតម្លៃសរុប៨០ម៉ឺនដុល្លារ ដែលតម្រូវឲ្យអ្នកវិនិយោគបង់ថ្លៃធ្វើអាជ្ញាបណ្ណ គិតត្រឹមថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ មានអ្នកចូលមើលជិត១លាននាក់។
គេហទំព័រទាំងនោះបានបង្ហាញច្បាស់ពីតួអង្គ៣រូប រួមមាន៖ អភិបាលរងខេត្តកំពង់ស្ពឺ ទិត វុទ្ធី, វរសេនីយ៍ត្រីយោធា ហ៊ាវ ខន ជាអ្នករត់ការ និងតួអង្គទី៣ ឈ្មោះ អ៉ីង សារឿន (ឈ្មោះភាសាចិន អ៉ីង វិនឆាយ Yin Wemncai) បានរៀបគម្រោងឲ្យអ្នកវិនិយោគចិនម្នាក់ ឈ្មោះ លី មិនឆាង (Li Minchang) ដែលចង់វិនិយោគលើរ៉ែស្ពាន់នៅខេត្តបៃលិន។
សារព័ត៌មានបានចុះផ្សាយខ្សែអាត់សំឡេងជាកង់ៗមួយចំនួន លិខិតទទួលប្រាក់២លើក គឺ២៣ម៉ឺនដុល្លារ និង១៦ម៉ឺនដុល្លារ ដែលភាគីជនជាតិចិនបានប្រគល់ឲ្យអ្នកបកប្រែ អ៉ីង សារឿន។ គេហទំព័របានចុះផ្សាយនូវអាត់សំឡេងដែល អ៉ីង សារឿន (អ្នកបកប្រែ) បានទទួល៤០ម៉ឺនដុល្លារ ពិតប្រាកដ តែដោយភាគីចិន លី មិនឆាង (Li Minchang) (ACU ហៅថា ចិនទី១) មិនព្រមបង់៤០ម៉ឺនដុល្លារទៀត បង្រ្គប់៨០ម៉ឺនដុល្លារ ទើបក្រសួងបញ្ឈប់មិនឲ្យអាជ្ញាបណ្ណ (អ្នកបកប្រែ អ៉ីង សារឿន មួលបង្កាច់ថា ក្រសួងជាអ្នកនិយាយដូច្នោះ)។
រីឯអាត់សំឡេងដែលគេហទំព័រ បានបង្ហាញទៀតបង្ហាញថា អ្នករត់ការ ហ៊ាវ ខន ថា ខ្លួនមិនបានទទួលយក៤០ម៉ឺនដុល្លារដូចអ្នកបកប្រែ អ៉ីង សារឿន និយាយនោះទេ។ ខ្លួន (ហ៊ាវ ខន) ទទួលបាន១០ម៉ឺនដុល្លារប៉ុណ្ណោះ (ACU ស្រាវជ្រាវឃើញថា ក្នុងករណីចិនទី១នេះ ហ៊ាវ ខន ទទួលបានតែ ៤ម៉ឺនដុល្លារទេ មិនមែន១០ម៉ឺនឡើយ)។
គេហទំព័រទាំង៧នោះ នៅបានចុះផ្សាយភស្តុតាង២ទៀតយ៉ាងសំខាន់គឺ៖ (១) ផែនទីទីតាំងជម្រករ៉ែ លោហៈទំហំ ១០៣,៨១ គម២ នៅខេត្តប៉ៃលិន ដែលត្រូវរត់ការឲ្យចិនទី១ និងទី(២) ភស្តុតាងដែលក្រុមទាំង៣នាក់ (អភិបាលរងខេត្ត ទិត វុទ្ធី, អ្នករត់ការ ហ៊ាវ ខន និង អ្នកបកប្រែ អ៉ីង សារឿន) ឯកភាពឲ្យអ្នកបកប្រែ អ៉ីង សារឿន ប្រាប់ទៅចិនទី១ និងចិនទី២ នូវតម្លៃដែលរដ្ឋ (ក្រសួងរ៉ែ និងថាមពល) កំណត់យកថ្លៃសេវាថ្លៃរត់ការយកអាជ្ញាបណ្ណរ៉ុករករ៉ែ ដែលមានទំហំ ៩០គម២ គឺ៨០ម៉ឺនដុល្លារ ហើយត្រូវបង់ជាបីដំណាក់កាល៖
-ដំណាក់កាលទី១ ពេលចាប់ផ្តើមដាក់ពាក្យ បង់៣០%
-ដំណាក់កាលទី២ ក្រោយបន្តិចបង់២០% (៥០%នេះ ត្រូវជា៤០ម៉ឺនដុល្លារ ភាគីចិនទី១ គឺលោក លី មិនឆាង បានបង់ប្រាក់ឲ្យរួចារាល់ហើយ)
-ដំណាក់កាលទី៣ បង់៥០%ទៀត ពេលចូលកាន់កាប់ និងធ្វើសកម្មភាពរុករក។
ទោះបីមានភស្តុតាងប្រហែល១០% នៃសាច់រឿងទាំងមូលដែលសារព័ត៌មានបានផ្សាយជាសាធារណៈក្តី, ក្រុម៣នាក់នេះនៅតែប្រកែកថា មិនបានប្រព្រឹត្តទេ រហូតមកដល់មុខ ACU ក៏នៅតែប្រកែកថា ខ្លួនមិនបានដឹងរឿងទាំងនេះទេ។ អ្នកបកប្រែ អ៉ីង សារឿន បដិសេធថា បានផ្តិតមេដៃលើលិខិតទាំង២មែន តែប្រាក់ខ្លួននៅមិនបានទទួលនៅឡើយ។ ពេល ACU ទម្លាក់ភស្តតាងថា ពិតជាបានទទួលប្រាក់ ៤០ម៉ឺនដុល្លារមែន អ្នកបកប្រែ អ៉ីង សារឿន បានឆ្លើយថា ប្រាក់នោះបានប្រគល់ឱ្យអ្នករត់កាអស់ហើយ។
ឯអភិបាលរងខេត្ត ទិត វុទ្ធី ប្រកែកថា មិនស្គាល់ចិននោះទេរហូតពេល ACU ទម្លាក់ភស្តុតាងម្តងមួយៗទើបទទួលស្គាល់ ហើយថាបានជួប២ដង ACU បង្ហាញភស្តុតាងទៀត ទើបទទួលស្គាល់ថា ជួបច្រើនដង និងមានចរចារត់ការមែន។ នៅដំណាក់កាល ACU, អ្នកទាំង៣ នៅបន្តភូតកុហកបន្តទៀត រហូតភស្តុតាងទម្លាក់បន្តបន្ទាប់ទើបប្រកែកមិនបាន។ ដើម្បីឲ្យភាគីចិនជឿជាក់ និងព្រមបង់លុយឲ្យខ្លួនក្រុម៣នាក់នះ បានធ្វើសកម្មភាពជាច្រើនដូចជា៖
- យកផែនទីតំបន់រុករករ៉ែ ១០៣,៨១ គម២ នៅខេត្តប៉ៃលិន ដែលក្រសួងបានផ្តល់អាជ្ញាបណ្ណឲ្យអ្នកវិនិយោគមួយរួចហើយ មកក្លែងក្លាយ (លុបឈ្មោះម្ចាស់ពិតចេញ) មកប្រគល់ឲ្យ លី មិនឆាង (ចិនទី១) នាំចិនទៅខេត្តប៉ៃលិន ដើម្បីបានទៅមើលទីតាំងនោះដែលជាទីតាំងមានម្ចាស់រួចទៅហើយ។ ពេលទៅមិនបានសម្រេច អភិបាលរងខេត្ត ទិត វុទ្ធី យកតួនាទីខ្លួនទាក់ទងខេត្តប៉ៃលិនឱ្យជួយទទូលក្រុមខ្លួន និងអ្នកវិនិយោគចិន និងជូនចិនផ្ទាល់ទៅខេត្តប៉ៃលិន ធ្វើឲ្យចិនមានការទុកចិត្ត។
- នាំចិនដើម្បីទៅខួងយកសំណៅសម្រាប់វិភាគអំពីរ៉ែស្ពាន់។ល។ ទើបភាគីចិនសុខចិត្តប្រគល់លុយ២លើកចំនួន៥០% ត្រូវជា៤០ម៉ឺនដុល្លារ។ ក្រោយសកម្មភាពបានមួយរយៈក៏សម្រុកទារ៤០ម៉ឺនដុល្លារទៀតដើម្បីបញ្ចប់។ ភាគីចិន(ចិនទី១) ចាប់ផ្តើមសង្ស័យថា គាត់មិនទាន់បានចូលកាន់កាប់ ទី២គាត់មិនទាន់បានឃើញអាជ្ញាបណ្ណ។
ក្រុម៣នាក់នេះរួមគ្នាក្លែងអាជ្ញាបណ្ណរបស់រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលលោក កែវ រតនៈ, លិខិតអនុញ្ញាតយល់ព្រមឲ្យរុករករបស់រដ្ឋមន្រ្តីបរិស្ថានលោក អ៊ាង សុផល្លែត ផ្ញើទៅភាគីចិនទី១នេះ ភាគីចិនមិនមានការសង្ស័យលើលិខិតក្លែងទាំង២នេះទេ ប៉ុន្តែនៅតែមិនកក់ក្តៅ ដើម្បីប្រគល់លុយ៤០ម៉ឺនដុល្លារបង្រ្គប់៨០ម៉ឺនដុល្លារដែរ។
ក្រុមទាំង៣នាក់ប្រាប់ទៅភាគីចិនទី១ថា ទុកពេលឲ្យ២ខែ បើមិនបង់ប្រាក់៤០ម៉ឺនទៀតអាជ្ញាបណ្ណដែលទទួលបាននឹងត្រូវលុប។ អ្នកបកប្រែ អ៉ីង សារឿន បាននិយាយតាម WeChat ទៅភាគីចិនថា ក្រសួងគិតថា បើអ្នកមិនបង់លុយ៤០ម៉ឺនដុល្លារទៀត អ្នកជាអ្នកវិនិយោគគ្មានលុយ ចិនជជុះ មានលុយតិចតួច រត់ការដើម្បីទៅលក់បន្ត។ ដើម្បីបង្កើតលេសថា ក្រសួងជាអ្នកដកអាជ្ញាបណ្ណពីភាគីចិននះពិតប្រាកដមែន ក្រុមទាំង៣នាក់នេះ បានក្លែងលិខិតរបស់ចិន លី មិនឆាង សុំទៅលោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល សុំអាជ្ញាបណ្ណសិក្សារុករករ៉ែលើផ្ទៃដី ១០៣,៨១ គម២ ទីតាំងដែលក្រសួងបានឲ្យអាជ្ញាបណ្ណនេះទៅអ្នកផ្សេងរួចហើយ។
ក្រុមទាំង៣នាក់ បានជួលគេឲ្យគេសរសេរគម្រោងផែនការអស់៥ពាន់ដុល្លារ និងជួលអ្នកជំនាញមកធ្វើបទបង្ហាញ ជូនក្រសួងរ៉ែ និងថាមពលអស់២០០ដុល្លារ។ ជាលទ្ធផលរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ធ្វើលិខិតឆ្លើយតបជាផ្លូវការថា ក្រសួងមិនពិនិត្យលើករណីនេះទេ ព្រោះទីតាំងដែលក្រុមហ៊ុនលោកស្នើជាទីតាំងដែលបានអនុញាតឲ្យអ្នកដទៃរួចហើយ។ ក្រុមអ្នកទាំង៣ យកចម្លើយនេះរបស់ក្រសួងថា ក្រសួងមិនបន្តអាជ្ញាបណ្ណឲ្យទេព្រោះក្រុមហ៊ុនមិនមានបញ្ជូនមនុស្សមកការពារគម្រោង ហើយបកស្រាយផ្ទាល់មាត់ទៀតថា អ្នកឯងមិនព្រមបង់៤០ម៉ឺនដុល្លារទៀត ទើបក្រសួងលុបអាជ្ញាបណ្ណ។
អង្គហេតុនេះ ACU ដាក់ឈ្មោះថា ជាអង្គហេតុទី១ ឬអង្គហេតុប៉ៃលិនទី១ ព្រោះរឿងដដែលនេះក្រុមទាំង៣នាក់ បានយកឯកសារប៉ៃលិនដដែល សកម្មភាពដដែល យកតួនាទីជាអភិបាលរងខេត្ត ដើម្បីឲ្យអភិបាលខេត្តនានា ដូចជា ស្ទឹងត្រែង ព្រះវិហារ ប៉ៃលិន ជួយសម្របសម្រួលការងារទាំងខ្លួនមិនមានសិទ្ធិ ភារកិច្ច ហើយបានទឹកប្រាក់ពីចិនទី២ម្នាក់ទៀត លើផែនទីក្លែងក្លាយដដែល រហូតមកដល់ចិនទី២នោះបានប្រគល់លុយ ៨០ម៉ឺនដុល្លារគ្រប់ចំនួនតែម្តង។
ACU សូមដាក់ឈ្មោះអង្គហេតុនេះជាអង្គហេតុប៉ៃលិនទី២ ហើយយកលុយបានសម្រេចចំនួន ៨០ម៉ឺនដុល្លារពីចិនទី២ មានឈ្មោះ ផាន់ អ៉ីជុន Pan Yijun។ ចិនទី២នេះក៏ជាមិត្តភក្តរបស់ចិនទី១ ហើយក៏ជាអ្នកជួយកាន់ផ្ទេរលុយរបស់ចិនទី១ ប្រគល់ឲ្យអ្នកបកប្រែ អ៉ិន សារឿន ចំនួន៤០ម៉ឺនដុល្លារ ក្នុងករណីប៉ៃលិនទី១។
មុនកើតអង្គហេតុប៉ៃលិនទី២ ក្រុម៣នាក់នេះ បានបង្កើតអង្គហេតុកណ្តាល១ គឺអង្គហេតុរ៉ែមាសខេត្តព្រះវិហារ ដែលមានតម្លៃលក់អាជ្ញាបណ្ណ ៥លានដុល្លារ ឲ្យមកចិនឈ្មោះ ផាន់ អ៉ីជុន (ចិនទី២)។ អ្នករត់ការ ហ៊ាវ ខន បានអះអាងថា ខ្លួនជាម្ចាស់អាជ្ញាបណ្ណរ៉ែមាស ៣០ហិកតា នៅភ្នំអន្លុង ខេត្តព្រះវិហារ ហើយខ្លួនបានពឹងឲ្យក្រុមហ៊ុនចិនមួយឈរឈ្មោះឲ្យខ្លួន។ ក្រុមទាំង៣នាក់ បានពិគ្រោះគ្នាត្រូវលក់អាជ្ញាបណ្ណនេះ៣លានដុល្លារ តែដោយការលោភលន់ចង់ទារលុយឲ្យច្រើនទៀត សម្រេចលក់ឲ្យបាន៥លានដុល្លារ ហើយបានស្រុះស្រួលគ្នាឲ្យអ្នកបកប្រែ អ៉ិន សារឿន ប្រាប់ទៅភាគីចិនទី២ថា តម្លៃលក់គឺ ៥,៥លានដុល្លារ ដើម្បីទុកឲ្យភាគីចិនតថ្លៃឲ្យនៅត្រឹម៥លានដុល្លារ។
ភាគីចិនព្រមទិញក្នុងតម្លៃ៥លានដូចក្រុមទាំង៣នាក់គ្រោងទុកមែន។ ពេលណាត់គ្នាទៅខេត្តព្រះវិហារ ដើម្បីពិនិត្យទីតាំងជាក់ស្តែង ភាគីចិនទី២ បាននាំវិស្វករចិនទៅជាមួយ។ ពេលទៅដល់ភ្នំអន្លុង ភាគីចិន វិស្វករចិន បានចូលទៅមើលរូងភ្នំជារណ្តៅ រើសយកថ្មជាច្រើនដុំយកទៅវិភាគនៅប្រទេសចិនវិញ ហើយមានលទ្ធផលថាអត្រាមាសនៅក្នុងភ្នំថ្មនោះ មានកម្រិត ២,៦៤ក្រាម ក្នុង ១តោនថ្ម ដែលចំនួននេះមិនអាចមានចំណេញទេក្នុងការធ្វើរ៉ែមាស ប៉ុន្តែក្រុមអ្នកទាំង៣ និងភាគីចិននៅគិតថាអត្រាមាសនៅជ្រៅជាងនេះអាចមានខ្ពស់ជាងនេះ។
វិស្វករសុំខួង៣រណ្តៅដើម្បីមើលថាខ្សែមាសរត់ដូចម្តេច។ ចិនទី២ (ផាន់ អ៉ីជុន Pan Yijun) បានយល់ព្រមតម្លៃខួងក្នុងមួយរណ្តៅចំណាយ១០ម៉ឺនដុល្លារ ខួង៣រណ្តៅ៣០ម៉ឺនដុល្លារ ហើយហ៊ានកក់ ១,៥លានដុល្លារមុន នៅពេលបានខួង។ ដោយទីតាំងនោះមានម្ចាស់អាជ្ញាបណ្ណហើយ ក្រុមទាំង៣អ្នកនេះ គ្មានពេលណាដែលអាចបោកប្រាស់ថា ពេលណានឹងអាចចូលទៅខួងបានទេ ហើយយកលេសថា ទីនោះជាទីតាំងយោធា ចាំយោធារើកន្លែងសិនទើបអាចចូលខួងបាន។ ក្រុមទាំង៣នាក់ បានបន្តថាទីតាំង ១០៣,៨១គម២ របស់ចិនទី១ (លី មិនឆាង) ដែលជាមិត្តភក្តចិនទី២ដែរ ដែលសុំអាជីវកម្មរុករកស្ពាន់មុននេះ ហើយត្រូវក្រសួងផ្អាកបញ្ឈប់ដោយគ្មានលុយបង់បន្ត ក៏មានរ៉ែមាសដែរ។
ក្រុមទាំង៣នាក់ តាមរយៈអ្នកបកប្រែបានបន្តប្រាប់ចិនទី២ជាទីតាំងរ៉ែស្ពាន់នោះក៏មានមាសដែរត្រូវបង់តម្លៃដូចគ្នាគឺ៨០ម៉ឺនដុល្លារ។ ក្រោយពីមកពីខេត្តព្រះវិហារ ស្នាក់នៅភ្នំពេញបាន១សប្តាហ៍ ចិនទី២ និងវិស្វករឯកភាពទៅប៉ៃលិន មើលទីតាំងដែលចិនទី១ ដែលរត់ការមិនបានជោគជ៏យ។ ពេលទៅពីរ បី លើកដំបូងដែលមានអ្នកបកប្រែ, ចិន, អ្នករត់ការ ហ៊ាវ ខន ជួបឧបសគ្គច្រើនរដ្ឋអំណាចមិនស្វាគមន៍ អភិបាលរង ទិត វុទ្ធី បានប្រើតួនាទីតាមរយៈអភិបាលរងប៉ៃលិនមួយរូប ដើម្បីឲ្យអភិបាលខេត្តបានទទួលខ្លួន។
អភិបាលរង ទិត វុទ្ធី បាននាំក្រុមទៅខេត្តប៉ៃលិនដោយផ្ទាល់៤លើក ទើបបានជោគជ័យដោយលោកស្រីអភិបាលខេត្តប៉ៃលិនទទួលជួប ហើយមានអ្នកសារព័ត៌មាន ទូរទស្សន៍ថតផ្សាយថែមទៀតផង។ ទូរទស្សន៍ សារព័ត៌មាន និងគេហទំព័រផ្សេងៗ បានផ្សាយរូបថតរូបវីដេអូជំនួប អភិបាលរង ទិត វុទ្ធី អ្នកបកប្រែ ភាគីចិនទី២ ក្នុងឱកាសជំនួបនោះ ធ្វើឲ្យភាគីចិនទុកចិត្តយ៉ាងខ្លាំង ព្រោះចិនយល់ថា សារព័ត៌មានទៅទាំងនោះសុទ្ធតែជាសារព័ត៌មានមានឥទ្ធិពលខ្លាំង។
ACU ស្រាវជ្រាវឃើញថា ការផ្សាយទាំងនោះមានរូបភាពចិនទី២ពិតប្រាកដ ឈ្មោះចិនទី២នោះ និងឈ្មោះក្រុមហ៊ុនរបស់គាត់ ជាឈ្មោះចិនផ្សេង ដែលជាប្រធានក្រុមហ៊ុនសំណង់យូណាន ឈ្មោះ លីយូ ស៊ីអាន LiU XIAO ដែលភាគីចិនទី២នេះ ស្មានថាសារព័ត៌មានទាំងនោះនិយាយពីខ្លួនព្រោះអ្វីសុទ្ធតើរូបរបស់ខ្លួន។ ចិនទី២នេះខំរក្សាទុកព័ត៌មានទាំងនោះក្នុងទូរស័ព្ទខ្លួន ទុកប្រាប់ភាគីចិនភាគហ៊ុនទៀតផង។
ភាគីចិនទី២នេះបានប្រគល់លុយ៨០ម៉ឺនដុល្លារពេញមិនចាំបាច់បង់៥០%មុនដូចភាគីចិនទី១ ដែលជាមិត្តភ័ក្តគាត់ទេ។ មានមធ្យោបាយជាច្រើនផ្សេងទៀត ដែលក្រុមទាំង៣នាក់បានធ្វើដើម្បីទទួលបានលុយខុសច្បាប់ពីចិនដល់ទៅ ២លើកលើទីតាំងតំបន់រ៉ែបោកប្រាស់តែ១ រហូតបានប្រាក់ ១,២លានដុល្លារនេះ។
ACU បញ្ជាក់ជាសាធារណៈលុយ ៥លានដុល្លារ នៃអង្គហេតុទី២ រ៉ែមាសខេត្តព្រះវិហារ ក្រុមទាំង៣នាក់នេះ មិនទាន់ទទួលបានមួយរៀលណាឡើយ។ សារព័ត៌មានគេហទំព័របានផ្សាយតែ ១០% ប៉ុណ្ណោះនៃអង្គហេតុទី១ ក៏ជាពន្លឺឲ្យ ACU ស៊ើបបានពេញលេញ ហើយរកឃើញនៅអង្គហេតុទី២ (រ៉ែមាសខេត្តព្រះវិហារ) និងអង្គហេតុទី៣ គឺប៉ៃលិនទី២ទៀត។
- អង្គហេតុទី១ ជាអង្គហេតុប៉ៃលិនទី១ ក្រុមទាំង៣នាក់នេះបានទទួលប្រាក់៤០ម៉ឺនដុល្លារពីចិនទី១ (លី មិនឆាង Li Minchang) ក្នុងនោះអ្នករត់ការ ហ៊ាវ ខន បានទទួល៤ម៉ឺនដុល្លារ (មិនមែន១០ម៉ឺនដុល្លារ ដូចគាត់និយាយក្នុងខ្សែអាត់ទេ)
- អង្គហេតុទី២ (រ៉ែមាសខេត្តព្រះវិហារ) ភាគីចិនទី២ (ផាន់ អ៉ីជុន Pan Yijun) បានសម្រេចទិញអាជ្ញាបណ្ណពីក្រុម ទាំង៣នាក់ ក្នុងតម្លៃ៥លានដុល្លារ បានសម្រេចចាយលុយ៣០ម៉ឺនដុល្លារសម្រាប់ខួង៣រណ្តៅ និងហ៊ានកក់ប្រាក់១,៥លានដុល្លារទៀត នៅពេលបានខួង។ ករណីនេះក្រុមទាំង៣នាក់ក៏មិនទាន់ទទួលបានមួយរៀលនៅឡើយនៃចំនួនប្រាក់ ៥លានដុល្លារ និងនៃទឹកប្រាក់៣០ម៉ឺនដុល្លារថ្លៃខួងនៅឡើយដែរ
- អង្គហេតុទី៣ (ប៉ៃលិនទី២) ក្រុមទាំង៣នាក់ យកប្លង់ទីតាំងរត់ការឲ្យចិនទី១ មករត់ការឲ្យចិនទី២ ដោយបានប្រាក់សម្រេច៨០ម៉ឺនដុល្លារ ក្នុងនោះអ្នករត់ការ ហ៊ាវ ខន បាន១០ម៉ឺនដុល្លារ (សរុបទាំងប៉ៃលិនទី១ ទាំងប៉ៃលិនទី២ អ្នករត់ការ ហ៊ាវ ខន បានទទួល១៤ ម៉ឺនដុល្លារ)៕
(លោក ទិត វុទ្ធី ពេលស្តាប់ចម្លើយនៅ ACU)
(លោក ទិត វុទ្ធី ពេលមន្រ្តីនគរបាលយុត្តិធម៌ ACU (ជានារី) ប្រកាសឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ)

(អ្នករត់ការ ហ៊ាវ ខន ក្នុងបន្ទប់ស្តាប់ចម្លើយរបស់ ACU)
(អ្នកបកប្រែ អ៉ីង សារឿន នៅក្នុងបន្ទប់ស្តាប់ចម្លើយរបស់ ACU)
(លោក ទិត វុទ្ធី នាំចិនទី២ ជួបអភិបាលខេត្តប៉ៃលិន ដើម្បីឱ្យចិនមានជំនឿថា ជាការរត់ការពិត)