(បន្ទាយមានជ័យ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំក្រសួង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីជំនាញក្រសួង និងមន្ទីរ អញ្ជើញចុះពិនិត្យស្ថានភាពភូមិបន្ទាយឆ្មារត្បូង ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះ មានទីតាំងភូមិបន្ទាយឆ្មារត្បូង ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

គម្រោងនេះ មានផ្ទៃដីសរុប ១,៩៣១,២២ហិកតា ក្នុងនោះផ្ទៃដីសហគមន៍ ៣ហិកតា, ផ្ទៃដីធ្វើកសិកម្ម ១,៥៦៧,២២ហិកតា, និងផ្ទៃដីលំនៅដ្ឋាន ៣៦១ហិកតា ដែលមានខ្នងផ្ទះចំនួន ៥៦៨ខ្នង សើ្មនឹង ៥៨៨គ្រួសារ ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ខ្វាត់ខ្វែង, មានមត្ដេយ្យសហគមន៍, មានសក្ដានុពលខាងផ្នែកកសិកម្ម និងមានដំណាំត្រសក់ផ្អែម និងឳឡឹក ពិសេសមានសក្ដានុពលខ្លាំងខាងវិស័យទេសចរណ៍បែបវប្បធម៌ ដែលរួមមានប្រាសាទបន្ទាយឆ្មារ និងប្រាសាទបុរាណនានាក្នុងឃុំនោះផងដែ។

នាឱកាសនោះ លោករដ្ឋមន្ដ្រី និងប្រតិភូរួមដំណើរ ព្រមជាមួយលោកអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ក្រុមប្រឹក្សាឃុំបន្ទាយឆ្មារផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការវិនិយោគសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាល្អប្រសើរ និងទូលំទូលាយ។

បន្ថែមពីនេះ លោក ក៏បានបង្ហាញអំពីយុទ្ធសាស្ដ្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់, លើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព, អភិវឌ្ឍសហគមន៍ឌីជីថល និងចលនាភូមិគំរូ, ធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ, និងពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយហិរញ្ញវត្ថុឌីជីថល និងសហប្រតិបត្តិការ ក្នុងគោលដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងអភិវឌ្ឍតំបន់ជនបទឱ្យមានភាពស៊ីវិល័យ ផាសុកភាព និងមានកិត្យានុភាពល្អប្រសើរ៕