(ហ្សាការតា)៖ នៅព្រឹកថ្ងៃចន្ទ ទី ១០ ខែមីនា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានស្វាគមន៍លោក Tô Lâm អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តវៀតណាម ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង នៅលេខាធិការដ្ឋានអាស៊ាន។

ទស្សនកិច្ចផ្លូវការនេះ មានការប្រគល់រូបគំនូរ ពិធីដាំដើមឈើ ជំនួបជាន់ខ្ពស់ ការថែ្លងសន្ទរកថាគោលនយោបាយ ព្រមទាំងពិធីពិសាអាហារថ្ងៃត្រង់ ដើម្បីអបអរខួបទី៣០ ឆ្នាំ ដែលវៀតណាមចូលជាសមាជិកអាស៊ាន ដោយចូលរួមចំណែកយ៉ាងសំខាន់ដល់ការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន ចាប់តាំងពីឆ្នាំ១៩៩៥។ ព្រឹត្តិការណ៍ជាបន្តបន្ទាប់នេះ ក៏មានការចូលរួមពីក្រុមអង្គទូតក្នុងទីក្រុងហ្សាការតា អង្គភាពពាក់ព័ន្ធអាស៊ាន ផ្នែកសិក្សាធិការ តំណាងធុរកិច្ច ព្រមទាំងមន្ត្រីបុគ្គលិកនៅលេខាធិការដ្ឋានអាស៊ានផងដែរ។

អគ្គលេខាធិការអាស៊ាន រួមជាមួយ គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រខាងកើតប្រចាំអាស៊ាន ក៏បានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Tô Lâm។ កិច្ចពិភាក្សាបានគូសបញ្ជាក់ពីការចូលរួមចំណែកសំខាន់ៗរបស់វៀតណាមចំពោះការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន។ លោកអគ្គលេខាធិការអាស៊ាន ក៏បានអបអរសាទរអស់ពីដួងចិត្តចំពោះ លោក Tô Lâm រដ្ឋាភិបាល ព្រមទាំង ប្រជាជនវៀតណាម ក្នុងឱកាសខួប ៣០ ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម។

លោក Tô Lâm បានអញ្ជើញថ្លែងសារគោលនយោបាយ ដើម្បីអបអរខួប ៣០ឆ្នាំ នៃការចូលជាសមាជិកអាស៊ាន។ អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថាបើក ដោយបានគូសបញ្ជាក់ពីភាពជាអ្នកដឹកនាំ និងបទពិសោធន៍របស់លោក Tô Lâm ។ ស្របពេលដែលអាស៊ាន ត្រៀមអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រនៃសសរស្តម្ភរបស់សហគមន៍អាស៊ានទាំង ៣ ព្រមទាំង ការតភ្ជាប់អាស៊ាន នៅឆ្នាំនេះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃសុន្ទរកថាគោលនយោបាយ ដោយមេដឹកនាំអាស៊ាន ក្នុងការរៀបចំសារថ្នាក់តំបន់ ព្រមទាំងចូលរួមជាមួយក្រុមអង្គទូត ផ្នែកសិក្សាធិការ ធុរកិច្ច និងប្រព័ន្ធផ្សព្វផ្សាយ។

នៅរសៀលថ្ងៃដដែល អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់រៀបចំដោយ លោក Tô Lâm ដើម្បីអបអរខួបទី ៣០ ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់វៀតណាម។ ពិធីនេះ ក៏មានការចូលរួមពីសំណាក់គណៈកម្មាធិការនៃតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ឯកអគ្គរដ្ឋទូទីម័រខាងកើតប្រចាំអាស៊ាន ព្រមទាំងឯកអគ្គរដ្ឋ/រាជទូតពីប្រទេសដៃគូអាស៊ាន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត ដោយគូសបញ្ជាក់ពីទំនាក់ទំនងដ៏ខ្លាំងក្លារវាងអាស៊ាន ជាមួយវៀតណាម ព្រមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់។

អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញថ្លែងសន្ទរកថាក្នុងពិធីបើកការបង្កើតហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រប្រតិបត្តិការខ្ពស់ (HPC) និងសមត្ថភាព HPC សម្រាប់ការប្រើប្រាស់ទិន្នន័យអាស៊ាន។ គំនិតផ្តួចផ្ដើមនេះ គឺជាព្រឹត្តការណ៍ដ៏សំខាន់សម្រាប់អនាគតឌីជីថលរបស់អាស៊ាន ហើយរំពឹងថានឹងពង្រឹងបញ្ញាសិប្បនិម្មិត ការវិភាគទិន្នន័យធំៗ និងនវានុវត្តន៍ឧស្សាហកម្ម ព្រមទាំងពង្រឹងតួនាទីរបស់អាស៊ាន នៅក្នុងសេដ្ឋកិច្ចឌីជីថលសកល។ ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីប្រធានទីភ្នាក់ងារស្រាវជ្រាវថ្នាក់ជាតិ និងនវានុវត្តន៍របស់ឥណ្ឌូណេស៊ី និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បណ្ឌិត Laksana Tri Handoko ព្រមទាំងឥស្សរជនសំខាន់ៗជាច្រើនរូបទៀត៕