(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃការចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាល និងការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឌីជីថលសកលលោកសម្រាប់យុវជនវ័យក្មេង តេចណូវេសិន និងអនាគតទេពកោសល្យឌីជីថល ២០២៥ ( Technovation Girls Cambodia x Future Digital Talents 2025) នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាអេយូភីភី (ATC) នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ២០០នាក់។

កម្មវិធី Technovation Girls Cambodia x Future Digital Talents 2025 គឺជាកម្មវិធីបណ្តុះបណ្តាលនិងប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាឌីជីថល និងសហគ្រិនភាព ១២សប្តាហ៍ សម្រាប់សិស្សានុសិស្សទាំងអស់ចាប់ពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យនៅទូទាំងប្រទេស ដែលមានអាយុចាប់ពី ៨ឆ្នាំដល់ ១៨ឆ្នាំ សំដៅបណ្ដុះបណ្ដាលសិស្សានុសិស្ស អំពីចំណេះដឹងបច្ចេកវិទ្យាថ្មីៗ ការស្វែងរកដំណោះស្រាយលើបញ្ហា ការសហការធ្វើការងារជាក្រុម ការធ្វើបទបង្ហាញជាសាធារណៈ ការបណ្ដុះគំនិតច្នៃប្រឌិត និងសហគ្រិនភាព។

កម្មវិធីនេះ នឹងដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្សឌីជីថលនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់អំពីការីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងនិន្នាការអន្តរជាតិ និងតួនាទីយ៉ាងសំខាន់របស់បច្ចេកវិទ្យាឌីជីថល ក្នុងការចូលរួមកសាងសេដ្ឋកិច្ចរបស់កម្ពុជា ហើយ ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល និងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

រដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានយកចិត្តទុកដាក់លើ ការជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងក្រសួង ស្ថាប័ន វិស័យឯកជន និងសង្គមជាតិទាំងមូល ព្រមទាំង បានយកចិត្តទុកដាក់ជាអាទិភាពលើការកសាងធនធានមនុស្សឌីជីថល តាមរយៈការបញ្ជ្រាបការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល ដល់សិស្សានុសិស្សនៅគ្រប់កម្រិតដើម្បីពង្រឹងសមត្ថភាព ការជំរុញការចាប់យកជំនាញឌីជីថល នៅឧត្តមសិក្សា និងការបណ្តុះទេពកោសល្យឌីជីថលដែលអនាគតមូលធនមនុស្សឌីជីថល ដើម្បីក្លាយទៅជា កាតាលីករ យ៉ាងសំខាន់ជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា៕