(បាត់ដំបង)៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្នានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់សិទ្ធិដល់ស្រី្ត និងសេរីភាពស្មើគ្នានឹងបុរស ហើយមិនមែនមានសិទ្ធិតែក្នុងថ្ងៃនេះទេ។ មួយវិញទៀតថ្នាក់ដឹកនាំបុរសបើមិនមានការគាំទ្រពីស្រ្តីដែលជាភរិយាទេនោះបុរសក៏មិនអាចជោគជ័យក្នុងភារៈកិច្ចរបស់ខ្លួនបានឡើយ។

ការគូសបញ្ជាក់បែបនេះរបស់ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិនារី ៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទជាសកលស្តីពី «សិទ្ធិ សមាសភាព និងភាពអង់អាច ចំពោះស្រី និងក្មេងស្រីគ្រប់រូប»។ ពិធីនេះមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកគាស់ក្រឡ មេធាវីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ មេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ គ្រូបង្រៀន ថ្នាក់ដឹកនាំភូមិ និងសិស្សានុសិស្សជាស្ត្រី។

ទេសរដ្ឋមន្ត្រី បានលើកឡើងថា ទិវាសិទ្ធិនារី តែងតែប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដើម្បីរំលឹកពីចលនាតស៊ូដ៏ស្វិតស្វាញកន្លងមក ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពលករនារី នៅប្រទេសអាឡឺម៉ង់។

ប្រធានបទសម្រាប់ការប្រារព្ធខួប១១៤ ទិវាអន្តរជាតិនារីនៅឆ្នាំនេះ មានសារៈសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងកម្ពុជា ដោយផ្ដោតលើការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីគ្រប់រូប។

ជាចុងក្រោយទេសរដ្ឋមន្ត្រី កែវ រ៉េមី បានសម្តែងនូវការអគុណចំពោះលោកស្រី យូ ស្រីលាភ ដែលបានជួយឧបត្ថម្ភសំពត់ចរបាប់ម្នាក់ ០១ក្បិន ដល់លោកស្រី នាងកញ្ញា ដែលបានចូលរួមចំនួន៤០០នាក់ ក្នុងកម្មវិធីនេះព្រមទាំងបានពិសានំបញ្ចុក នំប៉័ង សម្ល ប្រហើរ និងសម្លរការី ក្នុងបរិយាកាសរីករាយ និងស្និទស្នាលផងដែរ៕