(កណ្ដាល)៖ លោក ស្តេហ្វេន មេសសេរឺ (STEFAN MESSERER) ឯកអគ្គរដ្ឋទូត​អាល្លឺ​ម៉ង់ប្រចាំនៅកម្ពុជា បានបញ្ជាក់ឲ្យដឹងថា លោកនឹងព្យាយាមទាក់ទាញ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ មកហោះហើរត្រង់ជាមួយកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល គណៈប្រតិភូមកពីស្ថានទូតអាល្លឺម៉ង ហុងកុង ចិន និងកាណាដា ប្រមាណ៤០នាក់ ចុះមកទស្សនកិច្ច នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ ដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។

លោក ស្តេហ្វេន មេសសេរឺ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏បាននិយាយជាមួយ ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ តែខ្ញុំមិនអាចសន្យាអ្វីបានទេ ពីព្រោះពួកយើង មិនអាចបញ្ជាក្រុមហ៊ុនអាកាសចរណ៍ ជើងហោះហើរមកកម្ពុជាបានទេ»

លោក ស្តេហ្វេន មេសសេរឺ បានឲ្យដឹងថា ការសម្រេចចិត្តនោះ គឺជាការសម្រេចចិត្ត របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ ដែលពួកគាត់តែងតែសម្រេចចិត្ត ទៅតាមការវាយតម្លៃហិរញ្ញវត្ថុ តែពិតណាស់ លោកមើលឃើញថា ឱកាសតែងតែមាន សម្រាប់ពេលអនាគត។

ឯកអគ្គរដ្ឋទូត​អាល្លឺ​ម៉ង់ បានលើកឡើងថា លោកបានតាមដានទស្សនកិច្ចរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅកាន់ប្រទេសអាល្លឺម៉ង់ ក្នុងកម្មវិធីពិព័រណ៍ ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅទីក្រុងប៊ែរឡាំង ហើយលោកសង្ឃឹមថា ជើងហោះហើរទាំងនោះ នឹងចាប់ផ្ដើមឆាប់ៗ។

លោក ស្តេហ្វេន មេសសេរឺ បានគូសបញ្ជាក់ថា ការសម្រេចចិត្តទាំងឡាយ របស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ ដូចជាក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសអាល្លឺម៉ង់ អាស្រ័យទៅលើផលចំណេញផ្នែកហិរញ្ញវត្ថុ ស្របតាមតម្រូវការជាក់ស្តែង។

ទន្ទឹមគ្នានេះ លោក ស្តេហ្វេន មេសសេរឺ ក៏បានបង្ហាញការកោតសរសើរ និងចាប់អារម្មណ៍ខ្លាំង ចំពោះអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលរួមបញ្ចូលរចនាបថ និងវប្បធម៌របស់ខ្មែរ ដែលវា គឺជាចំណុចដ៏ល្អមួយ។

លោក ស្តេហ្វេន មេសសេរឺ បានឲ្យដឹងថា អាកាសយានដ្ឋាននេះ យើងអាចមើលឃើញបានថានេះ គឺជាការវិនិយោគសម្រាប់ពេលអនាគត ហើយវាគឺជាចំណែក ហេដ្ឋារចនាសម្ព័ន្ធមួយ ដែលនឹងលើកកម្ពស់សេដ្ឋកិច្ច ក៏ដូចជាស្រូបទាញយកភ្ញៀវទេសចរ មកកាន់ប្រទេសដ៏ស្រស់ស្អាតនេះ។

គូសបញ្ជាក់ថា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយ លោក Bodo Pfaff-Greiffenhagen តំណាងក្រុមហ៊ុន Marketpilots នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីសិក្សាអំពីគម្រោង ការតភ្ជាប់ជើងហោះហើរត្រង់ រវាងកម្ពុជា និងអាល្លឺម៉ង់។

ការទទួលជួបពិភាក្សានេះ ធ្វើឡើងក្នុងឱកាសចូលរួម ពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse (ITB Berlin) 2025 នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

សូមជម្រាបផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ និងផ្ទេរនូវប្រតិបត្តិការពីព្រលានយន្តចាស់ ទៅព្រលានយន្តហោះថ្មី នៅក្នុងខែឧសភា ឆ្នាំ២០២៥ ហើយបើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥។

អាកាសយានដ្ឋាន​អន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន​យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕