(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ បានបើកប្រជុំផ្សព្វផ្សាយខ្លឹមសារ សារាចរណែនាំលេខ ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០១៦របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃ ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល នៃមន្ទីរ អង្គភាពជំនាញ ជុំវិញខេត្ត។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ស្តីពីវិធានការចាំបាច់នានា ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងសេចក្តីណែនាំ ស្តីពីការអនុវត្តវិធានការ បង្រ្កាបល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃ ដោយបានប្រគល់ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ដើម្បីចាត់វិធានការ ឲ្យបានម៉ឺងម៉ាត ហ្មត់ចត់នូវការងារដូចជា៖ គ្រប់គ្រងសិប្បកម្មកែឆ្នៃ និងអាជីវកម្មធនធានព្រៃឈើ ដែលមានច្បាប់អនុញ្ញាត ព្រមទាំងទប់ស្កាត់ លុបបំបាត់សិប្បកម្មកែឆ្នៃ និងអាជីវកម្មធនធានព្រៃឈើ និងជលផលដែលគ្មានច្បាប់អនុញ្ញាតិ។ ត្រួតពិនិត្យ ចាត់វិធានការលប់បំបាត់ការដឹកជញ្ជូន និងការស្តុកឈើគ្រប់ប្រភេទ ដែលគ្នាការអនុញ្ញាតិត្រឹមត្រូវ តាមច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែឆ្នៃពីឈើគ្រប់ប្រភេទ ព្រមទាំងសត្វព្រៃដែលគ្មានការអនុញ្ញាតិត្រឹមត្រូវតាមច្បាប់ ទៅក្រៅប្រទេសតាមច្រកព្រំដែន និងតាមច្រករបៀង។
លោកបន្តថា កិច្ចការទាំងអស់នេះ នឹងដឹកនាំសម្របសម្រួលដោយ អធិការ ខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើ, អធិការ ខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលជលផល, មន្ទីរបរិស្ថាន និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងឡាយ ដើម្បីធានាបាននូវការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយចាំបាច់នានា ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ ព្រមទាំងទប់ស្កាត់ និងបង្រ្កាបនូវសកម្មភាពបទល្មើស ក្នុងតំបន់ការពារ អភិរក្សធម្មជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
លោកអភិបាលខេត្ត បញ្ជាក់ថា «វិធានការដំបូង ដែលយើងត្រូវយកមកអនុវត្តនាពេលនេះ គឺយើងត្រូវក្តាប់ឲ្យបានពីទិន្នន័យដីព្រៃ, ដីភ្នំ, និងដីវាល ចំការរបស់ប្រជាពលរដ្ឋ ឲ្យបានច្បាស់ រួចយើងធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ហើយជំហានបន្ទាប់ គឺយើងត្រូវធ្វើការបង្រ្កាបដោយ មិនមានការយោគយល់អ្វីឡើយ»។
សូមបញ្ជាក់ថា គោលបំណងនៃសារាចរនេះ គឺដើម្បីគ្រប់គ្រងអាជីវកម្មល្បែង ពាណិជ្ជកម្ម តាមបទដ្ឋានបច្ចេកទេស និងស្របតាមលិខិតបទដ្ឋានគតិយុត្ត ប្រកបដោយប្រសិទ្ធភាព ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ចេញនូវវិធានការឲ្យ គណៈបញ្ជាការឯកភាពខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធានការលុបបំបាត់ បង្រ្កាប ទប់ស្កាត់ ការធ្វើអាជីវកម្មល្បែងភ្នាល់ ស៊ីសងខុសច្បាប់គ្រប់ប្រភេទរួមមាន៖ ល្បែងបាញ់ត្រី ល្បែងអ៊ីនធឺណែត២៤ម៉ោង ឆ្នោតកន្ទុយលេខខុសច្បាប់ ល្បែងជល់មាន់ ល្បែងភ្នាល់ទឹកភ្លៀង និងល្បែងស៊ីសងជ្រក ក្រោមល្បែងក្មេងលេង និងអាជីវកម្មទទួលបញ្ចាំ និងប្រាតិភោគដោយអនុប្បទានខុសច្បាប់ ឲ្យអស់ពីមូលដ្ឋានរបស់ខ្លួនជាដាច់ខាត។ រាល់ការធ្វើអាជីវកម្មល្បែងពាណិជ្ជកម្ម គ្រប់ប្រភេទត្រូវបានអនុញ្ញាត ឲ្យដំណើរការតែក្នុងកាស៊ីណូ ដែលមានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបង់ចំណូលជូនរដ្ឋ៕