(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីជូនដំណឹងពីការរៀបចំការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៤ ឆ្នាំ២០២៥។

ក្រសួងបញ្ជាក់ថា ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង ការផ្សព្វផ្សាយ និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា ក្រសួងរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រមៃថាអ្នកគឺជាមហាសមុទ្រ ចូរសរសេរសំបុត្រទៅនរណាម្នាក់ដែលពន្យល់ពីមូលហេតុ និងរបៀបដែលពួកគេគួរថែរក្សាអ្នកឱ្យបានល្អ - Imagine you are the ocean. Write a letter to someone explaining why and how they should take good care of you»។

បេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖
- ជ័យលាភីលេខ១ ប្រាក់រង្វាន់ចំនួន ៤ លានរៀល មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១
- ជ័យលាភីលេខ២ ប្រាក់រង្វាន់ចំនួន ២ លានរៀល មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១
- ជ័យលាភីលេខ៣ ប្រាក់រង្វាន់ចំនួន ១ លានរៀល មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១។

សាធារណជន និងសិស្សានុសិស្ស មេត្តាជ្រាបជាព័ត៌មាន និងចូលរួមប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ នេះ ឱ្យបានច្រើនកុះករ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ០១៦ ៤៥៨ ៥០៣ / ០៩៩ ៧៧២ ០១៩៕