(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤នេះ បានដាក់ឲ្យដំណើរការផ្លូវការ ការទូទាត់ឆ្លងដែនតាមរយៈ QR Code ដំណាក់កាលទី២ ដែលអនុញ្ញាតិឲ្យប្រជាជនកម្ពុជា ប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមឃ្យូអរកូតរបស់ពាណិជ្ជករ ដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន និងនៅតាមបណ្ដាប្រទេសផ្សេងទៀត ដែលជាដៃគូ។

ការដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែន តាមឃ្យូអរកូតដំណាក់កាលទី ២ (បាគងស្កេន UnionPay) នៃកិច្ចសហការ
រវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International រៀបចំឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា «ដើម្បីគាំទ្រដល់ខ្លឹមសារ នៃសេចក្ដីប្រកាសព័ត៌មានថា ឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធី ដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ ៖ បាគងស្កេន UnionPay។ ជាមួយនឹងការរីកចម្រើននេះ ប្រជាជនកម្ពុជាអាចប្រើប្រាស់កម្មវិធីទូទាត់បាគង និងកម្មវិធីធនាគារចល័តរបស់ខ្លួន ដើម្បីស្កេនទូទាត់តាមឃ្យូអរកូតរបស់ពាណិជ្ជករដែលទទួលការទូទាត់ UnionPay នៅប្រទេសចិន និងនៅតាមបណ្ដាប្រទេសផ្សេងទៀតដែលជាដៃគូ»

លោកស្រីបណ្ឌិតបានបញ្ជាក់ថា កិច្ចសហការនេះ រួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងបទពិសោធន៍នៃ ការទូទាត់របស់ប្រជាជនកម្ពុជា ឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស នៅពេលធ្វើប្រតិបត្តិការទូទាត់អន្តរជាតិ។

លោក Larry Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International បានលើកឡើងថា ពួកយើងមានសេចក្ដីសោមនស្សរីករាយក្រៃលែង ចំពោះកិច្ចសហការរវាងប្រព័ន្ធបាគង និង UnionPay នៅថ្ងៃនេះ ដែលបានសបញ្ជាក់ពីការសម្រេចបាននូវជោគជ័យ ក្នុងការធ្វើសមាហរណកម្មប្រព័ន្ធបាគងសម្រាប់ការទូទាត់ឆ្លងដែន ក្រោយពីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១។

លោកបានបន្ថែមថា ជាមួយគ្នានេះដាក់ឱ្យដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២នេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តអាចធ្វើប្រតិបត្តិការស្កេនទូទាត់ តាមឃ្យូអរកូតនៅក្នុងប្រទេសចិន និងនៅតាមបណ្ដាប្រទេសជាដៃគូផ្សេងទៀតបានយ៉ាងពិលាស ដែលនឹងបង្កើនលទ្ធភាព ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុបានកាន់តែសម្បូរបែប ព្រមទាំងរួមចំណែកក្នុងការជំរុញ ការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជាផងដែរ។

សូមជម្រាបថា កិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International លើការអភិវឌ្ឍការទូទាត់ឆ្លងដែនបានបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ចាប់តាំងពីការដាក់ឱ្យដំណើរការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី១ ដោយក្រុមហ៊ុន UnionPay ស្កេន KHQR Codes កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

ចំពោះការដាក់ឱ្យដំណើរការ ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២នេះ បាគងស្កេន UnionPay នេះ ជាការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនតាមប្រព័ន្ធបាគង ដែលបានផ្ដល់លទ្ធភាព ឱ្យប្រជាជនកម្ពុជា អាចធ្វើការទូទាត់ឆ្លងដែន ដោយស្កេនឃ្យូអរកូតនៅក្នុងប្រទេសចិន និងបណ្ដាប្រទេស ផ្សេងទៀត តាមរយៈបណ្ដាញប្រតិបត្តិការ របស់ក្រុមហ៊ុនបណ្ដាញប័ណ្ណទូទាត់អន្តរជាតិ UnionPay International។

គំនិតផ្ដួចផ្ដើមក្នុងការអភិវឌ្ឍការទូទាត់ឆ្លងដែននេះ នឹងផ្ដល់នូវកាលានុវត្តភាពក្នុងការពង្រីក សកម្មភាពពាណិជ្ជកម្ម លើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនការទូទាត់ឆ្លងដែន ព្រមទាំងប្រតិបត្តិការផ្ទេរប្រាក់។ ការណ៍នេះរួមចំណែកជំរុញការប្រើប្រាស់រូបិយវត្ថុ ព្រមទាំងលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ សំដៅរក្សាបាននូវ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕