(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៦នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។ ពេលទទួលបានគោលការណ៍ឯកភាពពី សម្តេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវដាក់ជូនកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាបន្តទៀត។
សេចក្តីព្រាងច្បាប់ស្តីពី ប្រាក់ឈ្នួលអប្បបរមានេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍក្របខណ្ឌគតិយុត្ត ដើម្បីគាំទ្រការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។ តាមរយៈការពិភាក្សាជាមួយអ្នកជំនាញការ ផ្នែកប្រាក់ឈ្នួលរបស់អង្គការអន្តរជាតិខាងការងារ (ILO) ការបង្កើតឲ្យមានក្របខណ្ឌគតិយុត្តមួយច្បាស់លាស់ ដើម្បីធានាដំណើរការយន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺពិតជាមានសារៈប្រយោជន៍ខ្លាំង ក្នុងការធានាភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពរបស់កម្មករ និយោជិត ព្រមទាំងធានានូវស្ថិរភាព និរន្តភាពនៃវិស័យពាណិជ្ជកម្មអន្តរជាតិ និងការទាក់ទាញការវិនិយោគ នៅប្រទេសកម្ពុជា។
ក្នុងសេចក្ដីព្រាងច្បាប់នេះ ផ្ដោតសំខាន់លើចំណុចមួយចំនួន រួមមាន៖ ទី១.កំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ,
ទី២.បង្កើតនីតិវិធីកំណត់ប្រាក់ឈ្នួលអប្បបរមា តាមបែបវិទ្យាសាស្ត្រ កំណត់លក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច, ទី៣.បង្កើតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល ដើម្បីជាយន្តការត្រីភាគី សម្រាប់សិក្សាស្រាវជ្រាវ និងផ្ដល់អនុសាសន៍ អំពីប្រាក់ឈ្នួលអប្បបរមា និងអត្ថប្រយោជន៍ផ្សេងៗ របស់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ។
សូមបញ្ជាក់ថា ការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា នៅប្រទេសកម្ពុជា ត្រូវបានធ្វើឡើងលើកដំបូង នៅឆ្នាំ២០០០ ហើយគិតមកដល់បច្ចុប្បន្ន ការពិភាក្សានេះ ធ្វើឡើងចំនួន ១២លើក រួចមកហើយ ដោយបានកែប្រែកម្រិតប្រាក់ឈ្នួលអប្បបរមា ក្នុងអត្រាកំណើនតាមលំដាប់ជាបន្តបន្ទាប់ ពោលគឺចាប់ពីចំនួន ៤០ដុល្លារ កើនដល់ចំនួន ១៥៣ដុល្លារ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ខាងមុខ៕