(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញបន្តដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ចុះត្រួតពិនិត្យវឌ្ឍនភាព នៃការងារសាងសង់ «សួនតេជោសន្តិភាព» ខេត្តបាត់ដំបង ដើម្បីបន្តជំរុញដល់ការសាងសង់នេះឱ្យបានឆាប់រហ័ស បន្ទាប់ពីបានបើកការដ្ឋានសាងសង់ឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងមក។

ពិសេសតាមដងស្ទឹងសង្កែក្រុមជាងបាននិងកំពុងខិតខំញាប់ដៃញាប់ជើង ធ្វើកន្លែងសំខាន់ៗផ្សេងៗទៀត ឲ្យឆាប់ហើយឲ្យទាន់សង្រ្កានឆ្នាំថ្មី ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះផងដែរ។

លោកអភិបាលខេត្ត បានបន្តត្រួតពិនិត្យណែនាំបន្ថែមដល់ក្រុមជាងពន្លឿនពីការសាងសង់ផ្លូវថ្មើរជើង ផ្លូវជិះកង់ ការរៀបចំកន្លែងអង្គុយលំហែកម្សាន្ត ស្រូបខ្យល់អាកាស កន្លែងហាត់ប្រាណ ក្នុងបរិវេណ «សួនតេជោសន្តិភាព» ឲ្យបានត្រឹមត្រូវនឹងប្លង់ដែលបានគ្រោងទុករួចហើយ។

លោកបន្ថែមថា ក្នុងបរិវេណការដ្ឋានសាងសង់ «សួនតេជោសន្តិភាព» នេះត្រូវធ្វើឲ្យបានរួចមុនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំថ្មីប្រពៃណីជាតិយើងខាងមុខនេះ សម្រាប់ទុកជូនប្រជាពលរដ្ឋ ជាភ្ញៀវទេសចរណ៍បានមើលលេង កម្សាន្តយ៉ាងសប្បាយរីករាយ បើអាចមានការយ៉ឺតយ៉ាវខ្លះត្រង់ កន្លែងលើកស្ទូចរូបសំណាក មកតម្កល់ធ្វើបន្តប៉ុណ្ណោះ។

តែទោះជាយ៉ាងណា លោកបានអំពាវនាវដល់ភ្ញៀវទេសចរណ៍មកពីទីជិតទីឆ្ងាយក្នុង និងក្រៅស្រុកដែលបានមកលេង ឬឆ្លងកាត់ទឹកដីខេត្តបាត់ដំបង បានមកចូលលេងបានមើល និងមានការរីកចម្រើនច្រើនលើស ពីពេលមុនជាបន្តបន្ទាប់ផងដែរ៕