(ភ្នំពេញ)៖ ក្រោមការផ្ដួចផ្ដើមគំនិតរបស់លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានរៀបចំសកម្មភាពមនុស្សធម៌បរិច្ចាគឈាម ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់ ផ្ដល់ក្ដីសង្ឃឹម!»។

ពិធីផ្តល់ឈាមនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន ទ្រី ភាព គ្រុប។ ការបរិច្ចាគឈាមនេះ គឺជាសកម្មភាពមនុស្សធម៌ថ្មីមួយ​ទៀត ដែលលោកអ្នកឧកញ៉ា និងលោកជំទាវ អ្នកឧកញ៉ា បានរៀបចំឡើងបន្ថែមលើសកម្មភាពផ្សេងៗដែលលោកទាំង​ពីរ​បានធ្វើកន្លងមកដូចជា វិស័យអប់រំ សុខាភិបាល សាសនា និងវិស័យសង្គមជាច្រើន។

តាមរយៈការបរិច្ចាគឈាមនេះ លោក ឃៀង សុជីវ័ន្ត អគ្គនាយករង នាយកគ្រប់គ្រង​ទីស្នាក់​ការកណ្ដាលក្រុមហ៊ុន ទ្រី ភាព គ្រុប តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយក ក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង និងលោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានបញ្ជាក់នូវអត្ថប្រយោជន៍សំខាន់ៗជាច្រើនដែលទទួលបានពីការបរិច្ចាគឈាមទាំងអ្នកបរិច្ចាគ និងអ្នកទទួលការបរិច្ចាគ។

ឆ្លៀតក្នុងឱកាសនោះ លោក ឃៀង សុជីវ័ន្ត និងលោកស្រីវេជ្ជបណ្ឌិត មើក សាមាន បាន​សម្ដែងក្ដីរំភើប និងអំណរគុណយ៉ាងក្រៃលែងចំពោះសណ្តានចិត្តរបស់បុគ្គលិកក្រុមហ៊ុន ទ្រី ភាព គ្រុប ជាពិសេសគំនិតផ្ដួចផ្ដើមក្នុងសកម្មភាពមនុស្សធម៌របស់ លោកអ្នកឧកញ៉ា បណ្ឌិត និងលោកជំទាវអ្នកឧកញ៉ា។

បន្ទាប់ពីពិធីបរិច្ចាគឈាមត្រូវបានបញ្ចប់ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ ព្រមទាំងក្រុម​គ្រូពេទ្យ បានចូលរួមពិសារអាហារសាមគ្គីជាមួយគ្នាប្រកបដោយភាពរីករាយ និងស្និទ្ធ​ស្នាល​ជាទីបំផុត៕