(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានថ្លែងលើកឡើងថា កត្តាសុខសន្តិភាពបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យជាបន្តបន្តាប់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបានអំពាវនាវឱ្យរួមគ្នាថែរក្សាសុខសន្តិភាពឱ្យបានគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍តទៅទៀត។
ការថ្លែងរបស់លោកអភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសមិទ្ធនានា និងបញ្ចុះសីមាព្រះវិហារ ក្នុងវត្តប្រិយ៍មង្គលារាម (ហៅវត្តបន្សាយរាក់) ស្ថិតក្នុងភូមិបន្សាយរាក់ សង្កាត់បន្សាយរាក់ ក្រុងសំរោង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។
បើតាមលោក ផុន ចាន់និល អភិបាលក្រុងសំរោង បានថ្លែងលើកឡើងថា វត្តប្រិយ៍មង្គលារាម (ហៅវត្តបន្សាយរាក់) គឺជាវត្តមួយជាទីសក្ការៈបូជា របស់ព្រះសង្ឃគង់ស្នាក់នៅសម្រាប់សិក្សារៀនសូត្រផ្នែកបរិយត្តិធម៌ និងបតិបត្តិ សមាធិព្រះធម៌ វត្តប្រិយមង្គលារាម ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៦ មានទំហំដី ៤ហិកតា ១៧អា ដោយអាជ្ញាធរភូមិសង្កាត់ រួមជាមួយឧបាសក ឧបាសិកា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានកសាងសាលាបុណ្យ០១ខ្នង ធ្វើអំពីឈើប្រក់ស្បូវ ហើយក៏និមន្តព្រះសង្ឃ០១ព្រះអង្គ ព្រះនាម ហួយ ធនវុឌ្ឍ មកពីខេត្តសៀមរាប ធ្វើជា ចៅអធិការវត្ត។
លោកអភិបាលក្រុង បានបញ្ជាក់ទៀតថា មូលហេតុដែលដាក់ឈ្មោះវត្តថា វត្តប្រិយមង្គលរាម ពីព្រោះវត្តនេះម្ចាស់ដីដំបូងឈ្មោះ តាប្រិយ រស់នៅក្នុងភូមិបន្សាយរាក់ ដូច្នេះទើបពុទ្ធបរិស័ទដាក់ឈ្មោះវត្តប្រិយមង្គលារាម (វត្តបន្សាយរាក់) ជាប់រហូតដល់បច្ចុប្បន្ន។
ចំពោះសមិទ្ធិផលដែលសម្ពោធឆ្លងនាពេលនេះរួមមាន៖ សាលាឆាន់១ខ្នង កុដិឈើ៣ខ្នង កុដិថ្ម៥ខ្នង បង្គន់៨ខ្នងមាន១៣បន្ទប់ ស្រះទឺក២កន្លែង រោងបាយ១ខ្នង ដងទង់ជាតិ១គូ គោយន្តកន្ត្រៃយ៍១គ្រឿង និងព្រះវិហារថ្ម១ខ្នង ទំហំ១២ម៉ែត្រគុណ២៤ម៉ែត្រ ដោយចាប់ផ្តើមសាងសង់ចាប់ពីឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដោយចំណាយថវិកាសរុប ២៥.៥០០០ដុល្លារ។
ស្ថិតក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានលើកឡើងថា សមិទ្ធផលដែលសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់នាថ្ងៃនេះ នៅក្នុងវត្តមង្គលារាម ហៅវត្តបន្សាយរាក់ គឺបានបង្ហាញឱ្យឃើញពីកត្តាសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តមរតកដឹកនាំពីសម្តេចតេជោ ហ៊ុន សែន។ លោកថា «បើគ្មានសុខសន្តិភាពទេ ពិតណាស់នឹងគ្មានការអភិវឌ្ឍន៍ឡើយ»។
អភិបាលខេត្តឧត្តរមានជ័យ បានកោតសរសើរអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធ ពិសេសសប្បុសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជួយកសាងវិស័យព្រះពុទ្ធសាសនាដែលជាសាសនា របស់រដ្ឋឱ្យមានការរីកចម្រើន ដែលយើងទាំងអស់គ្នាដែលជាអ្នកកាន់ព្រះពុទ្ធសាសនាតែងគោរពប្រតិបត្តិ លោកថាព្រះពុទ្ធសាសនាក៏បានដើរតួយ៉ាងសំខាន់ផងដែរ ដល់ការអភិឌ្ឍន៍សង្គមជាតិ និងជាមជ្ឈមណ្ឌលក្នុងការអប់រំមនុស្សឱ្យប្រព្រឹត្តតែអំពើល្អ៕