(ក្រចេះ)៖ រដ្ឋបាលសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានចេញសេចក្ដីបំភ្លឺមួយ ដើម្បីធ្វើការបកស្រាយចំពោះការចោទប្រកាន់នៅលើបណ្ដាញសង្គម ពាក់ព័ន្ធករណីចាប់លុបដីចំណីបឹងរំលាច ស្ថិតនៅភូមិស្រែស្មៅ សង្កាត់អូរឫស្សី ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។
ក្នុងសេចក្ដីបំភ្លឺដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលសង្កាត់អូរឫស្សី បានរៀបរាប់ថា៖
*១៖ យោងលើសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ដែលកំពុងអាស្រ័យផលលើដីកសិកម្ម និងការនេសាទត្រីនៅតំបន់នោះ ស្នើសុំមករដ្ឋបាលសង្កាត់អូរឫស្សីតាមរយៈលោកមេភូមិស្រែស្មៅ ឲ្យធ្វើការជួសជុលផ្លូវមួយខ្សែ ដែលជាផ្លូវរទេះចាស់ មានស្រាប់ប្រវែងប្រមាណ ១,៤០០ម៉ែត្រ ដោយសារពួកគាត់ពិបាកក្នុងការធ្វើដំណើរចេញ-ចូល អាស្រ័យផលក្នុងតំបន់នោះ
*២៖ ក្រោយពីទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋ រដ្ឋបាលសង្កាត់បានចុះពិនិត្យ និងវាស់វែងលើផ្លូវរទេះចាស់ដែលមានស្រាប់ និងពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋដែលមានក្បាលដី អាស្រ័យផលនៅទីនោះ ដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលផ្លូវដែលមានស្រាប់ឲ្យបានល្អជាងនេះ បង្កភាពងាយស្រួលក្នុងការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ
*៣៖ ដើម្បីអាចជួសជុលផ្លូវមួយខ្សែនេះបាន រដ្ឋបាលសង្កាត់អូរឫស្សី បានធ្វើការទំនាក់ទំនងរកអ្នក ដែលមានលទ្ធភាព និងសប្បុរសជននានា។ រដ្ឋបាលសង្កាត់អូរឫស្សី ក៏បានធ្វើការទំនាក់ទំនងទៅលោកឧត្តមសេនីយត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ តាមរយៈសំណើស្នើសុំជួយឧបត្ថម្ភគាំទ្រជួសជុលផ្លូវមួយខ្សែប្រវែងប្រមាណ១,៤០០ម៉ែត្រ។
នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានទទួលយក សំណើស្នើសុំរបស់រដ្ឋបាលសង្កាត់ និងយល់ព្រមសហការចូលរួមជួយឧបត្ថម្ភគាំទ្រដំណើរការទាំងមូលក្នុង ការជួសជុលផ្លូវរទេះចាស់ដែលមានស្រាប់។ ដោយរដ្ឋបាលសង្កាត់ជាអ្នកទទួលខុសត្រូវក្នុងការរកទីតាំង អាចម៌ដីមកចាក់។
ចំពោះករណីខាងលើនេះ រដ្ឋបាលសង្កាត់អូរឫស្សី បានធ្វើការផ្អាកការងារជួសជុលផ្លូវដីក្រួសនេះ ជាបណ្តោះអាសន្ន ដើម្បីគោរពស្នើសុំស្ថាប័នជំនាញពាក់ព័ន្ធ និងថ្នាក់ដឹកនាំ ចុះពិនិត្យជាក់ស្តែង៕