(កំពង់ធំ)៖ ថ្លែងនៅក្នុងពិធីកាត់ខ្សែបូរបញ្ចុះខណ្ឌសីមាព្រះវិហារវត្តធម្មគន្ធារាម (ហៅវត្តពៅពិសី) ស្ថិតនៅសង្កាត់អូរកន្ឋរ ក្រុងស្ទឹងសែន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ជាទីកន្លែងផ្តល់ចំណេះដឹង និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង។
លោកបានបញ្ជាក់ថា វត្តអារាមដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមខ្មែរ វត្តអារាមគឺជាទីពឹងពំនាក់ ជាបង្អែកផ្លូវចិត្ត និងជាកន្លែងសម្រាប់ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង ហើយវត្តអារាមក៏ជាឃ្លាំង ចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ អក្សរសាស្ត្រជាតិនៅគ្រប់សម័យកាល។ តែគួរឱ្យសោកស្តាយបំផុត កាលពីរបបប្រល័យពូជសាសន៍ ប៉ុល ពត វត្តអារាមត្រូវបានគេបំភ្លេចចោល ព្រះសង្ឃដែលជាអ្នកមានចំណេះដឹង ត្រូវបានពួកយង់ឃ្នងចាប់ផ្សឹក សៀវភៅធម៌អាថ៌ក្បួនច្បាប់ផ្សេងៗ ពាក់ព័ន្ធព្រះពុទ្ធសាសនាត្រូវបានបំផ្លាញខ្ទេចខ្ទី។ តែមកដល់បច្ចុប្បន្ននេះ ដោយសារប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ វត្តអារាមបានរីកដុះដាលគ្រប់កន្លែង។
លោកបន្តថា៖ «យើងទាំងអស់គ្នាមានឱកាសរៀបចំពិធីដ៏អធិកអធមនៅពេលនេះ ក៏ដោយសារកម្ពុជារក្សាបាននូវស្ថេរភាពនយោបាយ ជាពិសេសគឺសន្តិភាពដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ពាក្យថា (អរគុណ សន្តិភាព) បានលាន់រន្ទឺពាសពេញផ្ទៃប្រទេស នេះគឺដោយសារប្រជាពលរដ្ឋកម្ពុជា យល់អំពីតម្លៃនៃសន្តិភាពដែលរកបានដោយលំបាកបំផុតនេះ ហេតុនេះបន្តប្តេជ្ញាចិត្តរក្សាសន្តិភាពឱ្យបានទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ»។
លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ព្រះចៅអធិការវត្ត គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងអាជ្ញាធរមូលដ្ឋាន សូមចូលរួមថែរក្សាសមិទ្ធផលនានា ដែលបានកសាងរួចនៅក្នុងបរិវេណវត្ត និងរៀបចំបរិស្ថានឱ្យបានស្អាត ដើម្បីឱ្យពុទ្ធបរិស័ទមកគោរពបូជារៀងរាល់ថ្ងៃសីល និងកម្មវិធីបុណ្យទានផ្សេងៗ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។
សូមបញ្ជាក់ថា ព្រះវិហារថ្មីដែលបានសាងសង់រួចជាស្ថាពរនេះបណ្ដោយប្រវែង ២៤ម៉ែត្រ ទទឹងប្រវែង១២ម៉ែត្រ និងកម្ពស់១៥ម៉ែត្រ កសាងនៅឆ្នាំ២០១៩៕