(ប៉ៃលិន)៖ ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំ, លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានក្រើនរម្លឹកមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុក ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្ខពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាពក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ។

ការក្រើនរម្លឹកបែបនេះ របស់លោកស្រីបណ្ឌិត បានធ្វើឡើងនៅក្នុងឱកាសដែលលោកស្រីរួមជាមួយលោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត បានបើកកិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៤ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ ប្រចាំ ខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារបន្តខែបន្ទាប់របស់រដ្ឋបាលខេត្តប៉ៃលិន ៣-បញ្ហាផ្សេងៗ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ។

នាឱកាសនោះដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានណែនាំដល់អភិបាលក្រុង/ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេសត្រូវធ្វើការតុបតែងលម្អភ្លើងពណ៌ នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈឱ្យមានសោភ័ណភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាឱ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តដូចជា៖ ភ្នំយ៉ាត ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងប៉ៃលិន បរិវេណវិមានឯករាជ្យ និងផ្សារព្រំ។

លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានកោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណនានាបានល្អប្រសើ និងបាន កសាង សមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាងដែលជាការរួមចំណែកឱ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើនស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ជា ចាន់ឌិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកស្រីបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅតាមមូលដ្ឋានប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្តឱ្យមានការរីកចំរើនជាបន្តបន្ទាប់ គួរជាទីមោទនជាក់ស្តែងការរៀបចំសោភ័ណភាពខេត្តយ៉ាងស្រស់ស្អាតគួរឱ្យទាក់ទាញដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន។

នៅក្នុងឱកាសនោះផងដែរ ប្រធានក្រុមប្រឹក្សា ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀតក្នុងន័យបម្រើដល់ផលប្រយោជន៍ និង សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧៕