(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឲ្យប្រជាពលរដ្ឋសហគមន៍ប៊ូឌីញ «ស» ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ទាំងអស់ត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងអត់ធ្មត់រង់ចាំរស់នៅក្នុងអគារប៊ូឌីញសថ្មី ដែលនឹងលេចរូបរាងឡើង នៅរយៈពេលប្រមាណ ៤ឆ្នាំខាងមុខនេះ។ លោករដ្ឋមន្រ្តីជឿជាក់ថា អគារថ្មីនោះនឹងពិតជាផ្លាស់ប្តូរជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋជាក់ជាមិនខាន។
ការស្នើបែបនេះ របស់លោកទេសរដ្ឋមន្ដ្រី បានធ្វើឡើងខណៈដែល លោកនិងតំណាងអាជ្ញាធររាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាល ជាមួយតំណាងប្រជាពលរដ្ឋ សហគមន៍ប៊ូឌីញ «ស» នាទីស្តីការក្រសួងរៀបចំដែនដី នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ ។ ប៊ូឌីញឈ្មោះ «ប៊ូឌីញស»នេះ មានទីតាំងក្បែរក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការរកិច្ច។
នៅក្នុងជំនួបនេះ លោកទេសរដ្ឋមន្ត្រី បានជម្រាបតំណាងប្រជាពលរដ្ឋ នៃសហគមន៍ប៊ូឌីញស អំពីចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពីការអភិវឌ្ឍន៍នៅនឹងកន្លែង នៃអគារប៊ូឌីញស ដែលសព្វថ្ងៃមានសភាពចាស់ទ្រុឌទ្រោម មិនមានការថែទាំ និងបានប៉ះពាល់យ៉ាងខ្លាំងដល់សុវត្ថិភាព និងសុខុមាលភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងនៅក្បែរនោះ ។
ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានបន្តថា ប្រជាពលរដ្ឋបានខិតខំតស៊ូរស់នៅក្នុង អគារដែលមានចំណាស់ភាពនេះ តាំងពីក្រោយសម័យរំដោះថ្ងៃ០៧ មករា ១៩៧៩ ដើម្បីការងើបឡើងនៃវប្បធម៌ជាតិ ក៏បានពង្រីកក្រុមគ្រួសារយ៉ាងធំក្នុងអគារមួយនេះ ដែលចាំបាច់ត្រូវបានយកចិត្តទុកដាក់រៀបចំឡើងវិញ ជាមួយនឹងការផ្តល់នូវសេចក្តីថ្លៃថ្នូរ និងកិត្តិយស ពិសេសគឺការរស់នៅប្រកបដោយសុវត្ថិភាព និងសុខុមាលភាព ដូចនេះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមសហការជាមួយក្រុមហ៊ុនជប៉ុន Arakawa កំពុងសិក្សាអនុវត្តគម្រោងអភិវឌ្ឍអគារប៊ូឌីញសនេះ ដើម្បីស្នើសុំគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប, ប្រជាពលរដ្ឋសហគមន៍ប៊ូឌីញស បានបង្ហាញនូវសេចក្តីរំភើបរីករាយ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួយគិតគូរយកចិត្តទុកដាក់ ជាមួយការសាងសង់ អគារប៊ូឌីញសនេះឡើងវិញ ជូនប្រជាពលរដ្ឋ និងបានបង្ហាញនូវជំនឿទុកចិត្តចំពោះ លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ដែលតែងតែមានឆន្ទៈខ្ពស់បំពេញបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ ហើយជឿជាក់យ៉ាងមុតម៉ាំថា គម្រោងនេះនឹងគិតគូរផ្តល់ផលប្រយោជន៍ពិតប្រាកដ ដល់ប្រជាពលរដ្ឋ នៃសហគមន៍ប៊ូឌីញស។
សូមបញ្ជាក់ថា គម្រោងនេះ គឺស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនជប៉ុន Arakawa ដែលគ្រោងចំណាយថវិកាប្រមាណ ៧០-៨០លានដុល្លារ រួមមាន ការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់ ២១ជាន់ ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត៣ជាន់ កន្លែងលក់ដូរ១ជាន់ និងកន្លែងស្នាក់នៅ ៥ជាន់ ដែលបន្ទប់ស្នាក់នៅនីមួយៗ មានទំហំធំជាងមុន១០% ហើយចាប់ពីជាន់ទី ៩ឡើងទៅនឹងផ្តល់ ជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕