(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថាទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥នេះ បានបង្ហាញពីការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមថា ទិវាអន្តរជាតិ ៨មីនានេះ បានផ្តោតសំខាន់ក្នុងការធ្វើការរួមគ្នា ប្រកបដោយសហថាមពលទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រមជីវភាពនៃ ប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងយុទ្ធនាការនានារបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធទៅនឹងការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រី។
ការថ្លែងបែបនេះរបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី ១១៤ ក្រោមប្រធានបទ «សិទ្ធ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅវិទ្យាល័យហ៊ុនសែនស្វាយរំពារ ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង នាព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ដែលបានចូលរួមនាថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះ នារីនៅគ្រប់លំដាប់ថ្នាក់ក្នុងស្រុកស្វាយទាប ដែលបានតស៊ូគ្រប់បែបយ៉ាង ដោយមិនខ្លាចការនឿយហត់នោះទេ ដើម្បីធ្វើឱ្យការងាររបស់ខេត្តសម្រេចបាននូសមិទ្ធផលថ្មីៗទៀត។ តាមរយៈជោគជ័យទាំងអស់នេះ គឺកើតចេញពីការគាំទ្រពីថ្នាក់ដឹកនាំជាស្វាមី និងការផ្តល់ឱកាសក្នុងការបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន៕